Connect with us

ព័ត៌មានជាតិ

មេទ័ពជើងគោកកម្ពុជា ទៅទស្សនកិច្ចនៅជប៉ុន ៤ថ្ងៃ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ

បានផុស

នៅ

លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នឹងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសជប៉ុន រយៈពេល ៤ថ្ងៃ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ កម្ពុជា និងជប៉ុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីប្រកាសព័ត៌មានរបស់បញ្ជាការដ្ឋានកងទ័ពជើងគោក បានឱ្យដឹងថា ដំណើរទស្សនកិច្ចនេះ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃ ទី១១ ខែកក្កដា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់លោកនាយឧត្តមសេនីយ៍ យ៉ាស៊ូណូរិ ម៉ូរីស៊ីតា (Yasunori Morishita) មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន។

ជាការកត់សម្គាល់ មុនដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន នាពេលនេះ លោកនាយឧត្តមសេនីយ៍​ ម៉ៅ សុផាន់ ក៏ទើបតែបានដឹកនាំគណៈប្រតិភូកងទ័ពជើងគោក ធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ី កាលពីខែមិថុនា ទស្សនកិច្ចនៅកូរ៉េខាងត្បូង កាលពីខែមេសា និងដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម ជាដើម។

ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ នឹងជួបសម្តែងការគួរសមជាមួយលោក មិណូរុ គហារ៉ា (Minoru Kihara) រដ្ឋមន្ត្រីការពារជាតិប្រទេសជប៉ុន និងលោកនាយឧត្តមសេនីយ៍ យូស៊ីជា យូស៊ីហ៊ីដិ (Yoshida Yoshihide) អគ្គសេនាធិការចម្រុះកងកម្លាំងស្វ័យការពារជប៉ុន ហើយជួបពិភាក្សាទ្វេភាគីជាមួយសមភាគីនាយឧត្តមសេនីយ៍ យ៉ាស៊ីណូរី ម៉ូរីស៊ីតា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ សំដៅរួមចំណែកពូនជ្រំ និងជំរុញទំនាក់ទំនង “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កម្ពុជា-ជប៉ុន”។

គួររំលឹកដែរថា កងទ័ពជើងគោកកម្ពុជា-ជប៉ុន ទើបតែបានសម្រេចសមិទ្ធផលប្រវត្តិសាស្ត្ររួមគ្នាមួយ គឺឯកសារលក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងកងស្វ័យការពារជើងគោកជប៉ុន ដែលត្រូវបានចុះហត្ថលេខានៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០២៣៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម