Connect with us

ព័ត៌មានជាតិ

ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត មន្រ្តី​ប្រជុំ​​កំណត់​ទីតាំង​តភ្ជាប់​ទៅ​ផ្លូវល្បឿនលឿនប្រទេស​វៀតណាម

បានផុស

នៅ

រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីព្រឹក​ថ្ងៃ​ទី ២៣ ខែកក្កដា ឆ្នាំ២០២៦ បាន​ដឹកនាំកិច្ចប្រជុំគណៈកម្មការចម្រុះ ដើម្បី​កំណត់ទីតាំងគម្រោង​តភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត​​ ជាមួយ​ផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ របស់ប្រទេស វៀតណាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំ​ដឹកនាំដោយ​លោក​ ប៉េង ពោធិ៍នា និងក៏​មានការ​ចូលរួម​ពី​មន្រ្តីជំនាញក្រសួង​សាធារណការ និង​ដឹកជញ្ជូន រួមទាំង​មន្រ្តី​អន្តរក្រសួង និង​ក្រុមហ៊ុន​ទទួល​បន្ទុកសាងសង់​។

បើតាមមន្រ្តីក្រសួងសាធារណការ និង​ដឹកជញ្ជូន ការ​ប្រជុំ​នេះ​មាន​គោលបំណងពិនិត្យពិភាក្សា និង​ផ្តល់ព័ត៌មានពី​បច្ចុប្បន្នភាពដល់សមាជិកគណៈកម្មការអន្តរក្រសួង លើចំណុចតភ្ជាប់ក៏ដូចជាការពិភាក្សា​ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំជាមួយភាគីវៀតណាមនាពេលខាងមុខ។

យ៉ាងណាមិញ មន្រ្តី​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​មិន​បានផ្តល់​ព័ត៌មានលម្អិត​ពីកិច្ចប្រជុំ រួមទាំង​វឌ្ឍនភាព​ការអនុវត្តគម្រោងសាងសង់​ផ្លូវល្បឿន​លឿន​ភ្នំពេញ-ក្រុងបាវិត ​​ខណៈ​បើ​តាមផែនការ​គ្រោង​បញ្ជប់នៅឆ្នាំ ២០២៧។

ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត បាន​ប្រកាស​បើកការដ្ឋានសាងសង់​កាលពី​ខែមិថុនា ឆ្នាំ ២០២៣ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ការ​ដំណើរការ​សាងសង់​គ្រោងចំណាយថវិកាសរុបប្រមាណ ១,៣៥ ពាន់លានដុល្លារ ក្រោម​ទម្រង់​វិនិយោគ​​សាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT) ដែលមានរយៈពេលប្រតិបត្តិការចំនួន ៥០ ឆ្នាំ។

ផ្លូវល្បឿនលឿនទីពីរ​របស់​កម្ពុជា​នេះ​ តាមការ​សិក្សា​ផ្តល់ផលចំណេញផ្នែកសេដ្ឋកិច្ច និងវិនិយោគយ៉ាងច្រើន​សន្ធឹក​សន្ធាប់​ដល់កម្ពុជា ជាពិសេសអត្រាចំណេញខាងផ្នែកសេដ្ឋកិច្ច (EIIR) មានកម្រិតខ្ពស់រហូត​ដល់ទៅ​ប្រមាណ ២០ ភាគរយ។

ខ្សែ​ផ្លូវនេះ​ក៏​នឹងក្លាយជាផ្នែកមួយយ៉ាងសំខាន់ ​ក្នុងការបំពេញ​បន្ថែមឱ្យផ្លូវ​អាស៊ានហាយវ៉េលេខ ១ (AH-1) ដែល​​ជួយ​សម្រួល​បន្ទុក​ចរាចរណ៍​ដឹកជញ្ជូនទំនិញ​រវាងប្រទេសកម្ពុជា ថៃ និងវៀតណាម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម