ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងអប់រំ បញ្ជាក់ថាកម្មវិធីផ្តល់អាហារតាមសាលារៀនកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់សុខុមាលភាពសិស្ស
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ថា កម្មវិធីផ្តល់អាហារតាមសាលារៀនមានសារសំខាន់ណាស់ក្នុងការកាត់បន្ថយភាពក្រីក្រ និងជួយលើកកម្ពស់សុខុមាលភាពរបស់សិស្ស។ នេះបើតាមការផ្សាយរបស់ក្រសួងអប់រំ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោកបណ្ឌិត លើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើក “កិច្ចប្រជុំកំពូលសម្ព័ន្ធប្រតិបត្តិករកម្មវិធីផ្តល់អាហារនៅសាលារៀនតំបន់អាស៊ីអាគ្នេយ៍ ដើម្បីជំរុញការអភិវឌ្ឍន៍មូលធនមនុស្ស និងបរិវត្តកម្មប្រព័ន្ធស្បៀងអាហារ” នៅខេត្តសៀមរាប នាថ្ងៃទី១៨ ខែវិច្ឆិកា។ កិច្ចប្រជុំកំពូលនេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងអប់រំ យុវជន និងកីឡា នៃប្រទេសកម្ពុជា រដ្ឋាភិបាលនៃប្រទេសហ្វីលីពីន និងរដ្ឋាភិបាលនៃប្រទេសកូរ៉េ និងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃស្ថាប័នពាក់ព័ន្ធដែលអញ្ជើញមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រទេសចិន និងប្រទេសជប៉ុនផងដែរ។

ក្នុងពិធីបើកនេះ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបញ្ជាក់ពីតួនាទីយ៉ាងសំខាន់ក្នុងកម្មវិធីផ្តល់អាហារនៅតាមសាលារៀនក្នុងការកាត់បន្ថយភាពក្រីក្រ ការជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងមូលដ្ឋាន ការលើកកម្ពស់សុខភាពសិស្ស និងសុខុមាលភាពកុមារ ព្រមទាំងការគាំទ្រប្រព័ន្ធសុវត្ថិភាពសង្គម ជាពិសេសសាលារៀនគោលដៅដែលស្ថិតនៅតំបន់ក្រីក្រ។ ជាមួយគ្នានេះ លោកថា រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់ក្នុងការបណ្តុះមូលធនមនុស្ស ការជំរុញកំណើនសេដ្ឋកិច្ច និងការធានាសុខុមាលភាពនៃកុមារ តាមរយៈការអនុវត្តកម្មវិធីផ្តល់អាហារនៅសាលារៀនដោយប្រើប្រាស់កសិផលសហគមន៍ ក៏ដូចជាការអនុវត្តកម្មវិធីអាហារូបករណ៍ជាសាច់ប្រាក់ជូនសិស្សានុសិស្សមកពីគ្រួសារក្រីក្រ ចាប់ពីកម្រិតបឋមសិក្សាដល់មធ្យមសិក្សាផងដែរ។

បើតាមក្រសួងអប់រំ កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ៤៩ ដែលបានបញ្ជូនការប្តេជ្ញាចិត្តថ្នាក់ជាតិកាលពីខែមីនា ឆ្នាំ២០២២។ ការប្តេជ្ញាចិត្តទាំងនេះបានគូសបញ្ជាក់ពីចក្ខុវិស័យរបស់ កម្ពុជាក្នុងការបង្កើតគោលនយោបាយអាហារនៅសាលារៀន បង្កើនមូលនិធិអាហារសាលារៀន កែលម្អកម្មវិធី និងអនុវត្តកញ្ចប់នៃអន្តរាគមន៍បំពេញបន្ថែម បង្កើតក្របខ័ណ្ឌត្រួតពិនិត្យ ដើម្បីវាស់វែងការអនុវត្តកម្មវិធី និងបង្កើតបណ្តាញសហគមន៍នៃឧត្តមានុវត្តន៍។

បើនិយាយពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំ ជាមួយភាគីពាក់ព័ន្ធក្នុងកម្មវិធីសម្រេចបានលទ្ធផលដូចជា មកដល់បច្ចុប្បន្ននេះ កម្មវិធីផ្ដល់អាហារតាមសាលារៀន កំពុងអនុវត្តនៅតាមសាលាបឋមសិក្សាប្រមាណ២ភាគ៣ នៅក្នុងបណ្ដាខេត្តចំនួន ១០ ដោយក្នុងនោះ សាលាមួយចំនួនប្រើប្រាស់ថវិកាជាតិ និងសាលាមួយចំនួនទៀត ទទួលបានការគាំទ្រពីដៃគូអភិវឌ្ឍន៍នានា រួមបញ្ចូលទាំងសាធារណរដ្ឋកូរ៉េ និង United States Department of Agriculture (USDA) Foreign Service Office តាមរយៈកម្មវិធីស្បៀងអាហារពិភពលោក។ ជាមួយគ្នានេះ ក្នុងឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយស្ដីពី “ការផ្តល់អាហារតាមសាលារៀន ឆ្នាំ២០២៤-២០៣៥” ដែលមានគោលបំណងផ្តល់ឱ្យសិស្សានុសិស្សនូវអាហារដែលមានសុវត្ថិភាព និងអាហារូបត្ថម្ភ ដើម្បីលើកកម្ពស់ការលូតលាស់រាងកាយ និងការអភិវឌ្ឍន៍ការយល់ដឹងរបស់ពួកគេ សំដៅលើកកម្ពស់ផលិតភាពនាពេលអនាគត សមភាពយេនឌ័រ និងបរិយាបន្នផងដែរ។ ចំពោះគោលនយោបាយនេះ មានវិសាលភាពអនុវត្តនៅគ្រឹះស្ថានអប់រំសាធារណៈ ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់ថ្នាក់មធ្យមសិក្សា៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


