ព័ត៌មានជាតិ
អភិបាលរាជធានី ណែនាំមន្ត្រីបំពេញការងារឲ្យអស់កម្លាំងកាយចិត្ត ហ៊ានលះបង់គ្រប់យ៉ាង ដើម្បីរដ្ឋាភិបាល និងពលរដ្ឋ
លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំឲ្យមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ និងខណ្ឌទាំង ១៤ ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបំពេញការងារជូនរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ឲ្យអស់កម្លាំងកាយចិត្ត ដោយត្រូវស្វែងយល់ពីការងារ ពង្រឹងសមត្ថភាព ហ៊ានលះបង់គ្រប់យ៉ាង ទាំងពេលវេលា កម្លាំងកាយចិត្ត បញ្ញា ស្មារតី ពោលគឺធ្វើឲ្យបានល្អ ធ្វើឲ្យគេកោតសរសើរ។

ការណែនាំបែបនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៤ នេះ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោក ហុក ហួលីម នាយករងរដ្ឋបាលរាជធានីភ្នំពេញ ជានាយករដ្ឋបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានមានប្រសាសន៍ថា ក្នុងនាមជាមន្ត្រីបម្រើរាស្ត្រ មិនមានថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ទេ ត្រូវរួមគ្នាបំពេញការងារបម្រើប្រជាពលរដ្ឋឲ្យបានក្តៅគគុក មានការងាររួមគ្នាធ្វើ មានទុក្ខក៏រួមគ្នា មានអីហូប ក៏ចែកគ្នាហូប។ ចំពោះការងារ ត្រូវថ្លឹងថ្លែងឲ្យបានច្បាស់លាស់ អ្វីគួរអប់រំ យើងអប់រំ អ្វីដែលមិនត្រូវអប់រំ គឺអនុវត្តតាមច្បាប់។

លោក ឃួង ស្រេង បានបន្តថា នាយករដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានតែងតាំងដោយប្រកាស ដូច្នេះ រាល់ការងារនៅថ្នាក់ខណ្ឌដាច់ខាតត្រូវរាយការណ៍មកនាយករដ្ឋបាលរាជធានីភ្នំពេញ ហើយការងារដែល នាយករដ្ឋបាលរាជធានីភ្នំពេញ ដាក់ឲ្យខណ្ឌអនុវត្ត ត្រូវអនុវត្ត។ ខណ្ឌទាំង ១៤ ត្រូវដឹងពីសុខទុក្ខប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន មានអីខ្វះខាត ដោះស្រាយមិនចេញ ត្រូវរាយការណ៍មកក្រុង ដើម្បីយើងបន្តដោះស្រាយជូនប្រជាពលរដ្ឋ។
លោក ឃួង ស្រេង ក៏បានបង្ហើបឲ្យដឹងដែរថា ពេលនេះហើយនៅមានមន្ត្រីប៉ូលិសយើងមួយចំនួនតូច ធ្វើអត្តសញ្ញាណប័ណ្ណប្រជាពលរដ្ឋបានហើយ ទុកចោលមិនយកឲ្យពលរដ្ឋទេ ចាំយកផលប្រយោជន៍ពីប្រជាពលរដ្ឋ ការងារនេះបើមន្ត្រីនៅតែមានបែបនេះ មិនអាចទុកឲ្យនៅទេ បើដឹងត្រូវកែខ្លួនជាបន្ទាន់ យើងត្រូវអនុវត្តការងារកែទម្រង់ស៊ីជម្រៅហើយ។

លោក ឃួង ស្រេង ក្នុងឱកាសនោះក៏បានថ្លែងការអរគុណចំពោះអាជ្ញាធរ និងកងកម្លាំងទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ពិសេសការទប់ស្កាត់ក្រុមអគតិ និងក្រុមជ្រុលនិយម ចង់ផ្តួលរំលំរាជរដ្ឋាភិបាល កាលពីថ្ងៃទី ១៨ សីហា កន្លងមកនេះ។ យើងទាំងអស់គ្នា ត្រូវរក្សាសន្តិភាពឲ្យបានគង់វង្ស ទោះក្នុងតម្លៃណាក៏ដោយ។
លោក ហុក ហួលីម នាយរដ្ឋបាលរាជធានីភ្នំពេញ ដែលត្រូវបានតែងតាំងថ្មីនេះ បានប្ដេជ្ញាចិត្តថា ដើម្បីឆ្លើយតបទៅនឹងទំនុកចិត្តថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ លោកនឹងខិតខំបំពេញការងារទ្វេដង ដើម្បីបម្រើរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ។ ប្ដេជ្ញាធានារក្សាសន្តិសុខ សុវត្ថិភាព និងរក្សាសន្តិភាព ឲ្យបាន ទោះបីក្នុងតម្លៃណាក៏ដោយ។ ប្ដេជ្ញាចាត់ចែងការងាររដ្ឋបាលឲ្យបានល្អប្រសើរ ស្របតាមច្បាប់។ ចូលរួមសហការ និងលើកកម្ពស់សាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ដោយអនុវត្តតាមគុណសម្បត្តិ ៤ យ៉ាង ឆន្ទៈម្ចាស់ការ ភក្តីភាព មនសិការវិជ្ជាជីវៈ និងវប្បធម៌សាធារណៈ៕
អត្ថបទ ៖ ស្រីរ័ត្ន




-
ព័ត៌មានជាតិ១៩ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


