ព័ត៌មានជាតិ
រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី៖ កម្ពុជាគឺជាគម្រូនៃបទពិសោធន៍រវាងសន្តិភាព និងការអភិវឌ្ឍ
លោកស្រី Retno Marsudi រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥណ្ឌូណេស៊ីបានថ្លែងកោតសរសើរការអភិវឌ្ឍនិងភាពរីកចម្រើនរបស់កម្ពុជា ដោយសារតែកម្ពុជាមានសុខសន្តិភាព និង បានចាត់ទុកកម្ពុជា គឺជាគម្រូនៃបទពិសោធន៍រវាងសន្តិភាព និងការអភិវឌ្ឍ។ លោកស្រីរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លើកឡើងដូច្នេះ ក្នុងឱកាសសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤។

លោកស្រីរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការបង្កើតសង្គ្រាមគឺងាយស្រួល ប៉ុន្តែ នៅពេលសង្គ្រាមផ្ទុះហើយ គឺមិនដឹងថា នឹងបញ្ចប់នៅពេលណាឡើយ ដូចមានឧទាហរណ៍នៅប្រទេសមួយចំនួន។ លោកស្រីរដ្ឋមន្ត្រីក៏បានគោរពរាយការណ៍ជូនសម្តេចធិបតីអំពីលទ្ធផលជាផ្លែផ្កានៃកិច្ចប្រជុំលើកទី៥របស់គណៈកម្មការចម្រុះកម្ពុជា-ឥណ្ឌូណេស៊ីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី(The 5th JCBC) ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០២៤។
សម្ដេចធិបតីបានគូសបញ្ជាក់ពីសារៈសំខាន់នៃសន្តិភាព ដែលជាមូលដ្ឋានចាំបាច់សម្រាប់ការអភិវឌ្ឍ និងសង្កត់ធ្ងន់ថា ការសម្រេចបានសន្តិភាពមិនងាយស្រួលឡើយ ។ ហេតុនេះហើយ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងការថែរក្សាសុខសន្តិភាព ពោលគឺមិនត្រូវឱ្យបាត់បង់ដូចអតីតកាល។

សម្តេចធិបតី បានអរគុណឥណ្ឌូណេស៊ី ដែលបានរួមចំណែកក្នុងដំណើរការស្វែងរកសន្ដិភាពនៅកម្ពុជា នៅចុងទស្សវត្ស ឆ្នាំ១៩៨០ និងដើមទសវត្សឆ្នាំ១៩៩០ និងបានវាយតម្លៃខ្ពស់ចំពោះជោគជ័យ និងលទ្ធផលប្រកបដោយផ្លែផ្កា នៃកិច្ចប្រជុំJCBC លើកទី៥។
ដោយឆ្នាំនេះគឺជាខួបលើក៦៥ នៃទំនាក់ទំនងការទូតកម្ពុជា-ឥណ្ឌូនេស៊ី សម្ដេចធិបតី និងលោកស្រីរដ្ឋមន្ត្រីការបរទេស បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងបានពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗមួយចំនួន ដូចជា វិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម កសិកម្ម ទេសចរណ៍ ការតភ្ជាប់ប្រជាជននិងប្រជាជន ព្រមទាំង ការពារជាតិនិងសន្ដិសុខ៕



-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


