ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីចេញបញ្ជាក្ដៅឱ្យកាត់ផ្ដាច់ខ្សែរយៈជួញដូរគ្រឿងញៀនឆ្លងដែន
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចេញបញ្ជាឱ្យបើកយុទ្ធនាការបោសសម្អាតបណ្ដាញឧក្រិដ្ឋជនជួញដូរគ្រឿងញៀនជាប្រចាំមិនថាតូច ឬធំនោះទេ ហើយត្រូវបង្ក្រាបឱ្យបានមេខ្លោងជួញដូរ និងខ្សែរយៈឆ្លងដែនរបស់ឧក្រិដ្ឋជនទាំងនេះ។

ក្នុងផែនការយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យរដ្ឋបាលរាជធានី ខេត្តទាំងអស់ជាពិសេសខេត្តជាប់ព្រំដែនត្រូវចាត់វិធានការស្វែងរកនិងទប់ស្កាត់ការលួចនាំចូលគ្រឿងញៀនឆ្លងកាត់ព្រំដែនឱ្យមានប្រសិទ្ធភាព លើសពីនេះបើចាំបាច់ត្រូវស្នើសុំកិច្ចសហការជាមួយមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិដើម្បីបង្ក្រាបតែម្ដង។
ក្នុងផែនការនោះសម្ដេចបញ្ជាថា៖ «រដ្ឋបាលខេត្តជាប់ព្រំដែនកម្ពុជា-ឡាវ កម្ពុជា-ថៃ កម្ពុជា-វៀតណាម ត្រូវខិតខំសហការ ជាមួយភាគីឡាវ ភាគីថៃ ភាគីវៀតណាម ដើម្បីផ្លាស់ប្ដូរព័ត៌មាន និងសហការស៊ើបអង្កេតរកមុខសញ្ញា ឈានទៅបង្ការ ទប់ស្កាត់ និងកាត់ផ្ដាច់ការចរាចរគ្រឿងញឿនឆ្លងកាត់តាមព្រំដែន»។

បន្ថែមលើនេះសម្ដេចក៏បញ្ជាឱ្យអគ្គស្នងការដ្ឋានគរបាលជាតិ ត្រូវបើកទូលាយនូវការផ្លាស់ប្ដូរព័ត៌មានជាមួយការិយាល័យសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងបទឧក្រិដ្ឋ UNODC និងអង្គការឧក្រិដ្ឋកម្មនគរបាលអន្តរជាតិ (INTERPOL) និងជាមួយស្ថាប័នអនុវត្តន៍ច្បាប់ប្រទេសនានា ជាពិសេសប្រទេសដែលជាប្រភពនាំចូលគ្រឿងញៀនចូលកម្ពុជា ដើម្បីមានវិធានការបង្ក្រាបអង្គការចាត់តាំងឬបណ្ដាញជួញដូរគ្រឿងញៀនជាអន្តរជាតិឱ្យដល់ឬសគល់។

លោក យង់ គិមអេង៖ «ខ្ញុំមានជំនឿថាប្រសិនជារដ្ឋមានការប្ដេជ្ញាចិត្តខ្ពស់ ហើយមន្ត្រីអនុវត្តន៍តាមបទបញ្ជារបស់សម្ដេចនាយករដ្ឋមន្ត្រីមែន រឿងហ្នឹងគឺអាចបោសសម្អាតបានហើយ។ ហើយមន្ត្រីមិនជាប់ពាក់ព័ន្ធជាមួយឈ្មួញជួញដូរគ្រឿងញៀន មិនកាងឆ្លៀតឈ្លបសម្រួលឱ្យឈ្មួញទេរឿងហ្នឹងធ្វើទៅមានប្រសិទ្ធភាពហើយ។ ខ្ញុំឃើញកន្លងមកក្រសួងមហាផ្ទៃគាត់បានកាត់ផ្ដាច់មន្ត្រីដែលមានពាក់ព័ន្ធនឹងឈ្មួញគ្រឿងញៀនមួយចំនូនដែរហើយ។ អ៊ីចឹងត្រូវតែបោសសម្អាតបន្ថែមទៀត»។
បញ្ជារបស់នាយករដ្ឋមន្ត្រីនៅពេលនេះគឺបន្ទាប់ពីរដ្ឋាភិបាលបានបញ្ចប់នូវយុទ្ធនាការបង្ក្រាបគ្រឿងញៀនលើកទី៩ក្នុងឆ្នាំ២០២៤ ដែលក្នុង១ឆ្នាំនៃយុទ្ធនាការនេះសមត្ថកិច្ចបានបង្ក្រាបដកហូតគ្រឿងញៀនបានជិត១៥តោន និងសារធាតុគីមីទាក់ទងនឹងសារធាតុញៀនបានជាង៣៥០គីឡូក្រាម។ ចំនួននេះបើធៀបទៅនឹងឆ្នាំ២០២៣គឺមានការកើនឡើងដល់ជិត៨ដង ខណៈឆ្នាំ២០២៣សមត្ថកិច្ចបង្ក្រាបនិងដកហូតបានជាង២តោននៃគ្រឿងញៀន៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១៤ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


