ព័ត៌មានជាតិ
ក្រសួងវប្បធម៌ ប្រកាសពីការប្រកួតប្រលោមលោក និងកំណាព្យរឿងពានរង្វាន់ព្រះនាងឥន្ទ្រទេវី ដើម្បីលើកស្ទួយអក្សរជាតិ
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ស្តីពីការប្រឡងស្នាដៃតែងនិពន្ធប្រលោមលោកខ្នាតខ្លី និងកំណាព្យរឿង ពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០២៥ ដើម្បីចូលរួមថែរក្សា លើកតម្កើង និងជំរុញវិស័យអក្សរសិល្ប៍ អក្សរសាស្ត្រជាតិឱ្យកាន់តែប្រសើរឡើងថែមទៀត។

ចំពោះប្រធានបទនៃការប្រឡង គឺ សេរី ដោយផ្ទៃរឿងទាំងមូលត្រូវមានលក្ខខណ្ឌសមស្របដូចជា អត្ថន័យ មាន៣ចំណុច គឺ សច្ចធម៌ សីលធម៌ និងគុណធម៌។ អត្ថរូប មាន៣ចំណុច គឺ វិធីតែង រចនាបថ និងសិល្ប៍សោភ័ណ ចុងក្រោយ អត្ថរស ក៏មាន៣ចំណុចដែរ គឺបង្ហាញឱ្យឃើញពីការអប់រំ ការអភិវឌ្ឍ និងការរក្សាតម្លៃអត្តសញ្ញាណជាតិ។
ចំណែកលក្ខខណ្ឌសំណេរវិញ ក្រសួងបញ្ជាក់ថា បេក្ខជនប្រឡងត្រូវដាក់ប្រឡងនូវស្នាដៃថ្មីដែលមិនធ្លាបើទទួលបានជយលាភី ឬបោះពុម្ពផ្សាយពីមុន។ ត្រូវមានខ្នាតក្រដាស A4 ចាប់ពី១៥ ទៅ៣០ទំព័រ, អក្សរសរសេរក្នុងកុំព្យូទ័រ ប្រើFont យូនីកូត Khmer OS Siemrep និងត្រូវមានទំហំអក្សរ ១២។ ជាមួយគ្នានេះ អក្ខរាវិរុទ្ធ គឺត្រូវយកតាមវចនានុក្រមខ្មែរ របស់ព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ និងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាជាតិខ្មែរ។

សម្រាប់បេក្ខជនដែលជាប់ការប្រកួតប្រជែងនេះ នឹងជ្រើសយកជយលាភីលេខ១ ដល់លេខ៣ សម្រាប់ប្រលោមលោកខ្នាតខ្លី ៣រូប និងកំណាព្យរឿង ៣រូប ដោយមានជាមួយពាន ១ និងទឹកប្រាក់។ បន្ថែមពីនេះ ក៏មានរង្វាន់កិត្តិយស លេខ៤ និងលេខ៥ ប្រលោមលោកខ្នាតខ្លី២រូប និងកំណាព្យរឿង២រូប ដោយទទួលបានបណ្ណសរសើរ១ និងទឹកប្រាក់ផងដែរ។

ប្រសិនជាសាធារណជនមានជំនាញផ្នែកតែងនិពន្ធ និងមានចំណាប់អារម្មណ៍ចង់ចូលរួមប្រកួត អាចបញ្ជូនស្នាដៃរបស់ខ្លួន នៅនាយកដ្ឋានសៀវភៅ និងការអាន អគារលេខ៤៤ ផ្លូវសម្តេចប៉ាន (លេខ២១៤) សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ រៀងរាល់ម៉ោងធ្វើការ ឬទាក់ទងតាមតេឡេក្រាម ០១១ ៨៥០ ០៩៤ និង ០១២ ៨០១ ១២២ ឬ ០៧៨ ៦៦៨ ៩៧៧។ ស្នាដៃនឹងឈប់ទទួល ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង១៧:០០នាទីល្ងាចជាកំហិត៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


