ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី៖ កិច្ចសហការកម្ពុជា-ចិន កើតចេញពីទំនាក់ទំនងពោរពេញដោយទំនុកចិត្តទៅវិញទៅមក
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានលើកឡើងថា កិច្ចសហប្រតិបត្តិការ កម្ពុជា-ចិន កើតចេញពីទំនាក់ទំនងពោរពេញដោយទំនុកចិត្តទៅវិញទៅមក។

ឯកឧត្តម បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរការបញ្ចប់ «គម្រោងលុបបំបាត់ភាពពិការភ្នែក ដោយជំងឺភ្នែកឡើងបាយ នៅខេត្តព្រៃវែង» និងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងមូលនិធិ GX និងក្រសួងសុខាភិបាលកម្ពុជា លើ«គម្រោងប្រយុទ្ធនឹងជំងឺគ្រុនឈាម នៅខេត្តកំពង់ស្ពឺ» នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤។
ថ្លែងក្នុងកម្មវិធី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងការយកចិត្តទុកដាក់ខ្ពស់របស់ស្ថាប័នទាំងពីរ លើការថែទាំ ពិនិត្យ ផ្តល់សេវាសុខភាពភ្នែក ការព្យាបាល និងការវះកាត់ជំងឺភ្នែកឡើងបាយ ជូនប្រជាពលរដ្ឋនៅខេត្តព្រៃវែង តាមរយៈការអនុវត្តគម្រោងចាប់តាំងពីខែធ្នូ ឆ្នាំ២០២២។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសមូលនិធិ GX និងក្រុមគ្រូពេទ្យភ្នែកចិន ដែលបានចូលរួមយ៉ាងសកម្ម និងផ្តល់ការគាំទ្រ ដោយរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញ និងលើកកម្ពស់វិស័យសុខាភិបាល និងសុខភាពរបស់ប្រជាជនកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា គម្រោងទាំងអស់នេះ គឺជាសក្ខីភាពបង្ហាញពីមិត្តភាពជាប្រពៃណី ទំនាក់ទំនងជាប្រវត្តិសាស្ត្រ និងយូរអង្វែងរវាង កម្ពុជា-ចិន ដែលវិវត្តពីដៃគូយុទ្ធសាស្ត្រទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងត្រូវបានប្រសិទ្ធិនាមថា «មិត្តភាពដែកថែប» ព្រមទាំងការដាក់ចេញនូវក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីកសាងសហគមន៍ ជោគវាសនារួមប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់។ ឯកឧត្តមបន្តថា ទំនាក់ទំនង និងកិច្ចសហប្រត្តិការទ្វេភាគីដ៏រឹងមាំនេះ ប្រាកដណាស់ កើតចេញពីទំនាក់ទំនងពោរពេញដោយទំនុកចិត្ត ការគោរពឱ្យតម្លៃ និងការបន្តគាំទ្រគ្នាទៅវិញទៅមក។
ទន្ទឹមនឹងការសម្រេចបានសមិទ្ធផលនៅខេត្តកំពង់ចាម និងខេត្តព្រៃវែង ឯកឧត្តម បានគូសបញ្ជាក់ថា «យើងបានត្រៀមខ្លួនយ៉ាងហ្មត់ចត់ សម្រាប់ការអនុវត្តកិច្ចសហប្រតិបត្តិការថ្មី រវាងក្រសួងសុខាភិបាល និងមូលនិធិ GX លើការប្រយុទ្ធនឹងជំងឺគ្រុនឈាម ក្នុងខេត្តកំពង់ស្ពឺ ដែលនឹងត្រូវចុះហត្ថលេខា នាពេលនេះ»។ លើសពីនេះ ក្នុងនាមឯកឧត្តម ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការថ្មី លើការប្រយុទ្ធនឹងជំងឺគ្រុនឈាម ក្នុងខេត្តកំពង់ស្ពឺ ដែលនឹងជួយដល់ជីវិតប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងជឿជាក់យ៉ាងមុតមាំថា គម្រោងកិច្ចសហប្រតិបត្តិការនេះ នឹងរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់សុខភាពសាធារណៈ ក្នុងខេត្តកំពង់ស្ពឺទាំងមូល ដែលនឹងជួយឱ្យប្រជាពលរដ្ឋកំពង់ស្ពឺ មានសុខភាពកាន់តែល្អប្រសើរ។

សូមជម្រាបថា ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាង លោកស្រីសាស្ត្រាចារ្យ Emily Chan Ying Yang នាយិកាប្រតិបត្តិនៃមូលនិធិ និងលោកវេជ្ជបណ្ឌិត ម៉ី សំបូរ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល ក្រោមសក្ខីភាពរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី លោកប្រធានមូលនិធិ GX រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា៕


-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


