ព័ត៌មានអន្ដរជាតិ
ស្លាប់និងរបួសជិត៨០នាក់ក្នុងការបំផ្ទុះដ៏សាហាវសំដៅការជួបជុំរបស់ក្រុមឧទ្ទាមM23នៅកុងហ្គោ
មេដឹកនាំនៃសម្ព័ន្ធឧទ្ទាមបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ១១នាក់បានស្លាប់ និង ៦៥នាក់បានរងរបួស ក្នុងហេតុការណ៍ផ្ទុះគ្រាប់បែក២លើកនៅទីក្រុង Bukavu ក្នុងអំឡុងពេលជួបជុំប្រមូលផ្តុំគ្នារបស់ក្រុមឧទ្ទាម M23 និងអ្នកគាំទ្ររបស់ពួកគេ ស្ថិតនៅភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC)។ នេះបើយោងការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២៨ខែកុម្ភៈនេះ។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា ការផ្ទុះលើកដំបូងបានបង្កឱ្យមានការភ័យស្លន់ស្លោ ធ្វើឲ្យមនុស្សម្នានៅក្នុងការជួបជុំរត់គេចខ្លួន និងបន្ទាប់មកមានការផ្ទុះលើកទីពីរ។ អ្នកស្រុកបាននិយាយថា ការផ្ទុះនោះមានអមដោយការបាញ់កាំភ្លើងថែមទៀត។
បើតាមលោក Corneille Nangaa ដែលជាមេដឹកនាំនៃសម្ព័ន្ធទន្លេកុងហ្គោ ដែលរួមមាន M23 បាននិយាយថា គ្រាប់បែកដៃត្រូវបានប្រើប្រាស់ក្នុងការផ្ទុះនេះ ហើយជាប្រភេទដូចគ្នាដែលប្រើដោយកងទ័ពBurundiនៅក្នុង DRC ។ ទោះយ៉ាងណាការអះអាងនេះមិនអាចយកជាការបានទេ។
គួរបញ្ជាក់ថាBukavu គឺជាទីក្រុងសំខាន់មួយក្នុងចំណោមទីក្រុងសំខាន់ៗចំនួនពីរនៅក្នុងតំបន់ដែលមានភាពច្របូកច្របល់ទទួលរងការវាយប្រហារដណ្ដើមយកក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះដោយក្រុមឧទ្ទាម M23 ដែលអ្នកជំនាញរបស់អង្គការសហប្រជាជាតិបានថា គាំទ្រដោយប្រទេសរវ៉ាន់ដា។
ក្រុមឧទ្ទាមបានព្យាយាមបង្ហាញថា ខ្លួនអាចស្តារសណ្តាប់ធ្នាប់នៅក្នុងទឹកដីដែលខ្លួនដណ្ដើមយកពីកងទ័ពរបស់ DRC ហើយបានបើកកំពង់ផែ និងសាលារៀនឡើងវិញ។ ក្រុមឧទ្ទាម M23 នេះ បានវាយលុកឆ្លងកាត់ភាគខាងកើត DRC ដោយដណ្តើមបានទីក្រុងសំខាន់ៗ និងបានសម្លាប់មនុស្សប្រហែល៧០០០នាក់។
ក្នុងប្រតិបត្តិការវាយប្រហាររបស់ពួកគេ ក៏មានរបាយការណ៍អំពីការរំលោភបំពានផ្លូវភេទលើកុមារ និងការជ្រើសរើសអនីតិជនធ្វើជាទាហានផងដែរ។ ការឈានទៅមុខរបស់ពួកឧទ្ទាមបានធ្វើឱ្យមានការភ័យខ្លាចថា មានសង្គ្រាមក្នុងតំបន់ដែលអាចទាក់ទាញប្រទេសជិតខាងរបស់ DRC ដូចជាប្រទេសរវ៉ាន់ដាចូលរួមផងដែរ៕




អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១៩ ម៉ោង agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍៧ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ១៩ ម៉ោង agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


