ព័ត៌មានជាតិ
កម្ពុជា-ឡាវ សិក្សាលទ្ធភាពបើកច្រកព្រំដែនថ្មី នៅខេត្តរតនគិរី-អាត់តាពឺ បន្ទាប់ពីកម្ពុជាដកខ្លួនចេញពី CLV-DTA
ក្នុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា នាយករដ្ឋមន្ត្រីកម្ពុជា-ឡាវ បានចេញសេចក្ដីថ្លែងការណ៍រួមចំនួន២៣ចំណុច ក្នុងនោះ ថ្នាក់ដឹកនាំប្រទេសទាំងពីរបានឯកភាពឱ្យសិក្សាលទ្ធភាពក្នុងការបើកច្រកព្រំដែនថ្មី នៅព្រំដែនខេត្តរតនគិរី និងខេត្តអាត់តាពឺ ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤។

ជាការកត់សម្គាល់ គោលបំណងសិក្សាលទ្ធភាពបើកច្រកព្រំដែនថ្មីនេះ បានកើតឡើងក្រោយពីប្រទេសកម្ពុជា សម្រេចចិត្តដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម CLV-DTA កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅ។

ខេត្តរតនគិរី និងខេត្តអាត់តាពឺរបស់ឡាវ ជាអតីតខេត្តដែលស្ថិតក្នុងចំណោមខេត្តទាំង១៣ នៃកិច្ចសហប្រតិបត្តិតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម CLV-DTA។
គួរឱ្យដឹងដែរថា គិតត្រឹមខែធ្នូ ឆ្នាំ២០២៤ នេះ កម្ពុជា នឹងឡាវ មានច្រកទ្វារព្រំដែនអន្តរជាតិរួមគ្នាតែ១ប៉ុណ្ណោះ គឺច្រកទ្វាព្រំដែនអន្តរជាតិ ត្រពាំងគ្រៀល-ណងណុងឃៀន ដែលមានទីតាំងស្ថិតនៅក្នុងខេត្តស្ទឹងត្រែង ស្របពេលដែលប្រទេសទាំងពីរមានព្រំដែនគោកជាប់គ្នាប្រវែងប្រមាណ ៥៤០គីឡូម៉ែត្រ។ កម្ពុជា មានខេត្តចំនួនបីជាប់នឹងប្រទេសឡាវ គឺខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តព្រះវិហារ ចំណែកភាគីឡាវមានខេត្តចំនួន២ ដែលជាប់នឹងប្រទេសកម្ពុជា គឺខេត្តអាត់តាពឺនិងខេត្តចម្ប៉ាសាក់។

សូមរម្លឹកដែរថា កាលពីខែមីនា ឆ្នាំ២០១៩ កន្លងទៅ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា និងរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ ក៏ធ្លាប់បានបង្ហាញពីបំណងបើកច្រកទ្វារព្រំដែនអន្ដរជាតិបន្ថែមទៀត ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការធ្វើពាណិជ្ជកម្មផ្សេងៗ នៃប្រទេសទាំងពីរម្ដងរួចមកហើយដែរ។

ដោយឡែក ក្រៅពីនេះ នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា នាយករដ្ឋមន្ត្រីកម្ពុជា-ឡាវ ក៏បានឯកភាពពន្លឿនការជ្រើសរើសទីតាំងសម្រាប់សាងសង់ស្ពានឆ្លងកាត់ទន្លេរពៅ- ទន្លេសេឡាំប៉ាវ ស្ថិតក្នុងខេត្តព្រះវិហារ និងខេត្តចំប៉ាសាក់ ការរិះរកលទ្ធភាពនៃការបង្កើន ជើងហោះហើរត្រង់ លើកទឹកចិត្តឱ្យធ្វើទេសចរណ៍តាមរយៈការបើកបរដោយខ្លួនឯងរវាងប្រទេសទាំងពីរ ប្តេជ្ញា ពន្លឿនការដោះស្រាយតំបន់ព្រំដែនដែលនៅសេសសល់ឱ្យបានឆាប់ និងកិច្ចសហប្រតិបត្តិការវិស័យថាមពល ការពារជាតិនិងសន្តិសុខ ជាដើម៕


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


