ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ៖ ការចែកកូនឈើជូនសាធារណជនដោយឥតគិតថ្លៃ ជាការជំរុញសម្រេចឲ្យបានគម្របព្រៃឈើ ៦០ ភាគរយ នៃផ្ទៃប្រទេស ត្រឹមឆ្នាំ ២០៥០
ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លើកឡើងថា «ការតាំងពិព័រណ៍ និងចែកកូនឈើ ជូនដល់សាធារណជនដោយឥតគិតថ្លៃ ដើម្បីយកទៅដាំនៅតាមទីតាំងផ្ទាល់ខ្លួន នាពេលនេះ គឺជាផ្នែក នៃការបើកទំព័រថ្មីមួយរបស់ក្រសួងបរិស្ថាន ក្នុងការជំរុញសម្រេចឲ្យបាននូវគម្របព្រៃឈើចំនួន ៦០ ភាគរយ នៃផ្ទៃប្រទេស នៅត្រឹមឆ្នាំ ២០៥០»។

ការលើកឡើងនេះ ក្នុងឱកាស ឯកឧត្ដម ហ៊ុន ម៉ានី បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ«ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី ៤ នៅទីស្ដីការក្រសួងបរិស្ថាន កាលពីរសៀលថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៤ ម្សិលមិញ។
នាឱកាសនោះដែរ ឯកឧត្ដម ហ៊ុន ម៉ានី បានលើកឡើងបន្តថា សាធារណជន អាចអញ្ជើញទៅទស្សនា និងទទួលយកកូនឈើដោយឥតគិតថ្លៃនៅទីស្ដីការក្រសួងបរិស្ថាន។

ឯកឧត្ដម ហ៊ុន ម៉ានី លើកឡើងបន្តទៀតថា មិនថាមន្ត្រីរាជការ មិនថាកុមារា កុមារី ឬក៏សាធារណជនទូទៅ សុទ្ធតែផ្សារភ្ជាប់ទៅនឹងបរិស្ថាន ហើយមានតួនាទីគ្រប់ៗគ្នា ក្នុងការចូលរួមថែរក្សាបរិស្ថាន។ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៤ សាធារណជនទាំងអស់ អាចអញ្ជើញទៅទស្សនាពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី ៤ នៅមុខទីស្ដីការក្រសួងបរិស្ថាន ដើម្បីចូលរួមក្នុងការថែរក្សាបរិស្ថាន និងចូលរួមបង្កើតទម្លាប់ល្អ ដើម្បីជួយដល់បរិស្ថានរបស់យើង។
ឯកឧត្ដម ហ៊ុន ម៉ានី លើកឡើងបន្ថែមថា ព្រឹត្តិការណ៍នេះ គឺជាការឆ្លុះបញ្ចាំងនូវសកម្មភាពជាយុទ្ធសាស្ត្រ ស្របតាម «មុំ នៃភាពបៃតងក្នុងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ឆ្នាំ ២០២៣-២០២៨» ដែលជាយុទ្ធសាស្ត្ររៀបចំឡើងដោយអនុលោមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សំដៅតម្រង់ទិស និងចង្អុលបង្ហាញអាទិភាពការងារ ក្នុងការលើកកម្ពស់កិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ និងការអភិវឌ្ឍដោយចីរភាព ដើម្បីឆ្ពោះទៅសម្រេចការអភិវឌ្ឍប្រកបដោយអព្យាក្រឹតកាបូននៅត្រឹមឆ្នាំ ២០៥០។

ជាមួយនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងបន្ថែមទៀតថា លើសពីនេះ ការរៀបចំពិព័រណ៍ផ្សព្វផ្សាយ ចែកកូនឈើ និងវេទិកាកេសរកូលជាតិលើកទី ៤ នាពេលនេះ ក៏ជាការបង្ហាញអំពីសុឆន្ទៈ និងការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល អាណត្តិទី ៧ និងគោលនយោបាយរបស់ក្រសួងបរិស្ថាន ក៏ដូចជាការចូលរួមរបស់ដៃគូពាក់ព័ន្ធទាំងអស់ ក្នុងការអនុវត្តអនុសញ្ញាសហប្រជាជាតិស្ដីពីជីវចម្រុះ និងអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុក្នុងនាមកម្ពុជា ជារដ្ឋភាគីមួយផងដែរ។
គួរជម្រាបថា ពិធីបើកពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី ៤ ក៏មានការអញ្ជើញចូលរួមពី លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សុខ សុកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមជាមួយថ្នាក់ដឹកនាំមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត សមាជិកក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន អង្គការជាដៃគូ បណ្ដាញកេសរកូលនៅកម្ពុជា ថ្នាក់ដឹកនាំក្រសួងបរិស្ថាន និងមន្ទីរបរិស្ថានទាំង ២៥ រាជធានី-ខេត្ត ព្រមទាំងសាស្ត្រាចារ្យ អ្នកសិក្សាស្រាវជ្រាវ សិស្ស និស្សិត និងប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករផងដែរ៕





-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


