ព័ត៌មានជាតិ
ករណីឆេះផ្សារបឹងឈូក ខេត្តបាត់ដំបង៖ រដ្ឋសាងសង់ផ្សារថ្មី និងផ្ដល់សិទ្ធិអាស្រ័យផលដល់អាជីវករអស់មួយជីវិត
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សម្រេចសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុងផ្សារបឹងឈូក ក្នុងខេត្តបាត់ដំបង ដែលត្រូវបានអគ្គិភ័យលេបត្របាក់កាលពីដើមខែវិច្ឆិកា ឡើងវិញ និងបានសម្រេចផ្ដល់សិទ្ធិអាស្រ័យផលអស់មួយជីវិតដល់អាជីវករដែលជួលតូបហើយត្រូវអគ្គិភ័យបំផ្លាញទាំងឥវ៉ាន់លក់ដូរ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្រេចផ្ដល់ដូច្នេះ ឆ្លើយតបទៅនឹងការស្នើសុំរបស់អាជីវករដែលបាត់បង់តូប និងឥវ៉ាន់លក់ដូរ នៅក្នុងជាន់ទីពីរនៃផ្សារបឹងឈូក។

គួរឱ្យដឹងថា ផ្សារបឹងឈូក មានទីតាំងក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង សាងសង់ឡើងអំពីថ្មកម្ពស់២ជាន់ ជាផ្សារដែលវិនិយោគឡើងដោយក្រុមហ៊ុនឯកជន។ នៅវេលាម៉ោងជាង១០ យប់ថ្ងៃទី០៣ ខែវិច្ឆិកា អគ្គិភ័យបានចាប់ផ្ដើមឆាបឆេះជាន់ទីពីរនៃផ្សារ និងបន្តឆាបឆេះឈានដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បណ្ដាលឱ្យតូបលក់ដូរនៅជាន់ទីពីរចំនួន១៤៨តូបខូចខាត។
នៅក្នុងពិធីសម្ពោធសមិទ្ធផលនានាក្នុងតំបន់បឹងជង្រុកតេជោ ឈ្នះ ឈ្នះ ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ក្រោយការឆាបឆេះ អាជ្ញាធរ និងភាគីពាក់ព័ន្ធ បានព្យាយាមសម្របសម្រួលជាមួយម្ចាស់ផ្សារ ដើម្បីអាចឱ្យអាជីវករបានលក់ដូរឡើងវិញ ប៉ុន្តែម្ចាស់ផ្សារអះអាងថា ខ្លួនគ្មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការសាងសង់ឡើយ ហេតុដូច្នេះសម្ដេច បានសម្រេចយកផ្សារបឹងឈូកពីភាគីឯកជន មកសាងសង់ឡើងវិញសម្រាប់ឱ្យអាជីវករលក់ដូរទាំង១៤៨តូបដែលរងគ្រោះ អាចលក់ដូរបានដូចដើម។

នៅព្រឹកថ្ងៃសុក្រ នេះ សម្ដេចប្រមុខរាជរដ្ឋាភិបាល សង្កត់ធ្ងន់ដូច្នេះ៖«ខ្ញុំសម្រេច គឺរដ្ឋយក(ផ្សារបឹងឈូក) មកវិញ យកពីវិស័យឯកជន ដោយសារគាត់អត់មានលទ្ធភាពធ្វើទៀតទេ! ហើយខ្ញុំក៏បានផ្ដល់គោលការណ៍នេះ ព្រោះថាឥឡូវបើគាត់គ្មានលទ្ធភាព ធ្វើអត់បាន ប្រជាពលរដ្ឋនៅកណ្ដាលទីអត់បានទេ ចឹងបានឱ្យចរចាជាមួយផ្សារ។ ប៉ុន្មានថ្ងៃនេះ ទាំងឯកឧត្ដម កើត រិទ្ធ ឯកឧត្ដម សុខ លូ បានចរចាជាមួយផ្សារ គាត់(ម្ចាស់ផ្សារ)បានឯកភាពថាឥឡូវគាត់ទៅមិនរួច ឥឡូវរដ្ឋយកមកវិញ ហើយរដ្ឋវិនិយោគ ខ្ញុំសម្រេចថារដ្ឋនឹងធ្វើជូនទៅឱ្យវិញ ដើម្បីបានលក់ដូរ»។
នៅចំពោះមុខសម្ដេចធិបតី ដោយហេតុថាអគ្គិភ័យឆាបឆេះតូបនឹងឥវ៉ាន់លក់ដូរទាំងស្រុង តំណាងអាជីវករ បានស្នើសុំទុនមួយចំនួនដើម្បីបន្តលក់ដូរទៅថ្ងៃក្រោយ។

ឆ្លើយតបនឹងការស្នើសុំនេះ ជំនួសឱ្យការផ្ដល់ទុកសម្រាប់លក់ដូរ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចផ្ដល់សិទ្ធិអាស្រ័យផលលក់ដូរអស់មួយជីវិតវិញ។
សម្ដេចប្រមុខរាជរដ្ឋាភិបាល ថ្លែងដូច្នេះ៖«សម្រាប់អ្នកដែលជួបតូបពីក្រុមហ៊ុនម្ចាស់ដើម មិនមែនអ្នកជួលបន្តទេ! គឺទាំងជាន់ទី១ ជាន់ផ្ទាល់ដី និងផ្សារត្រីនៅខាងក្រោយ គឺរាជរដ្ឋាភិបាលនឹងផ្ដល់សិទ្ធិអាស្រ័យផលអស់មួយជីវិត កាន់កាប់អាស្រ័យផលលើតូប និងរាន អស់មួយជីវិតតែម្ដង! មិនបាច់បង់ថ្លៃ១ខែប៉ុន្មានរៀលដុល្លារទៀតទេ គឺផ្ដល់ឱ្យតែម្ដង! សិទ្ធិនៅក្នុងការកាន់កាប់ប្រើប្រាស់។ ផ្សារនេះរបស់រដ្ឋ ដូចផ្សាររបស់រដ្ឋផ្សេងទៀត គឺឱ្យអាជីវករលក់ដូរហើយមានសិទ្ធិតកូនតចៅមួយជីវិត! »។
ជាមួយគ្នានេះ សម្ដេចធិបតី ស្នើឱ្យការសង់ត្រូវរក្សាទម្រង់ដើម ទាំងទំហំ និងចំនួនតូប ដែលរងការខូចខាតព្រោះអគ្គិភ័យ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


