ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីឱ្យបង្កើតប្រព័ន្ធតាមដានអ្នកបន្សាបគ្រឿងញៀន
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនគិតគូរបង្កើតប្រព័ន្ធទិន្នន័យឌីជីថលតាមដាននិងគ្រប់គ្រងអ្នកញៀនគ្រឿងញៀនឱ្យមានភាពច្បាស់លាស់ទាំងនៅក្នុងមណ្ឌលព្យាបាលស្ដារនីតិសម្បទា និងពេលធ្វើសមាហរណកម្មចូលសហគមន៍វិញ។

ក្នុងផែនការស្ដីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាទៅស្ថាប័នរដ្ឋចំនួន៤និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ក្នុងកិច្ចការសហការលើដំណើរមណ្ឌលអប់រំបន្សាប ព្យាបាល និងស្ថារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និងធ្វើសមាហរណកម្មពួកគេចូលសហគមន៍វិញ។ ក្នុងនោះអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវគិតគូរបង្កើតប្រព័ន្ធទិន្នន័យឌីជីថលដើម្បីតាមដាន និងគ្រប់គ្រងអ្នកញៀនគ្រឿងញៀនឱ្យមានភាពច្បាស់លាស់នៅតាមមជ្ឈមណ្ឌលទាំងរដ្ឋ និងឯកជន។

អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាយឧត្តមសេនីយ៍ មាស វីរិទ្ធ បានប្រាប់កម្ពុជាថ្មីថា ក្រុមការងារអគ្គលេខាធិការកំពុងសិក្សារៀបចំប្រព័ន្ធទិន្នន័យគ្រប់គ្រងនេះហើយ។ លោកថាការអនុវត្តន៍រក្សាទិន្នន័យកន្លងទៅគឺធ្វើតាមក្រដាស និងពុំមានភាពច្បាស់លាស់ពីសាវតារបស់អ្នកញៀនទាំងនោះៗទេ។
លោកថា៖ «លើកនេះយើងរៀបចំប្រព័ន្ធមួយដែលមានភាពប្រឡាក់ក្រឡាគ្នាដើម្បីដឹងថាទីលំនៅគាត់កើតនៅឯណា? ជាក់ស្ដែងនៅកន្លែងណា? ហើយពេលដែលធ្វើសមាហរណកម្មវិញទៅឱ្យអាជ្ញាធរមូលដ្ឋានជួយមើលបន្ថែមទី១ ទី២ គឺសម្រាប់សមត្ថកិច្ចអាចដឹងដែរថាអ្នកហ្នឹងមានឈ្មោះធ្លាប់ចូលមណ្ឌលឬអត់? បើមិនរាងចាលទេអនុវត្តន៍វិធានការច្បាប់ផ្សេងទៀត មានជម្រើសផ្សេងទៀតដើម្បីយកទៅអនុវត្តន៍ និងគ្រប់គ្រងឱ្យបានហ្មត់ចត់និងម៉ឺងម៉ាត់បើមិនអ៊ីចឹងទីផ្សារនៃការប្រើប្រាស់នៅតែមាន ឬក៏ទីផ្សារនៃការធ្វើសកម្មភាពជួញដូរនិងប្រើប្រាស់ញៀននៅតែមាន»។

ក្នុងផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី១០នេះនាយករដ្ឋមន្ត្រីក៏បញ្ជាទៅរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំ សង្កាត់ ត្រូវយកចិត្តទុកដាក់ឱ្យមានយន្តការគ្រប់គ្រងអ្នកប្រើប្រាស់គ្រឿងញៀន ដោយត្រូវប្រមូលទិន្នន័យឱ្យបានច្បាស់លាស់ពីមុខសញ្ញាប្រើប្រាស់ និងងាយរងផលប៉ះពាល់ដោយសារគ្រឿងញៀន ត្រូវជំរុញលើកទឹកចិត្តឱ្យទៅព្យាបាល និងតាមដានគ្រប់គ្រងបុគ្គលដែលធ្វើសមាហរណកម្មចូលសហគមន៍វិញ ទប់ស្កាត់កុំឱ្យត្រលប់ទៅសេពគ្រឿងញៀនវិញ។
អនុប្រធានមណ្ឌលស្តារនីតិសម្បទា ព្យាបាល អ្នកញៀនគ្រឿងញៀន-ឌីធីអេ លោក ហង្ស ប្រសើរ ថាបញ្ហាធ្វើឱ្យអ្នកញៀនគ្រឿងញៀនពេលចេញពីមណ្ឌលហើយនៅតែត្រលប់មកវិញគឺទាក់ទងនឹងផ្លូវចិត្តរបស់ពួកគេ ដែលត្រូវការតាំងចិត្តខ្ពស់ រួមការសហការពីគ្រួសារ និងសង្គមផងដែរ។ លោកគាំទ្រចំពោះការរៀបចំប្រព័ន្ធទិន្នន័យឌីជីថលក្នុងការគ្រប់គ្រង ដោយអាចតាមដាននិងអាចចាត់វិធានការ ឬការព្យាបាលសមស្របចំពោះអ្នកញៀនគ្រឿងញៀនបាន។

លោកថា៖ «វិធានការនេះល្អចូលរួមជាចំណែកមួយដើម្បីគ្រប់គ្រងការងារស្ដារហ្នឹងឱ្យមានប្រសិទ្ធភាព។ ហើយករណីនៃការកែប្រែគាត់មានកម្រិតអាហ្នឹងយើងក្ដាប់បានព័ត៌មានហ្នឹងទៅយើងអាចមានវិធានការបន្តទៅតាមហ្នឹងទៀត»។
គួរឱ្យដឹងដែរថាក្នុងឆ្នាំ២០២៤ សមត្ថកិច្ចបានបង្ក្រាបដកហូតគ្រឿងញៀនបានជិត១៥តោន កើនលើសឆ្នាំ២០២៣ជាង៧ដង ខណៈបង្ក្រាបករណីប្រើប្រាស់គ្រឿងញៀនបានជាង៤ពាន់ករណី និងបញ្ជូនមនុស្សជាង១ម៉ឺន៤ពាន់នាក់ទៅមណ្ឌលអប់រំបន្សាបគ្រឿងញៀនទាំងរដ្ឋ និងឯកជន៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ