វប្បធម៌ ជំនឿ
មកដឹងពីប្រវត្តិ និងស្នាដៃរបស់កវីនិពន្ធ វ៉ែន សុន ដែលទើបតែទទួលមរណភាពថ្មីៗនេះ
កវីនិពន្ធ វ៉ែន សុន កើតនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៣៩ នៅភូមិខ្យាង ឃុំស្វាយ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង លោកបានទទួលមរណភាពនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ក្នុងជន្មាយុ៨៧ឆ្នាំ ដោយរោគាពាធ។ តើកវីនិពន្ធ វ៉ែន សុន មានប្រវត្តិ និងស្នាដៃនិពន្ធអ្វីខ្លះ?

ថ្ងៃនេះ កម្ពុជាថ្មី នឹងបង្ហាញពីជីវប្រវត្តិ ព្រមទាំងស្នាដៃមួយចំនួនរបស់ កវីនិពន្ធ វ៉ែន សុន។ លោកគឺជាអ្នកនិពន្ធបទភ្លេង ចម្រៀង ក៏ជាអ្នកនិពន្ធប្រលោមលោក និពន្ធអក្សរសិល្ប៍ផ្នែកកំណាព្យ រឿងខ្លីជាច្រើន។ អំឡុងទសវត្ស៦០ ក្រុមរបស់លោកមានឈ្មោះថា ក្រុមតន្ត្រីរាជតម្រួតភិរម្យ គឺជាអ្នកដែលនាំយកចង្វាក់សារ៉ាវ៉ាន់មកមុនគេ ហើយក៏ល្បីតាំងពីពេលនោះមក។ លោកគឺជាអ្នកនិពន្ធបទចម្រៀង លលកវាយំ ច្រៀងដោយ អ្នកនាង សូ សាវឿន ដែលទទួលបានការគាំទ្រខ្លាំងពីមហាជន រួមជាមួយបទចម្រៀងផ្សេងទៀត។ ក្រៅពីជាអ្នកនិពន្ធ លោកក៏ធ្លាប់ជាសាស្ត្រាចារ្យបង្រៀននៅមហាវិទ្យាល័យសិល្បៈនាដសាស្រ្ត នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈផងដែរ។
បើនិយាយពីជីវិតក្នុងវ័យកុមារភាពវិញ លោកគឺជាកូនប្រុសច្បងក្នុងចំណោមបងប្អូន៣នាក់ ហើយលោកត្រូវកំព្រាឪពុកតាំងពីអាយុ៧ឆ្នាំ ព្រោះឪពុករបស់លោកបានស្លាប់ដោយសារជំងឺអាសន្នរោគ។ កវី វ៉ែន សុន ទទួលចំណេះដឹងដោយការរៀននៅវត្តរយៈពេល១០ឆ្នាំ ពោល គឺលោករៀននៅវត្តតាំងពីអាយុ៧ឆ្នាំ ដល់១៧ឆ្នាំ (អំឡុងពេលរៀននៅវត្តលោកបានបួស៤ឆ្នាំ) បន្ទាប់មកទើបមានឱកាសបានសិក្សានៅសាលា។

នៅចន្លោះឆ្នាំពីឆ្នាំ១៩៦៥ រហូតដល់ក្រោយរបបខ្មែរក្រហមនៅឆ្នាំ១៩៧៩ លោកជាតន្ដ្រីករ អ្នកនិពន្ធបទភ្លេង និងទំនុកច្រៀងនៅក្រុមតន្ដ្រីសម័យរាជតម្រួត (ភ្លេងប៉ូលិស)។ បន្តពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ១៩៩៣ លោកបានចូលធ្វើការជាមួយក្រុមតន្ត្រីរបស់កងទ័ពបន្តទៀត។ អំឡុងពេលនោះ លោកទទួលបានការបណ្តុះបណ្តាលបន្ថែមផ្នែកអក្សរសិល្ប៍ពីក្រសួងវប្បធម៌ រហូតក្លាយជាអ្នកនិពន្ធផ្នែកកំណាព្យ និងរឿងអក្សរសិល្ប៍។
ក្នុងវិស័យនិពន្ធនេះ លោកទទួលបានចំណាត់ថ្នាក់លេខ៣ផ្នែកកំណាព្យ និងទទួលបានមេដាយមាស សម្រាប់កំណាព្យ “បណ្ដាំកវី” ដែលផ្ដល់ដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅឆ្នាំ១៩៩១ និងពានរង្វាន់ ៧មករា គឺរឿង “ឋានសួគ៌ក្នុងសុបិន” ដែលផ្ដល់ដោយសមាគមអ្នកនិពន្ធខ្មែរ ក្នុងឆ្នាំ១៩៩៧។ ចំណែក ពានរង្វាន់អន្ដរជាតិវិញ លោកទទួលបានពីកម្មវិធី Sunthorn Phu Award លើកំណាព្យ “របាំប្រពៃណីខ្មែរ” ផ្ដល់ជូនកវីអាស៊ានទាំង ១០ប្រទេស ក្នុងឆ្នាំ២០១៣។ លោកក៏ទទួលបាន ជ័យលាភីអក្សរសិល្ប៍ទន្លេមេគង្គលើកទី៣ (ប្រទេសឡាវ) និងជ័យលាភីកវីនិពន្ធអាស៊ីអាគ្នេយ៍ឆ្នាំ២០២០ (ប្រទេសថៃ)។

គរុវិជ្ជាចារ្យកវីនិពន្ធ វ៉ែន សុន ជាគរុវិជ្ជាចារ្យ កវីនិពន្ធ កវីនិពន្ធជាតិ សមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ លោកបានចំណាយពេលស្ទើរតែពេញមួយជីវិតលើវិស័យតែងនិពន្ធនេះដើម្បីលើកស្ទួយពីវប្បធម៌ អក្សរសិល្ប៍ខ្មែរឱ្យកាន់តែល្អប្រសើរ។ ជាមួយនឹងដំណឹងមរណភាពរបស់រូបលោក បានបន្សល់ការឈឺចាប់ សោកស្តាយយ៉ាងខ្លាំងពីសំណាក់ក្រុមគ្រួសារ និងសាធារណជនចំពោះការបាត់បង់ធនធានមនុស្សដ៏ពូកែនេះ៕
ដោយ៖ អុន ស្រីមាន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ ខឹង Google Map ពេលឃើញដៅទីតាំង ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
-
ព័ត៌មានជាតិ៦ ម៉ោង ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះចំនួន២ក្នុងពេលតែមួយ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៩កក្កដា