ព័ត៌មានជាតិ
រដ្ឋមន្ត្រីចំនួនពីរក្រសួង ចុះពិនិត្យផ្តល់សេវាការប្រើប្រាស់បណ្ណមូលនិធិសមធម៌ និង ប.ស.ស នៅមន្ទីរពេទ្យព្រះអង្គឌួង
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីព្រឹកថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៥ បានអញ្ជើញចុះពិនិត្យស្ថានភាពផ្ទាល់ការបម្រើសេវាសុខាភិបាល និងការប្រើប្រាស់សេវាមូលនិធិសមធម៌ និង ប.ស.ស របស់ប្រជាពលរដ្ឋ ដែលមកទទួលសេវានៅមន្ទីរពេទ្យព្រះអង្គឌួង។

ការអញ្ជើញចុះត្រួតពិនិត្យនេះបានធ្វើឡើងបន្ទាប់ពីមានប្រជាពលរដ្ឋមកទទួលសេវាកាន់តែច្រើនឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ពិសេសអ្នកប្រើប្រាស់ ប.ស.ស. និងមូលនិធិសមធម៌សុខាភិបាល។ ការកើនឡើង នៃការមកទទួលបម្រើសេវានាពេលនេះ បង្ហាញពីការជឿទុកចិត្ត និងភាពរីកចម្រើនលើសេវាសាធារណៈ។

ទន្ទឹមនឹងការរីកចម្រើន ក្នុងនាមថ្នាក់ដឹកនាំក្រសួងសុខាភិបាល ក៏ដូចជាក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានណែនាំ និងបន្តជំរុញឱ្យថ្នាក់ដឹកនាំមន្ទីរពេទ្យ និងផ្នែក ប.ស.ស. កាន់តែបន្តយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត ដោយស្របតាមការអនុវត្ត នៃវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ក្នុងគោលដៅលើកកម្ពស់គុណភាពសេវាសុខាភិបាល ឈានឆ្ពោះទៅសម្រេចបានការគ្របដណ្ដប់សុខភាពជាសកល។

ឆ្លៀតក្នុងឱកាសនោះដែរ លោកសាស្ត្រាចារ្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង លោករដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជួបសំណេះសំណាល និងសួរសុខទុក្ខអ្នកជំងឺ គ្រួសារអ្នកជំងឺ ដែលមកទទួលសេវានៅមន្ទីរពេទ្យព្រះអង្គឌួង ដើម្បីស្វែងយល់ពីការបម្រើសេវារបស់មន្ត្រីសុខាភិបាល ក្នុងការពង្រឹងគុណភាពបម្រើសេវាប្រកបដោយប្រសិទ្ធភាព ស័ក្ដិសិទ្ធិភាព ជាមួយក្រមសីលធម៌វិជ្ជាជីវៈ និងដោយមិនមានការរើសអើង។

ជាចុងក្រោយ រដ្ឋមន្ត្រីទាំងពីរ បានសំដែងនូវការកោតសរសើរដល់ក្រុមការងារទាំងអស់ ទាំងមន្ទីរពេទ្យ និង ប.ស.ស. អំពីការខិតខំបម្រើសេវាជូនប្រជាពលរដ្ឋ ដែលប្រៀបបានដូចជាកូន ជាចៅ និងក្រុមគ្រួសារផ្ទាល់ ដោយបានបង្ហាញពីភាពកក់ក្តៅ រួសរាយរាក់ទាក់ និងក្នុងឥរិយាបថល្អ សំដៅគុណភាព ប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព។

ក្នុងនោះដែរ លោករដ្ឋមន្ត្រី ឈាង រ៉ា បានណែនាំឱ្យរៀបចំឱ្យមានភាពកាន់តែល្អប្រសើរបន្ថែមទៀត ដោយត្រូវចុះពិនិត្យ និងជួយសម្រួលឱ្យបានញឹកញាប់ដល់ពលរដ្ឋដែលរង់ចាំ មិនត្រូវមើលរំលងករណីតម្រូវការជួយបន្ទាន់ ករណីចាស់ជរា ពិការភាព ករណីផ្ទៃពោះ ជាដើម និងបន្តរក្សាប្រសិទ្ធភាព នៃការបម្រើសេវាឱ្យនៅតែមានគុណភាព ជាមួយនឹងការបង្កើតយន្តការរៀបចំផែនការរយៈពេលខ្លី និងរយៈពេលវែង ដោយពិនិត្យយ៉ាងល្អិតល្អន់បំផុត៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


