ព័ត៌មានជាតិ
លោក កែប ជុតិមា ចាត់ទុកគំនិតចង់ឱ្យកម្ពុជាដកខ្លួនពីកិច្ចសហប្រតិបត្តិការ CLV ថា ជាការព្រួយបារម្ភជ្រុល
អតីតអភិបាលខេត្តរតនគិរី និងបច្ចុប្បន្នជាតំណាងរាស្ត្រមណ្ឌលភ្នំពេញ លោក កែប ជុតិមា បានចាត់ទុកគំនិតដែលចង់ឱ្យកម្ពុជាដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ឬហៅថា CLV-DTA ថា ជាការព្រួយបារម្ភជ្រុលតែមួយជ្រុង ហើយមិនសម្លឹងមើលពីផលប្រយោជន៍ដែលទទួលបានពីកិច្ចសហប្រតិបត្តិការនេះ។

ថ្លែងក្នុងកិច្ចសម្ភាសន៍ពិសេស ដែលផ្សព្វផ្សាយដោយរដ្ឋសភា លោក កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា និងជាអតីតអភិបាលខេត្តរតនគីរី បានបញ្ជាក់ច្បាស់ៗទាក់ទងនឹងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA ខណៈនាពេលថ្មីៗនេះ ក្រុមជ្រុលនិយមមួយចំនួន បានបំភ្លៃសភាពការណ៍ ក៏ដូចជាការធ្វើឱ្យភាន់ច្រឡំលើគម្រោងកិច្ចសហប្រតិបត្តិការ CLV រហូតមានមតិខ្លះ ចង់ឱ្យរដ្ឋាភិបាលដកខ្លួនពីគម្រោងនេះទៀតផង។
គំនិត ឬមតិ ដែលលើកឡើងចង់ឱ្យកម្ពុជាដកខ្លួនពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម ត្រូវបានលោក កែប ជុតិមា យល់ឃើញថា ជាមតិមួយរបស់មហាជន ដែលជាការគិតគូរមួយរបស់ពួកគាត់ ប៉ុន្តែសម្រាប់លោក គិតថា ដើម្បីវាយតម្លៃថា កម្ពុជា ដក ឬ មិនដក គប្បីពិនិត្យលទ្ធផលជាក់ស្ដែង ដែលជាផលប្រយោជន៍ដែលប្រជាពលរដ្ឋនៅតំបន់នៃខេត្តទាំង៤នេះ មានខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ទទួលបាន។

លោក កែប ជុតិមា អតីតអភិបាលខេត្តរតនគិរី ដែលកាន់តំណែងនៅក្នុងចន្លោះឆ្នាំ១៩៩៥ ដល់១៩៩៩ បានរៀបរាប់ថា កិច្ចសហប្រតិបត្តិការ CLV-DTA ត្រូវបានបង្កើតឡើងតាំងពី១៩៩៩ ក្រោមគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលគិតមកដល់ពេលនេះ មានអាយុកាល២៥ឆ្នាំ ហើយផលប្រយោជន៍ដែលទទួលបានពីកិច្ចសហប្រតិបត្តិការនេះដំបូងគេ គឺការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅតំបន់នោះ។ លោក កែប ជុតិមា បានបង្ហាញការកត់សម្គាល់ថា មុន និងក្រោយមានកិច្ចព្រមព្រៀង ជីវភាពពលរដ្ឋមានផ្លាស់ប្ដូរច្រើន ទោះមិនរុងរឿង តែសមរម្យ ជាអាទិ៍ មានផ្ទះសម្បែង មធ្យោបាយធ្វើដំណើរជាម៉ូតូ ឡាន និងមានលទ្ធភាពប្រកបមុខរបរដោយសេរីភាព ពិសេសសុខសន្តិភាពពេញលេញ មិនមានការភ័យខ្លាចអ្វីឡើយ។

តាមការគូសបញ្ជាក់បន្ថែមរបស់លោក កែប ជុតិមា តាមរយៈគម្រោងនេះ បានខេត្តភូមិភាគឦសានកម្ពុជាប្រែមុខមាត់ថ្មី មានការរីកចម្រើនគួរឱ្យកត់សម្គាល់យ៉ាងឆាប់រហ័ស ទាំងហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគពីក្រុមហ៊ុនឯកជន។ លោកអតីតអភិបាលខេត្តរូបនេះ ថា ២៥ឆ្នាំមកនេះ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធស្អេកស្កះ ផ្លូវខ្វាត់ខ្វែង រហូតមានផ្លូវក្រវាត់ព្រំដែន ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្តច្រើនទៀត ដែលងាយស្រួលក្នុងការធ្វើដំណើរ ក៏ដូចជាការតភ្ជាប់ទៅខេត្តផ្សេងៗ។ មិនត្រឹមតែប៉ុននេះ នៅពេលមានហេដ្ឋារចនាសម្ព័ន្ធ ហើយមានកិច្ចព្រមព្រៀងបែបនេះ ការតភ្ជាប់កម្ពុជា ទៅក្នុងសមាហរណកម្មជាមួយប្រទេសជាតិខាង គឺឡាវ និងវៀតណាម បន្ទាប់គឺសហគមន៍អាស៊ាន ដែលក្នុងគោលការណ៍អាស៊ាន ប្រទេសជាសមាជិកទាំងអស់ត្រូវតែធ្វើសមាហរណកម្មជាមួយគ្នា។
ក្នុងន័យនេះ លោក កែប ជុតិមា ចង់បញ្ជាក់ថា កិច្ចសហប្រតិបត្តិការ CLV បានភ្ជាប់កម្ពុជាទៅក្នុងអាស៊ាន ហើយមិនត្រឹមតែតំបន់ទេ ក៏នឹងភ្ជាប់កម្ពុជាទៅពិភពលោក និងអន្តរជាតិ ដែលនេះជាចំណុចសំខាន់ណាស់។ លោក សង្កត់ធ្ងន់ថា កម្ពុជាមិនអាចនៅឯកោតែឯងបានទេ ខណៈពិភពលោកកំពុងធ្វើអន្តរជាតិភាវូបនីយកម្ម។ ដូច្នេះ កម្ពុជា មានឱកាសពេញលេញក្នុងការតភ្ជាប់ ដែលផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

ពាក់ព័ន្ធនឹងការវិនិយោគ គឺបានប្រែក្លាយតំបន់ដាច់ស្រយាល ដែលប្រជាជនភាគច្រើនជាជនជាតិភាគតិច ទៅជាតំបន់មានការអភិវឌ្ឍយ៉ាងសម្បើម ដែលមានការវិនិយោគលើដំណាំកសិ-ឧស្សាហកម្មប្រភេទធំ រាប់ម៉ឺនហិកតា ជាអាទិ៍ ចេក កៅស៊ូ ស្វាយ ស្វាយចន្ទី និងដំំណាំផ្សេងៗជាច្រើនទៀត ដែលបាននាំចេញទៅទីផ្សារខាងក្រៅ ខណៈនៅខេត្តមណ្ឌលគិរី ក៏មានរ៉ែមាស។ នេះជាការលើកឡើងរបស់លោក កែប ជុតិមា ដដែល។
លោក ថា បើគ្មានគម្រោងនេះ ប្រហែលជាគ្មានទេក្រុមហ៊ុនមកវិនិយោគនៅតំបន់ដាច់ស្រយាលទាំងនេះ។ ដោយឡែក ផលប្រយោជន៍ដែលចាត់ទុកថា ជាអាយុជីវិតរបស់លោក ហើយបានសម្រេចជាលទ្ធផលជាក់ស្ដែង ក្រោមកិច្ចសហប្រតិបត្តិការ CLV នេះ គឺការបោះបង្គោលព្រំដែន ខណ្ឌចែកព្រំដែនរវាងកម្ពុជា ឡាវ និងវៀតណាម។

ឈរលើផលប្រយោជន៍ខាងលើនេះ លោក កែប ជុតិមា ចាត់ទុកមតិដែលចង់ឱ្យកម្ពុជាគួរដកចេញពីកិច្ចព្រមព្រៀង ថា ជាការគិតគូរស្រមោលស្រមៃ ជាការព្រួយបារម្ភមួយជ្រុង តែសំខាន់ភាពជាក់ស្ដែង គឺជាឧត្តមប្រយោជន៍ដែលទទួលបានពេលនេះ និងទៅអនាគត៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១៥ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


