ព័ត៌មានជាតិ
តើរដ្ឋាភិបាលបានលើកទឹកចិត្តអ្វីខ្លះលើវិស័យសំណង់ និងអចលទ្រព្យរហូតមកដល់ពេលនេះ?
វិស័យសំណង់និងអចលទ្រព្យនៅកម្ពុជាបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ក្រោយវិបត្តិជំងឺកូវីដនិងស្ថានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក។
ដើម្បីស្តារវិស័យអចលនទ្រព្យដែលរងសម្ពាធពីវិបត្តិសកល រដ្ឋាភិបាលកម្ពុជាបានដាក់ចេញយន្តការជាច្រើនដើម្បីរុញច្រានការងើបឡើងវិញនៃវិស័យអចលទ្រព្យនិងសំណង់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ថ្លែងនៅក្នុងពិធីបើកសម្ពោធពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជាអន្តរជាតិឆ្នាំ ២០២៤ លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា ដែលជាវិស័យឯកជនមានធុរកិច្ចលើវិស័យសំណង់ និងអចនទ្រព្យនៅកម្ពុជាបានគូសបញ្ជាក់ពីការដាក់ចេញគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងការជួយស្តារវិស័យសំណង់និងអចលទ្រព្យឡើងវិញក្នុងប្រទេសកម្ពុជា។

ប្រធានសមាគមអ្នកសាងសង់កម្ពុជារូបនេះ បានលើកពីការផ្ដល់គោលការណ៍លើកទឹកចិត្តពន្ធដាររបស់រដ្ឋាភិបាល ក្នុងវិស័យអចលនទ្រព្យ ដើម្បីកាត់បន្ថយបន្ទុកក្នុងការចំណាយបង់ពន្ធដល់អ្នកអភិវឌ្ឍអចលនទ្រព្យ និងប្រជាពលរដ្ឋជាម្ចាស់អចលនទ្រព្យដែលក្នុងនោះរួមមាន ការលើកលែងពន្ធលើចំណេញមូលធនលើអចលនទ្រព្យ, ការអនុញ្ញាតការបង់ពន្ធជាកញ្ចប់តាមគម្រោងដល់ក្រុមហ៊ុនអភិវឌ្ឍន៍សំណង់ និងការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់ កាប់លំនៅដ្ឋានគ្រប់ប្រភេទមានលក្ខណៈជាបុរីដែលមានតម្លៃក្រោម ឬស្មើ ៧ ម៉ឺនដុល្លារអាមេរិក ដែលគោលការណ៍នេះត្រូវបានអនុញ្ញាតឲ្យអនុវត្តរហូតដល់ដំណាច់ឆ្នាំ២០២៥។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានសម្រេចលើកលែងការយកពន្ធលើដីធ្លីមិនប្រើប្រាស់សម្រាប់ដីក្រោម ៥ ហិកតា ក្នុងមួយកន្លែងថែមទៀត។
លោកអ្នកឧកញ៉ា ពុង ឃាវសែ បានបន្តថា ក្នុងពិធីសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ ២០២៤ និងទិសដៅការងារឆ្នាំបន្តរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្តល់គោលការណ៍បន្ថែមកាន់តែល្អប្រសើរថែមទៀត ដើម្បីជួយដល់វិស័យអចលនទ្រព្យដែលមានលក្ខណ:ជាបុរី សម្រាប់អ្នកទិញលំនៅឋានលើកទី១ ដែលមានតម្លៃក្រោម ២១ ម៉ឺនដុល្លាអាមេរិក ក៏ត្រូវបានលើកលែងពន្ធប្រថាប់ត្រាជូនប្រជាពលរដ្ឋត្រឹមដំណាច់ឆ្នាំ២០២៥ នេះផងដែរ។

ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅរសៀលថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា ដើម្បីជួយជំរុញដល់ការងើបឡើងវិញនៃវិស័យអចលទ្រព្យកម្ពុជា រាជរដ្ឋាភិបាលបានសម្រេចបន្តអនុគ្រោះឱ្យរួចពន្ធប្រថាប់ត្រាសម្រាប់អ្នកទិញផ្ទះតម្លៃក្រោម ៧ ម៉ឺនដុល្លារ រហូតដល់ដាច់ឆ្នាំ២០២៥ បើទោះបីផ្ទះនោះមានកិច្ចសន្យាទិញ-លក់ មុនឆ្នាំ២០២០ ក៏ដោយ។
លើសពីនេះ សម្តេចនាយករដ្ឋមន្រ្តីបន្តទៀតថា ក៏កំពុងរៀបចំឱ្យមានការលើកទឹកបន្ថែមទៀត ដោយអនុញ្ញាតឱ្យអ្នកទិញផ្ទះលើកទី ១ តម្លៃ ២១ ម៉ឺនដុល្លារចុះក្រោម ក៏ទទួលបានការលើកលែងពន្ធប្រថាប់ត្រាផ្ទេរកម្មសិទ្ធិផងដែរ។
សម្តេចសង្ឃឹមថា វិធានការលើកទឹកចិត្តផ្នែកពន្ធដារនេះ នឹងជួយគាំទ្រនិងបង្កលក្ខណៈដល់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន អ្នកវិនិយោគ និងប្រជាពលរដ្ឋជាម្ចាស់អចលនទ្រព្យទាំងអស់ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍវិស័យអចលនទ្រព្យ និងសេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែរីកចម្រើនរឹងមាំបន្ថែមទៀត។
លោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាបានថ្លែងថា ការដែលរាជរដ្ឋាភិបាលសម្រេចឱ្យមានការបន្ត និងបន្ថែមការលើកទឹកចិត្តពន្ធដារចំពោះវិស័យអចលនទ្រព្យ បានជួយកាត់បន្ថយបន្ទុកចំណាយបង់ពន្ធ របស់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន និងប្រជាពលរដ្ឋជាម្ចាស់អចលនទ្រព្យ។
តាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរោបនីយកម្មនិងសំណង់ ក្នុងរយៈពេល ៦ ខែ ដើមអាណត្តិទី ៧ គម្រោងសំណង់នៅទូទាំងប្រទេសមានចំនួន ១ ៦៤២ គម្រោង មានតម្លៃទុនវិនិយោគប្រមាណជាង ២,៦ ពាន់លានដុល្លារ។
បើទោះបីស្ថានភាពសេដ្ឋកិច្ចក្នុងតំបន់និងពិភពលោក នៅពុំទាន់ប្រសើរឡើងវិញដូចស្ថានភាពមុនការរីករាលដាលនៃជំងឺកូវីដ-១៩ ក្ដី វិស័យសំណង់កម្ពុជានៅតែមានកំណើនជាប្រចាំ។ គម្រោងថ្មីៗដែលបានស្នើសុំក្នុងរយៈពេល ៦ ខែ ឆ្នាំ២០២៤ មានកំណើនខ្ពស់ជាងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។
នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ ២០២៥ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរោបនីយកម្ម និងសំណង់ បានដាក់ក្តីពឹងទុកថា វិស័យសំណង់នឹងប្រែក្លាយទៅជាឧស្សាហកម្ម ដែលនឹងចូលរួមបង្កើនចំណូលថវិកាជាតិ និងកំណើនសេដ្ឋកិច្ចកម្ពុជា៕
-
ព័ត៌មានជាតិ១៩ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


