ព័ត៌មានជាតិ
ប្រធានាធិបតីសិង្ហបុរី ជឿជាក់ថា ធនធានមនុស្សវ័យក្មេង ជាកម្លាំងចលករជំរុញការអភិវឌ្ឍកម្ពុជាលើគ្រប់វិស័យ
ប្រធានាធិបតីសិង្ហបុរី បង្ហាញសុទិដ្ឋិនិយមថា សក្ដានុពលនៃធនធានមនុស្សវ័យក្មេងរបស់កម្ពុជា ជាកម្លាំងចលករនៃការជំរុញការអភិវឌ្ឍរបស់កម្ពុជាលើគ្រប់វិស័យ។ ការលើកឡើងរបស់ប្រធានាធិបតីសិង្ហបុរីបែបនេះ ក្នុងជំនួបជាមួយសម្ដេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា នាល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤។

ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅសិង្ហបុរី ពីថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Tharman Shanmugaratnam ប្រធានាធិបតីសិង្ហបុរី។
ក្នុងជំនួបនេះ លោកប្រធានាធិបតីសិង្ហបុរី បានស្វាគមន៍ចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតីលើកដំបូង ក្នុងនាមជានាយករដ្ឋមន្រ្តី មកកាន់សិង្ហបុរី បន្ទាប់ពីសម្ដេចធិបតីបានចូលរួមក្នុងកម្មវិធីពិសេសសម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់កាលពីឆ្នាំ២០១៨។ ជាមួយគ្នានេះ លោកប្រធានាធិបតី បានវាយតម្លៃខ្ពស់លើទំនាក់ទំនងដ៏ល្អរវាងសិង្ហបុរី-កម្ពុជា លើគ្រប់វិស័យ ដែលរួមមាន៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការពារជាតិ បណ្ដុះបណ្ដាល និងការអភិវឌ្ឍធនធានមនុស្ស។

លោកប្រធានាធិបតី សង្ឃឹមថា ប្រទេសទាំងពីរនឹងធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ ហើយឈានទៅរកកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរសម្រាប់ប្រជាជាតិទាំងពីរ។ លោកប្រធានាធិបតី បានបង្ហាញនូវសុទិដ្ឋិនិយមថា សក្ដានុពលនៃធនធានមនុស្សវ័យក្មេង និងវឌ្ឍនភាពរីកចម្រើននៃការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនៅកម្ពុជា នឹងជាកម្លាំងចលករនៃការទាក់ទាញការវិនិយោគ និងការជំរុញការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសលើវិស័យថាមពល ឧស្សាហកម្ម កម្មន្តសាល និងវិស័យសក្ដានុពលផ្សេងៗទៀត។
ជាការឆ្លើយតប សម្ដេចធិបតី បានគូសបញ្ជាក់ថា ប្រទេសទាំងពីរនឹងមានកិច្ចសហប្រតិបត្តិការកាន់តែច្រើន ជាពិសេស នៅក្នុងឆ្នាំ២០២៥ ប្រទេសទាំងពីរនឹងរៀបចំខួបលើកទី៦០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-សិង្ហបុរី ហើយប្រទេសទាំងពីរនឹងស្វែងរកនូវកិច្ចសហប្រតិបត្តិការស្តីពីការអភិវឌ្ឍលើគ្រប់ទំនាក់ទំនង ដូចជា ទំនាក់ទំនងធុរកិច្ច វិស័យឯកជន និង ឯកជន រដ្ឋាភិបាល និងរដ្ឋាភិបាល និងទំនាក់ទំនងក្នុងទិដ្ឋភាពផ្សេងទៀត។

សម្តេចធិបតី និងលោកប្រធានាធិបតី ក៏បានពិភាក្សាអំពីយន្តការ និងក្របខណ្ឌគោលនយោបាយនានាសម្រាប់កិច្ចការ ពារដល់បរិស្ថាន ជាពិសេសការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ដើម្បីធានាបានភាពធន់របស់សេដ្ឋកិច្ចនៃប្រទេសទាំងពីរ ដោយផ្តោតលើការពង្រីកការប្រើប្រាស់ថាមពលកកើតឡើងវិញ ដែលអាចឈានដល់ការសម្រេចបានបណ្តាញអគ្គិសនីអាស៊ាន (ASEAN Power Grid)។ ក្នុងយន្តការនៃកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ និងពាណិជ្ជកម្ម សម្តេចធិបតី បានគូសបញ្ជាក់ថា ប្រទេសទាំងពីរនឹងខិតខំពង្រឹកបន្ថែមទំហំវិនិយោគ និងពាណិជ្ជកម្ម ក៏ដូចជាការជំរុញវិស័យទេសចរណ៍ឱ្យកាន់តែមានភាពល្អប្រសើរ។
ក្រៅពីនេះ ប្រទេសទាំងពីរនឹងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យហិរញ្ញវត្ថុ និងធនាគារ និងបច្ចេកវិទ្យា។ សម្តេចធិបតី និងលោកប្រធានាធិបតី ក៏បានឯកភាពគ្នាលើកទឹកចិត្តដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរដ្ឋាភិបាលទាំងពីរក្នុងការបន្តកិច្ចពិភាក្សាគ្នា ដើម្បីកំណត់ជាក់លាក់លើកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ពាណិជ្ជកម្ម វិនិយោគ និងវិស័យផ្សេងៗផងដែរ។
ថ្នាក់ដឹកនាំ មានសុទិដ្ឋិនិយមថា នឹងបន្តមានការអភិវឌ្ឍកាន់តែល្អប្រសើរថែមទៀត ហើយទំនាក់ទំនងនេះនឹងជាកត្តាកំណត់សម្រាប់កិច្ចសហប្រតិបត្តិការ និងការទទួលបាននូវវិបុលភាពនៅពេលអនាគតរវាងប្រទេសទាំងពីរ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ