ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងបន្តធ្លាក់ចុះជាង២ដុល្លារថ្ងៃអង្គារ ដោយសារទស្សនវិស័យខ្សោយចំពោះតម្រូវការ
តម្លៃប្រេងបានបន្តធ្លាក់ចុះជាង ២ ដុល្លារ ពេលបើកការជួញដូរនាព្រឹកថ្ងៃអង្គារនេះ ក្រោយពេលអង្គការនៃប្រទេសនាំចេញប្រេងកាត (OPEC) ទម្លាក់ទស្សនវិស័យរបស់ខ្លួនស្ដីពីកំណើនតម្រូវការប្រេងពិភពលោកឆ្នាំ ២០២៤ និង ២០២៥ ខណៈមានសេចក្ដីរាយការណ៍ថា អ៊ីស្រាអែលអាចនឹងវាយប្រហារលើយោធាអ៊ីរ៉ង់ដើម្បីជាការសងសឹក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បានធ្លាក់ចុះប្រមាណ ២,១១ ដុល្លារ ឬ ២,៧ ភាគរយ ដោយជួញដូរនៅត្រឹម ៧៥,៣៥ ដុល្លារ/បារ៉ែល ខណៈតម្លៃប្រេងឆៅនាពេលអនាគតអាមេរិក ម៉ាក West Texas Intermediate (WTI) បានធ្លាក់ចុះ ២,០៧ ដុល្លារ ឬ ២,៨ ភាគរយ ដោយជួញដូរនៅត្រឹម ៧៣,៧៦ ដុល្លារ/បារ៉ែល។
តម្លៃប្រេងទាំងពីរបានធ្លាក់ចុះប្រហែល ២ ដុល្លារ/បារ៉ែល រួចស្រាប់ទៅហើយ នៅពេលបញ្ចប់ការជួញដូរកាលពីថ្ងៃចន្ទ។ ការបន្តធ្លាក់ចុះនេះ កើតឡើងទោះបីជាជម្លោះមជ្ឈិមបូព៌ា ដែលអាចរំខានដល់ការផ្គត់ផ្គង់ប្រេង និងធ្វើឱ្យតម្លៃហក់ឡើងនោះ បន្តស្ថិតនៅក្នុងស្ថានភាពតានតឹងក៏ដោយ។
ជុំវិញបញ្ហានេះ អ្នកវិភាគបានភ្ជាប់វាទៅនឹងរបាយការណ៍ដែលថា អ៊ីស្រាអែល «មានឆន្ទៈ» វាយប្រហារលើគោលដៅយោធារបស់អ៊ីរ៉ង់ ជាជាងកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែរ ឬប្រេងរបស់ប្រទេសនេះ ដើម្បីជាការសងសឹកលើក្រុងតេអេរ៉ង់ ដែលផ្លោងមីស៊ីលលើអ៊ីស្រាអែលជិត ២០០ ដើម កាលពីដើមខែ។ សេចក្ដីរាយការណ៍នេះ បន្ថយការព្រួយបារម្ភដែលថា ការសងសឹករបស់អ៊ីស្រាអែលនឹងរំខានដល់ការផ្គត់ផ្គង់ប្រេង ដែលធ្វើឱ្យតម្លៃរបស់វាហក់ឡើងខ្ពស់ភ្លាមៗ។

ប៉ុន្តែកត្តាជំរុញឱ្យតម្លៃជួញដូរធ្លាក់ចុះកាន់តែខ្លាំងនោះ គឺទស្សនវិស័យតម្រូវការប្រេងលើពិភពលោករបស់ OPEC ដែលចេញផ្សាយកាលពីថ្ងៃចន្ទ។ ក្នុងរបាយការណ៍ប្រចាំខែរបស់ខ្លួន អង្គការនេះបាននិយាយថា តម្រូវការប្រេងពិភពលោកនឹងកើនឡើងត្រឹមតែ ១,៩៣ លានបារ៉ែល/ថ្ងៃប៉ុណ្ណោះ ក្នុងឆ្នាំ ២០២៤ ដោយធ្លាក់ចុះពីកំណើន ២,០៣ លានបារ៉ែល/ថ្ងៃ ដែល OPEC បានព្យាករទុកដោយគ្មានការកែប្រែរាប់តាំងពីខែកក្កដា ឆ្នាំ ២០២៣។
ចិន ដែលជាប្រទេសនាំចូលប្រេងដ៏ធំបំផុតមួយរបស់ពិភពលោក រួមចំណែកមួយភាគធំសម្រាប់ការធ្លាក់ចុះនៃកំណើនតម្រូវការប្រចាំឆ្នាំ។ OPEC បានកាត់បន្ថយការព្យាករកំណើនតម្រូវការរបស់ចិន មកត្រឹម ៥៨០ ០០០ បារ៉ែល/ថ្ងៃ ពីប្រមាណ ៦៥០ ០០០ បារ៉ែល/ថ្ងៃ ដោយសារតែបញ្ហាសេដ្ឋកិច្ច និងការងាកទៅរងថាមពលស្អាត។
ហើយចំពោះឆ្នាំ ២០២៥ វិញ OPEC បានកាត់បន្ថយការប៉ាន់ប្រមាណកំណើនតម្រូវការប្រេងពិភពលោករបស់ខ្លួន មកនៅត្រឹម ១,៦៤ លានបារ៉ែល/ថ្ងៃ ពីប្រមាណ ១,៧៤ លានបារ៉ែល/ថ្ងៃ៕
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៥ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


