ព័ត៌មានជាតិ
ចំណតផែកុងតឺន័របន្ថែមនៅក្រុងព្រះសីហនុ ពង្រីកលទ្ធភាពនាវាចរលើពិភពលោក ៣៨% អាចចូលចតបាន
តាមរយៈការដាក់ឲ្យប្រើប្រាស់ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ ម៉ែត្រ ដែលទើបតែបញ្ចប់ការសាងសង់ បានជួយបំពេញបន្ថែមនូវមុខងាររបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបង្កើនសមត្ថភាពផែសរុបកើនឡើងពី ៥៥ ម៉ឺន TEUs/ឆ្នាំ ទៅ ១ លាន TEUs/ឆ្នាំ ខណៈតាមការព្យាករណ៍ នាវាចរក្នុងពិភពលោកអាចចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុកើនឡើងពី ១៨% ទៅប្រមាណ ៣៨%។ នេះបើតាមលោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបញ្ជាក់នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ ម៉ែត្រ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។

លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានថ្លែងថា ចំណតផែកុងតឺន័របន្ថែមនេះបានសាងសង់និងស្ដារជម្រៅទឹកដល់ ១១,៥ ម៉ែត្រ និងបានបំពាក់នូវមធ្យោបាយលើកដាក់កុងតឺន័រទំនើប ដែលបានជួយបង្កើនសមត្ថភាពចំណតផែកុងតឺន័របន្ថែមបានប្រមាណ ៤៥ ម៉ឺន TEUs/ឆ្នាំ។
«តាមរយៈចំណតផែកុងតឺន័របន្ថែមថ្មីនេះ បានជួយបំពេញបន្ថែមនូវមុខងារសមត្ថភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុ កើនឡើងពី ៥៥ ម៉ឺន TEUs/ឆ្នាំ ទៅ ១ លាន TEUs/ឆ្នាំ។ បន្ថែមពីនេះ ក៏អាចឱ្យនាវាកុងតឺន័រមានជម្រៅទឹក ១០,៤ ម៉ែត្រ ចូលចតបាន ហើយបើតាមការព្យាករណ៍កើនឡើងពី ១៨% ទៅប្រមាណ ៣៨% នៃនាវាដែលធ្វើនាវាចរក្នុងពិភពលោក ខណៈនាវាដែលមានផ្លូវរត់ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក កើនឡើងរហូតដល់ ៤៩,២៥%»។ លោក ប៉េង ពោធិ៍នា បញ្ជាក់បន្ថែម។

គម្រោងអភិវឌ្ឍចំណតផែកុងតឺន័របន្ថែមនៅកំពង់ផែស្វ័យតក្រុងព្រះសីហនុ ដែលមានប្រវែង ២៥៣ ម៉ែត្រ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ១ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានរដ្ឋសភានៃព្រះរាជាណាចក្រ កម្ពុជានាពេលបច្ចុប្បន្ន។
គម្រោងអភិវឌ្ឍចំណតផែកុងតឺន័របន្ថែមនេះ អនុវត្តការសាងសង់ដោយក្រុមហ៊ុនជប៉ុន តូអាខបផើរេសិន (TOA Corporation) និងត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុន នីបផន ខូអេ និងក្រុមហ៊ុន Oriental Consultants Global ប្រើប្រាស់រយៈពេលសាងសង់ចំនួន ១៧ ខែ និងបានបញ្ចប់ការសាងសង់ជាស្ថាពរនៅក្នុងអំឡុងខែសីហា ឆ្នាំ២០២៤ ដោយបានចំណាយថវិកាសរុបប្រមាណ ៣៧,៥ លាន ដុល្លារអាម៉េរិក ក្នុងនោះថវិកាឥណទានសម្បទានពីរដ្ឋាភិបាល នៃប្រទេសជប៉ុនប្រមាណ ១០ លានដុល្លារអាម៉េរិក, ថវិការបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រមាណ ២៧,៥លានដុល្លារអាម៉េរិក រួមទាំងថវិកាបដិភាគមួយចំនួនរបស់រាជរដ្ឋាភិបាលសម្រាប់ ការដោះស្រាយពន្ធអាករផ្សេងៗ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម៦ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


