ព័ត៌មានជាតិ
ផ្លូវថ្មើរជើង៖ រដ្ឋបាលរាជធានីកំពុងដក ពិសោធន៍ ដើម្បីកែលម្អឱ្យកាន់តែទាក់ទាញ
ផ្លូវថ្មើរជើង (Walk Street) ដែលត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ប្រកាសដាក់ឱ្យដំណើរការសាកល្បងតាមបណ្តោយមាត់ទន្លេ កាលពីសប្តាហ៍មុន ទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ភ្ញៀវជាតិ-អន្តរជាតិ ដែលបានមកដើរលេងកម្សាន្ត។ ទោះជាយ៉ាងណា ផ្លូវថ្មើរជើងថ្មីថ្មោងជាលើកដំបូងនេះ នៅពុំអាចទាក់ចិត្តភ្ញៀវឱ្យមកដើរកម្សាន្តរយៈពេលយូរនោះទេ ដោយសារខ្វះទស្សនីភាព កន្លែងទទួលទានអាហារ និងកន្លែងកម្សាន្តផ្សេងៗ។
ដើម្បីដោះស្រាយ និងបំពេញចំណុចខ្វះខាតទាំងនេះ រដ្ឋបាលរាជធានីភ្នំពេញ កំពុងដកពិសោធន៍ដើម្បីកែលម្អផ្លូវថ្មើរជើងឱ្យកាន់តែមានភាពទាក់ទាញបន្ថែមទៀត។

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានថ្លែងប្រាប់កម្ពុជាថ្មីថា ផ្លូវថ្មើរជើងដែលទើបដាក់ឱ្យដំណើរការសាកល្បងកន្លងទៅទទួលបានគាំទ្រច្រើនពីសំណាក់ពលរដ្ឋក្នុងស្រុក រួមទាំងភ្ញៀវអន្តរជាតិ។ ប៉ុន្តែលោកក៏ទទួលស្គាល់ថា នៅមានចំណុចខ្វះខាតមួយចំនួនទៀតដើម្បីកែលម្អ ហើយក្រុមការងារកំពុងដកពិសោធនលើកិច្ចការងារនេះ។ លោកមានប្រសាសន៍ថា៖« នៅមានចំណុចខ្វះខាតមួយចំនួន យើងកំពុងរៀបចំប្រជុំដើម្បីដកស្រង់បទពិសោធន៍ ដើម្បីកែល្អ ធ្វើយ៉ាងណាជួយពួកគាត់ឱ្យមានកន្លែងសប្បាយកាន់តែច្រើន ដើម្បីទាក់ទាញគាត់ឱ្យនៅបានយូរ»។

បើតាមអភិបាលរាជធានី ការបើកសាកល្បងរយៈពេលពីរថ្ងៃមានមនុស្សមកលេងកម្សាន្តច្រើនកុះករ ខណៈថ្ងៃទី ២ ចំនួនអ្នកដើរកម្សាន្តលើផ្លូវថ្មើរជើងមានការកើនឡើង បើប្រៀបទៅនឹងថ្ងៃទី១។ លោកថ្លែងថា៖« យើងមិនទាន់កំណត់ចំនួនមនុស្សបានទេ គ្រាន់តែដឹងថាថ្ងៃទី ២ ភ្ញៀវមានការកើនឡើងជាងថ្ងៃទី ១ ។ យើងបានរៀបចំ ដូចជាការប្រគុំតន្រ្តីខ្នាតតូច ការគូរគំនូរ អានសៀវភៅ ធ្វើម៉េចឱ្យដំណើរការសិន យើងនឹងរៀបចំបណ្តើរៗ កែលម្អថែមទៀត ដើម្បីទាក់ទាញភ្ញៀវមកចូលរួមកាន់តែច្រើន ហើយដើរលេងបានយូរ»។
លោក ឃួង ស្រេង បានឱ្យដឹងទៀតថា ភ្ញៀវជាតិ និងអន្តរជាតិ បានមកលេងកម្សាន្តតាមបណ្តោយផ្លូវថ្មើរជើងចាប់ពីម៉ោង ៦ ល្ងាច ទៅ ប៉ុន្តែថមថយទៅវិញនៅវេលាម៉ោងប្រមាណ ៩ យប់។ លោកបញ្ជាក់ថា៖« យើងបើកពីម៉ោង ៦ដល់ ម៉ោង ១១ យប់ ។ ប៉ុន្តែយើងសង្កេតឃើញថា ប្រហែលម៉ោង ៩ ឬ១០ ទៅ អត់សូវមានមនុស្ស ដោយសារអត់កន្លែងមើល មិនសូវមានកន្លែងហូបចុក អត់មានទស្សនីយភាពផ្សេងៗ ដែលយើងត្រូវធ្វើបន្ថែមទៀតដើម្បីទាក់ទាញ ព្រោះនេះជាការសាកល្បង ហើយយើងនឹងដកស្រង់បទពិសោធន៍បញ្ហា»។

បើតាមលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងករណីផ្លូវថ្មើរជើងនេះ ទទួលបានជោគជ័យ រដ្ឋបាលនឹងសិក្សាលើទីតាំងអំណោយផលផ្សេងទៀតដើម្បីដាក់ឱ្យដំណើរការផ្លូវថ្មើរជើងបន្ថែមក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ។
គួរជម្រាបថា ផ្លូវថ្មើរជើង ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ដាក់ឱ្យដំណើរការសាកល្បង កាលពីថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០២៥ តទៅ សម្រាប់តែថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ប៉ុណ្ណោះ ចាប់ពីម៉ោង ១៨:០០ នាទី រហូតដល់ម៉ោង ២៣:០០ នាទីយប់ នៅតាមបណ្ដោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ ៩៤) រហូតដល់មុខព្រះបរមរាជវាំង ស្ថិតក្នុងខណ្ឌដូនពេញ៕
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


