កីឡា
បច្ចុប្បន្ន លន បញ្ញា អាចចាត់ទុកជាកីឡាករលំដាប់ លេខ១ទម្ងន់៦៧គីឡូក្រាម
ក្រោយពេល ឡៅ ចិត្រា បានឡើងទម្ងន់ និងហាក់ដូចជាសមត្ថភាពថយចុះ កីឡាករគុនខ្មែរ លន បញ្ញា អាចត្រូវបានចាត់ទុកជាអ្នកប្រដាល់លំដាប់លេខ១ក្នុងប្រភេទទម្ងន់៦៧គីឡូក្រាមនាពេលបច្ចុប្បន្ន។

រហូតដល់ពេលនេះ លន បញ្ញា បានប្រឡូកក្នុងអាជីពប្រដាល់រយៈពេលប្រមាណ៩ឆ្នាំ បន្ទាប់ពីរូបគេបានចាប់ផ្តើមហ្វឹកហាត់គុនខ្មែរដំបូងតាំងពីឆ្នាំ២០១៦។ ក្នុងរយៈពេលនេះ កីឡាករទទួលបានជោគជ័យយ៉ាងធំធេងទាំងជូនជាតិ និងផ្ទាល់ខ្លួន។
កីឡាករបានឈ្នះមេដាយមាសកីឡាស៊ីហ្គេម ឆ្នាំ២០២៣ និងឈ្នះមេដាយប្រាក់ស៊ីហ្គេម ឆ្នាំ២០២១ នៅប្រទេសវៀតណាមដែលនេះជាសមិទ្ធផលជូនជាតិ។ ក្រៅពីសមិទ្ធផលជូនជាតិ លន បញ្ញា បានឈ្នះខ្សែក្រវាត់ចំនួន៦ខ្សែ និងរង្វាន់រថយន្តថ្មីសន្លាង១គ្រឿង។

លន បញ្ញា បានឈ្នះខ្សែក្រវាត់គ្រុឌគុនខ្មែរ២ខ្សែគឺទី១នៅពេលរូបគេបានឈ្នះកីឡាករអាហ្វ្រិកខាងត្បូង Ncedo Gomba និងទី២ នៅពេលរូបគេបានឈ្នះកីឡាករថៃ Lamnamoonlek Tded99។ សម្រាប់ខ្សែក្រវាត់ទាំងពីរនេះ រូបគេបានឡើងការពារជោគជ័យរហូត។
ខ្សែក្រវាត់ទី៣គឺ Kun Khmer Super Strike ដែលរូបគេបានយកឈ្នះលើមិត្តរួមជាតិ ឡុង សំណាង និងបានឡើងការពារជោគជ័យជាច្រើនដែរ។ ខ្សែក្រវាត់៣ទៀតគឺខ្សែក្រវាត់ប្រាក់អធិរាជគុនខ្មែរ ខ្សែក្រវាត់ Wurkz និងខ្សែក្រវាត់ស្រាបៀរកម្ពុជា។

រង្វាន់ធំបំផុតមួយគឺរថយន្តថ្មីសន្លាង១គ្រឿងនៅពេលរូបគេបានឈ្នះលើមិត្តរួមជាតិ មឿន សុខហ៊ុច។
កីឡាករដែលកើតនៅឆ្នាំ១៩៩៩ និងកម្ពស់១.៧៩ម៉ែត្រ កំពុងរក្សាទម្ងន់បានល្អ និងសមត្ថភាពកាន់តែកើនឡើងគួរឲ្យសរសើរ។ រូបគេជាកីឡាករដែលមានក្បាច់សម្លាប់ដៃគូចម្រុះគឺកណ្តាប់ដៃ ទាត់ ជង្គង់ និងកែង។ អ្វីដែលគួរឲ្យកត់សំគាល់មួយរយៈពេលចុងក្រោយនេះ ការទាត់ផ្កាប់ចានរលាស់ចុងជើងពិតជាគ្រោះថ្នាក់មែនទែនសម្រាប់ដៃគូ។
ក្រៅតែក្បាច់ដ៏សំបូរបែប លន បញ្ញា ជាកីឡាករវ៉ៃបច្ចេកទេស និងមិនងាយសម្រុកចូលទាំងកម្រោល ឬថយក្រោយខ្លាំងនោះទេ។ បូករួមជាមួយស្មារតី និងសីលធម៌ល្អ រូបគេស័ក្តិសមជាកីឡាករលំដាប់ឈានមុខគេ។

ដៃគូក្នុងស្រុកដែលពិបាកខ្លាំងបំផុតសម្រាប់ លន បញ្ញា គឺ ឡៅ ចិត្រា។ កីឡាករទាំងពីរបានជួបគ្នាក្នុងព្រឹត្តិការណ៍សំខាន់២ដង ប៉ុន្តែ លន បញ្ញា មិនធ្លាប់ទទួលបានជ័យជម្នះឡើយ។ លើកទី១ ការប្រកួតដណ្តើមខ្សែក្រវាត់មាស អធិរាជគុនខ្មែរដែលមានប្រាក់រង្វាន់៤០លានរៀល លន បញ្ញា បានចាញ់សន្លប់ក្នុងទឹកទី២ និងជួបគ្នាធំលើកទី២ លន បញ្ញា បានចាញ់ពិន្ទុដោយទទួលបាន២០លានរៀល ខណៈ ឡៅ ចិត្រា ទទួលបាន៤០លានរៀល កាលពីខែមីនា ឆ្នាំ២០២៤។
ក្រោយមក ឡៅ ចិត្រា បានរបួស និងទម្ងន់បានឡើងបានធ្វើឲ្យសមត្ថភាពក៏ធ្លាក់ចុះ។ បច្ចុប្បន្ន រូបគេប្រកួតក្នុងទម្ងន់៦៨គីឡូក្រាម ហើយពិតជាពិបាកធ្វើទម្ងន់ឲ្យធ្លាក់ចុះណាស់។ ស្របពេលជាមួយគ្នានេះ លន បញ្ញា បានកើនឡើងសមត្ថភាព និងរក្សាទម្ងន់បានល្អ ដូច្នេះអាចចាត់ទុករូបគេកំពុងឈរលំដាប់លេខសម្រាប់ទម្ងន់៦៧គីឡូក្រា៕

សមិទ្ធផលសំខាន់ៗរបស់ លន បញ្ញា
- ខ្សែក្រវាត់ប្រាក់អធិរាជគុនខ្មែរ
- ខ្សែក្រវាត់ Wurkz
- ខ្សែក្រវាត់ស្រាបៀរកម្ពុជា រដូវកាលទី៤
- ខ្សែក្រវាត់ Kun Khmer Super Strike
- ខ្សែក្រវាត់គុនគ្រុឌខ្មែរទី១
- ខ្សែក្រវាត់គ្រុឌគុនខ្មែរទី២
- មេដាយមាស កីឡាស៊ីហ្គេម ២០២៣
- មេដាយប្រាក់ កីឡាស៊ីហ្គេម ២០២១
- រង្វាន់រថយន្តថ្មី១គ្រឿង

អត្ថបទ៖ វីរបុត្រ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


