ព័ត៌មានអន្ដរជាតិ
ហ្វីលីពីន ចង់ធ្វើទំនើបកម្មយោធា ដោយទិញមីស៊ីលចម្ងាយមធ្យម និងយន្តហោះចម្បាំង៤០គ្រឿង
ប្រទេសហ្វីលីពីន មានបំណងធ្វើទំនើបកម្មយោធារបស់ខ្លួន តាមរយៈការទិញមីស៊ីលរយៈចម្ងាយមធ្យម និងយន្តហោះចម្បាំងទំនើប ក្នុងទំហំទឹកប្រាក់យ៉ាងហោចណាស់ ៣៣ពាន់លានដុល្លារ ដើម្បីទប់ស្កាត់ការកើនឡើងនៃភាពតានតឹងក្នុងតំបន់។ នេះបើយោងតាមការប្រកាសរបស់មន្ត្រីជាន់ខ្ពស់ហ្វីលីពីន២រូប គឺលោក Romeo Brawner មេបញ្ជាការយោធាហ្វីលីពីន និងលោករដ្ឋមន្ត្រីក្រសួងការពារជាតិ Gilberto Teodoro កាលពីថ្ងៃទី២៩ខែសីហា។

លោក Teodoro បានប្រកាសថា ហ្វីលីពីនគ្រោងនឹងចំណាយប្រាក់យ៉ាងហោចណាស់ ១,៨៩ទ្រីលានប៉េសូ ដើម្បីធ្វើទំនើបកម្ម និងបង្កើនសមត្ថភាពការពារខាងក្រៅរបស់យោធា ដែលអាចរាប់បញ្ចូលទាំងការទិញយន្តហោះចម្បាំងចំនួន៤០គ្រឿង។ យ៉ាងណា លោកបានបដិសេធបញ្ចេញឈ្មោះប្រទេសដែលបានដាក់សំណើដេញថ្លៃ ឬម៉ូដែលយន្តហោះចម្បាំងដែលហ្វីលីពីនគ្រោងនឹងទិញនោះទេ ដោយបន្ថែមថា៖ «ការដេញថ្លៃគឺជាដំណើរការសម្ងាត់នៅពេលនេះ ប៉ុន្តែយើងកំពុងបន្តពិនិត្យមើលការដេញថ្លៃដែលអាចទទួលយកបាន»។
រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីន បានបន្ថែមថា ដើម្បីដំណើរការការទិញយន្តហោះចម្បាំងដែលអាចមានតម្លៃចន្លោះពី ៣០០ទៅ៤០០ពាន់លានប៉េសូ រដ្ឋាភិបាលកំពុងសម្លឹងមើលទៅលើគម្រោងហិរញ្ញប្បទានសមរម្យ រួមទាំងការទាញយកប្រាក់កម្ចីពីអ្នកផ្តល់កម្ចីឯកជន។
ចំណែកឯមេបញ្ជាការយោធា លោក Brawner ធ្លាប់បានប្រាប់ថា ហ្វីលីពីនត្រូវការយន្តហោះចម្បាំងពហុតួនាទីដែល «លឿន និងសាហាវជាង» យន្តហោះចម្បាំង FA-50 ផលិតដោយកូរ៉េខាងត្បូង ដែលខ្លួនមានស្រាប់នាពេលបច្ចុប្បន្ន។
ពាក់ព័ន្ធនឹងគម្រោងទំនើបកម្មយោធានេះដែរ មេបញ្ជាការអាមេរិកប្រចាំនៅឥណ្ឌូប៉ាស៊ីហ្វិក លោក Samuel Paparo បានប្រកាសថា ទាំងហ្វីលីពីន និងសម្ព័ន្ធមិត្តអាមេរិក កំពុងរៀបចំសម្រាប់អ្វីដែលអាចជាសមយុទ្ធយោធារួមគ្នាដ៏ធំបំផុតនៅឆ្នាំក្រោយ ខណៈដែលការចូលរួមផ្នែកសន្តិសុខរវាងប្រទេសទាំង២បានកើនឡើង ដើម្បីប្រឆាំងនឹងអ្វីដែលពួកគេយល់ថាជាការអះអាងកាន់តែខ្លាំងឡើងរបស់មហាយក្សចិន។
កាលពីខែមេសា សហរដ្ឋអាមេរិកបានដាក់ពង្រាយប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យមរបស់ខ្លួននៅភាគខាងជើងហ្វីលីពីន ក្នុងអំឡុងពេលធ្វើសមយុទ្ធយោធា ដែលបានធ្វើឲ្យចិនខឹងសម្បារ ហើយនិយាយថា វត្តមានរបស់មីស៊ីលទាំងនោះអាចនាំមកនូវហានិភ័យនៃសង្គ្រាមដ៏ធំនៅក្នុងតំបន់៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៣ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន