ព័ត៌មានជាតិ
រដ្ឋមន្ត្រីយុត្តិធម៌ ចង់ឃើញចៅក្រម ព្រះរាជអាជ្ញាធ្វើការងារដោយមិនវៀចវេរ ជាជាងឃើញអ្នកទាំងនោះអស់តំណែង
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ថ្លែងថា ក្នុងនាមជាថ្នាក់ដឹកនាំវិស័យយុត្តិធម៌ លោក ចង់ឃើញចៅក្រម និងព្រះរាជអាជ្ញា បំពេញការងារដោយត្រឹមត្រូវ មិនវៀចវេរ ផ្ដល់យុត្តិធម៌ពិតប្រាកដជូនពលរដ្ឋ ដោយលោកមិនចង់ឃើញចៅក្រម និងព្រះរាជអាជ្ញាណាម្នាក់ប្រព្រឹត្តកំហុសខុសឆ្គង រហូតត្រូវទទួលរងវិន័យ ឬហូតឈានដល់ការបណ្តេញចេញពីក្របខណ្ឌឡើយ។ លោក កើត រិទ្ធ លើកឡើងបែបនេះ នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំ២០២៤ និងកំណត់ទិសដៅការងារជាអាទិភាពឆ្នាំ២០២៥ រៀបចំឡើងនារសៀលថ្ងៃទី១២ ខែមីនា នេះ។

នៅចំពោះមុខមន្ត្រីនៃវិស័យយុត្តិធម៌ លោក កើត រិទ្ធ ថ្លែងសង្កត់ធ្ងន់ដូច្នេះ៖« ក្នុងនាមជាថ្នាក់ដឹកនាំវិស័យយុត្តិធម៌មួយរូប ខ្ញុំពិតជាមិនចង់ឃើញចៅក្រម ឬព្រះរាជអាជ្ញារូបណា ដែលត្រូវក្លាយជាកម្មវត្ថុនៃការវះកាត់ ឬការលះបង់នៅក្នុងក្របខណ្ឌនៃកំណែទម្រង់ទេ ប៉ុន្តែខ្ញុំចង់ឃើញចៅក្រម ព្រះរាជអាជ្ញា ផ្លាស់ប្ដូរឥរិយាបថរួមគ្នា ដើម្បីតម្កល់នូវឧត្ដមគតិយុត្តិធម៌ បម្រើវិស័យយុត្តិធម៌នេះដោយស្មោះត្រង់ ដើម្បីជាផលប្រយោជន៍នៃអង្គចៅក្រមផង ដើម្បីជាផលប្រយោជន៍នៃសង្គមជាតិរបស់យើងផង »។

ការថ្លែងរបស់លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បែបនេះ បន្ទាប់ពីកាលពីពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០២៥ នេះ ចៅក្រម និងព្រះរាជអាជ្ញា២៣រូបរងវិន័យ និង១រូបត្រូវបានបណ្តេញចេញពីក្របខណ្ឌ។

លោក កើត រិទ្ធ លើកឡើងថា វិស័យយុត្តិធម៌ នៅតែទទួលបានទស្សនៈមួយ គឺត្រីមួយកន្ត្រកស្អុយមួយស្អុយទាំងអស់ ដែលជាទស្សនៈមួយវាយតម្លៃលើមន្ត្រីនៃវិស័យយុត្តិធម៌ទាំងអស់ថាមិនល្អ ទាំងដែលបុគ្គលម្នាក់សោះប្រព្រឹត្តកំហុសឆ្គង។ ដើម្បីបំបាត់នូវទស្សនៈនេះចេញពីផ្នត់គំនិតសង្គមកម្ពុជា លោក កើត រិទ្ធ ប្ដេជ្ញាដកចេញនូវត្រីដែលស្អុយ ឬមន្ត្រីដែលប្រព្រឹត្តកំហុសឆ្គងធ្ងន់ធ្ងរចេញ កុំឱ្យប៉ះពាល់ដល់មន្ត្រីល្អ ស្អាតស្អំ។

លោកឧបនាយករដ្ឋមន្ត្រី ក៏ប្រាប់ទៅកាន់អង្គចៅក្រម និងមន្ត្រីក្រោមដំបូលវិស័យយុត្តិធម៌ថា នៅក្នុងដំណាក់កាលកែទម្រង់ វិន័យត្រូវតែពង្រឹង មានយ័ន្តចំនួន២ ដែលអាចការពារខ្លួនបានកុំឱ្យទទួលរងវិន័យ គឺទី១ត្រូវប្រកាន់ខ្ជាប់នូវឧត្ដមគតិយុត្តិធម៌ យកភាពត្រឹមត្រូវជាត្រីវិស័យក្នុងការសម្រេចចិត្ត។ តាមលោក កើត រិទ្ធ បើអង្គចៅក្រមខ្ជាប់បែបនេះ ទោះបីជាមន្ត្រីអធិការកិច្ចចុះត្រួតពិនិត្យលើការអនុវត្តការងារយ៉ាងក៏ដោយ ហើយរកឃើញថាការសម្រេចចិត្តផ្ដល់យុត្តិធម៌ពិតជូនពលរដ្ធ នោះមិនត្រូវរងវិន័យឡើយ។

លោក កើត រិទ្ធ បន្ថែមថា យ័ន្តទី២ ដែលជួយការពារអង្គចៅក្រមគឺ ការសរសេរសាលក្រមប្រកបដោយការប្រុងប្រយ័ត្ន ភាពហ្មត់ចត់ ឈរលើទិដ្ឋភាពច្បាប់ មានសំអាងហេតុច្បាស់លាស់ ព្រោះបើក្រុមប្រឹក្សាវិន័យ ក្រុមការងារអធិការកិច្ច ចុះទៅពិនិត្យការងារនោះ នឹងពិនិត្យលើសាលក្រមមុនគេបង្អស់៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៨ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


