KPT+
ការយល់ខុសរបស់មនុស្សចាស់ ចំពោះកុមារ
គេបានចាត់ទុកកុមារប្រៀបដូចក្រណាត់ស ដែលងាយជាប់ប្រឡាក់ពណ៌។ ក្រណាត់សនោះនឹងប្រែជាមានតម្លៃបើគេគូសវាសនូវគំនូរដ៏វិចិត្រ ប៉ុន្តែបើក្រណាត់សនោះប្រឡាក់ដោយពណ៌កខ្វក់ នោះបើឱ្យយកជាក្រណាត់ជូតជើង ក៏គេមិនប្រើផង។ ដឹងថា កុមារងាយរងទទួលរងឥទ្ធិពលនានាក្នុងមជ្ឈដ្ឋានរស់នៅរបស់កុមារបែបនេះហើយ នៅតែមនុស្សចាស់មួយចំនួនប្រព្រឹត្តិខុសចំពោះកុមារដោយសារការយល់ខុស។

លោក យិន សុភាព ជានាយក និងជាស្ថាបនិក សាលារៀនគ្រូយើង មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា មនុស្សធំ មនុស្សចាស់ទាំងអស់គួរតែដាស់តឿនខ្លួនឯង ខណៈលោកបានសង្កេតឃើញថា យើងតែងតែយល់ខុស ដោយសារតែគិតថា កូនក្មេងនៅតូច ឯទម្លាប់របស់មនុស្សចាស់តែងតែប្រយ័ត្នជាមួយអ្នកមានឋានៈខ្ពស់ជាងខ្លួន ជាមួយអ្នកមានអាយុ ភាពចាស់ទុំជាងខ្លួន ប៉ុន្តែអត់សូវប្រយ័ត្នជាមួយអ្នកមានឋានៈតូចជាងខ្លួន ឬអ្នកមានអាយុតិចជាងខ្លួន។

លោក យិន សុភាព មានប្រសាន៍បន្តថា៖ “យើងគិតថា យើងធ្វើទៅ អ្នកនោះជាកូនយើង ក្មួយយើង អ្នកតូចៗជាងយើងទាំងអស់ហ្នឹងប្រាកដជាមិនចាប់ទោសអូសដំណើរយើងទេ ព្រោះយើងធំ យើងមានអំណាចជាងគេ។ ប៉ុន្តែបើយើងធ្វើជាមួយនឹងអ្នកធំជាងយើង ចាស់ទុំជាងយើង យើងខិតខំប្រិតប្រៀងណាស់ ព្រោះយើងខ្លាចគាត់ចាប់ទោសអូសដំណើរយើងជាដើម។ ដល់តែក្មេងតូចៗ គ្នាម៉េចហ៊ានស្ដីឱ្យយើង ឬអ្នកមានឋានៈតូច គ្នាមិនហ៊ានស្ដីឱ្យយើងទេ។ ចំណុចហ្នឹងដែលយើងទាំងអស់គ្នាត្រូវរម្លឹកខ្លួនឯងថា ការគិតបែបនេះ ការប្រព្រឹត្តបែបនេះជារឿងដែលមិនត្រឹមត្រូវទេ ធាតុពិតមែនទែន នៅជុំវិញខ្លួនយើងនេះគឺយើងត្រូវប្រយ័ត្នគ្រប់ជំហាន ហើយដែលយើងត្រូវប្រយ័ត្នជាងគេ គឺប្រយ័ត្នចំពោះក្មេងៗ ជាពិសេសយើងជាមនុស្សធំ យើងជាមេគេហ្នឹង ត្រូវប្រយ័ត្នចំពោះកូនៗយើង ចំពោះអ្នកដែលមានវ័យក្មេងជាងយើង និងចំពោះកូនចៅរបស់យើង។

លោក យិន សុភាព មានប្រសាសន៍បន្ថែមថា យើងត្រូវប្រព្រឹត្តជាគំរូ ដោយសារជាធម្មតារបស់មនុស្ស ជាពិសេសក្មេង គឺ រៀនពីទង្វើរបស់មនុស្សធំជាងពីការអប់រំទូន្មានរបស់មនុស្សធំ។ យើងចង់អប់រំទូន្មានគេច្រើនប៉ុណ្ណាក៏ដោយ ពាក្យសម្ដីដែលយើងអប់រំទូន្មាន និងអត្ថន័យនៅក្នុងពាក្យសម្ដីដែលយើងនិយាយទៅ គេស្ដាប់បានតិចណាស់ ហើយរិតតែចង់ចាំតិចជាងហ្នឹងទៅទៀត។ ប៉ុន្តែរបៀបដែលយើងពន្យល់ របៀបដែលយើងនិយាយ របៀបដែលយើងអប់រំគាត់ គឺគាត់រៀនពីហ្នឹងបានច្រើនជាង។

លោក យិន សុភាព បញ្ជាក់ថា៖ “ឧបមាថា បើយើងជេរគាត់ យើងស្ដីឱ្យគាត់ ឧទាហរណ៍ស្ដីឱ្យគាត់ថា៖ “អ្ហែងក្បាលកញ្ចាស់ប៉ុណ្ណឹងហើយ អ្ហែងត្រូវតែចេះគិត អ្ហែងត្រូវតែខំរៀន អ្ហែងត្រូវដឹងថាម៉ែឪអ្ហែងលំបាកប៉ុណ្ណា…” យើងគិតថាធ្វើបែបហ្នឹងទៅគាត់នឹងភ្ញាក់រឭក ប៉ុន្តែសម្ដីទាំងអស់ហ្នឹងអាចថាលឺមួយភ្លែតចុះ ក្រោយមកគាត់ភ្លេចបាត់ ប៉ុន្តែរបៀបយើងស្ដីឱ្យហ្នឹង គាត់ចាប់បានហើយរបៀបហ្នឹងនឹងជាប់ក្នុងខ្លួន ហើយថ្ងៃណាមួយ គាត់នឹងដាក់ទាំងៗអ៊ីចឹងមកឱ្យយើងវិញ”។

លោក យិន សុភាព លើកឡើងថា ដូចនេះបានជាពេលខ្លះយើងឃើញ បទពិសោធញាតិមិត្តជិតខាងមួយចំនួន ពេលដែលកាលពីនៅក្មេង ឪពុកម្ដាយតែងតែស្ដីឱ្យ ប្រព្រឹត្តិអាក្រក់ដាក់កូន ដល់ពេលចាស់ទៅ កូនៗនឹងប្រព្រឹត្តិបែបហ្នឹងដាក់គាត់វិញ ដោយសារឆ្លងបែបហ្នឹង។ ជារឿងសំខាន់ដែលយើងទាំងអស់គ្នា ត្រូវតែប្រយ័ត្នខ្លួនឯងថា អ្វីដែលយើងធ្វើ កូនៗយើង ក្មេងៗ និងកូនចៅយើងរៀនពីយើងច្រើនជាងអ្វីដែលយើងបាននិយាយ ឬស្ដីឱ្យ៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច១ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ៥ ម៉ោង agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ២ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


