ជីវិតកម្សាន្ដ
មរណភាព Kim Sae Ron មិនអាចទៅដោយសន្តិភាព ខណៈរឿងចម្រូងចម្រាសនៅតែអូសបន្លាយ
រឿងរ៉ាវរវាងគ្រួសាររបស់តារាសម្ដែងប្រុសស្រីទាំងពីរដួងនេះ នៅតែបន្តបង្កភាពចលាចលនៅក្នុងសាធារណៈជនកូរ៉េ អូសបន្លាយអស់ជាច្រើនសប្តាហ៍ ដោយមិនមានសញ្ញាថានឹងថមថយឡើយ។ ក្រុមគ្រួសាររបស់ Kim Sae Ron ជាពិសេសឪពុកម្តាយរបស់នាង បានចេញជាបន្តបន្ទាប់នូវឯកសារដែលគេនិយាយថា ជាភស្តុតាងដើម្បីចោទប្រកាន់ Kim Soo Hyun ថាមានទំនាក់ទំនងស្នេហាជាមួយកូនស្រីតាំងពីនាងនៅតូច ហើយទន្ទឹមនឹងនោះក៏ចោទប្រកាន់តារាសម្តែងរូបនេះពីទង្វើដែលនាំឲ្យតារាស្រីស្លាប់យ៉ាងសោកសៅ។

ការដោះស្រាយសំណុំរឿងរបស់ក្រុមគ្រួសារ ចាប់តាំងពីការសហការជាមួយបណ្តាញ YouTube ដ៏ចម្រូងចម្រាស រហូតដល់ការធ្វើសន្និសីទសារព័ត៌មាន កំពុងចោទជាសំណួរថា តើពួកគេពិតជាស្វែងរកយុត្តិធម៌សម្រាប់ Kim Sae Ron ឬបង្វែរការស្លាប់ទៅជាសង្រ្គាមប្រព័ន្ធផ្សព្វផ្សាយមិនចេះចប់។
ចាប់តាំងពី Kim Sae Ron បានទទួលមរណភាពនៅថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៥ ក្នុងអាយុ ២៥ ឆ្នាំ គ្រួសាររបស់នាងបានចេញសេចក្តីថ្លែងការណ៍ និងភស្តុតាងជាបន្តបន្ទាប់ប្រឆាំងនឹង Kim Soo Hyun ។ ពួកគេបានបញ្ជាក់ថា តារាសម្តែងវ័យ ៣៧ ឆ្នាំបានណាត់ជួបជាមួយនាងក្នុងអាយុ ១៥ ឆ្នាំ (២០១៥) មកម្ល៉េះ ដែលពេលនោះលោកមានអាយុ ២៧ ឆ្នាំ។ ភស្តុតាងដែលបានចេញផ្សាយរួមមានសារ KakaoTalk ពីឆ្នាំ ២០១៦ សំបុត្រសរសេរដោយដៃរបស់ Kim Sae Ron ផ្ញើជូន Kim Soo Hyun និងឯកសារផ្លូវច្បាប់ទាក់ទងនឹងបំណុល ៧០០លានវ៉ុន ដែលក្រុមហ៊ុន Gold Medalist បានស្នើសុំឲ្យនាងសង។
ការស្លាប់របស់ Kim Sae Ron គួរតែជាការដាស់តឿនមួយអំពីសម្ពាធផ្លូវចិត្តដែលសិល្បករវ័យក្មេងប្រឈមមុខនៅក្នុងឧស្សាហកម្មកម្សាន្តកូរ៉េ។ វិធីដែលក្រុមគ្រួសារ និងប្រព័ន្ធផ្សព្វផ្សាយដោះស្រាយឧបទ្ទវហេតុនេះបានប្រែក្លាយសោកនាដកម្មផ្ទាល់ខ្លួនទៅជាសមរភូមិសាធារណៈ ដែលទាំង Kim Sae Ron និង Kim Soo Hyun បានក្លាយជាជនរងគ្រោះនៃមតិសាធារណៈ។
រូបថត សារ និងព័ត៌មានលម្អិតឯកជនរបស់នាងកំពុងត្រូវបានជីកកកាយជារៀងរាល់ថ្ងៃ ខណៈដែលកេរ្តិ៍ឈ្មោះរបស់ Kim Soo Hyun ដែលជាតារាសម្តែងកំពូលម្នាក់របស់ប្រទេសកូរ៉េ ក៏ស្ថិតក្នុងហានិភ័យនៃការដួលរលំផងដែរ។ ម៉ាកយីហោធំៗជាច្រើនដូចជា Prada, Tous les Jours និង Shinhan បានបិទកិច្ចសន្យាជាមួយគាត់ ដោយបង្ហាញពីការបំផ្លិចបំផ្លាញដ៏អាក្រក់នៃរឿងអាស្រូវនេះ។
មិនតែប៉ុណ្ណោះ មតិសាធារណៈរបស់កូរ៉េខាងត្បូងមានភាពរកាំរកូសខ្លាំង ហើយប្រព័ន្ធផ្សព្វផ្សាយសង្គមបានពង្រីកភាពអវិជ្ជមាន។ នៅលើវេទិកានានាដូចជា Pann Kim Soo Hyun ត្រូវបានគេហៅថាមនុស្សមានបាប ទោះបីជាការចោទប្រកាន់មិនត្រូវបានបញ្ជាក់នៅក្នុងតុលាការក៏ដោយ។ ផ្ទុយទៅវិញ គ្រួសារ Kim Sae Ron ក៏មិនអាចគេចវេសពីការរិះគន់ចំពោះការអូសបន្លាយរឿងល្ខោនដោយមិនបង្ហាញភស្តុតាងច្បាស់លាស់នោះទេ។ ជាលទ្ធផល រឿងរ៉ាវនៃទេពកោសល្យ និងសោកនាដកម្មរបស់តារាស្រី ត្រូវបានគ្របដណ្ដប់ដោយភាពចម្រូងចម្រាសមិនចេះចប់មិនចេះហើយ បន្សល់ទុកការសោកស្តាយចំពោះអ្នកដែលធ្លាប់ស្រលាញ់នាង។
ឧប្បត្តិហេតុនេះមិនត្រឹមតែជារឿងរ៉ាវរវាង Kim Soo Hyun និងគ្រួសារ Kim Sae Ron ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីការពិតដ៏ក្រៀមក្រំនៅក្នុងឧស្សាហកម្មកម្សាន្តផងដែរ។ ជីវិត និងការស្លាប់របស់សិល្បករអាចប្រែទៅជាឧបករណ៍សម្រាប់ប្រយុទ្ធ សងសឹក ឬទាក់ទាញការចាប់អារម្មណ៍។
ប្រសិនបើគ្រួសារលោក Kim Sae Ron ពិតជាមានភស្តុតាងគួរឱ្យជឿជាក់មែននោះ ពួកគេគួរតែយកសំណុំរឿងទៅតុលាការ ជាជាងបន្តសង្រ្គាមប្រព័ន្ធផ្សព្វផ្សាយ។ ផ្ទុយទៅវិញ Kim Soo Hyun ត្រូវមានតម្លាភាពបន្ថែមទៀតក្នុងអាកប្បកិរិយារបស់គាត់ ដើម្បីចៀសវាងការយល់ច្រឡំថាជាការបង្វែរការទទួលខុសត្រូវ។
ទោះជាយ៉ាងណាក៏ដោយ មិនថាអ្នកណាត្រូវ ឬខុស អ្នកដែលទទួលរងការបាត់បង់ដ៏ធំបំផុត នៅតែជា Kim Sae Ron ទេពកោសល្យវ័យក្មេងដែលបានលាចាកលោកទៅដោយភាពឯកា និងសម្ពាធរាប់មិនអស់។ ការស្លាប់របស់នាងគួរតែជាការដាស់តឿនមួយ ប៉ុន្តែឥឡូវនេះនាងត្រូវបានជាប់នៅក្នុងប្រព័ន្ធផ្សព្វផ្សាយដោយគ្មានផ្លូវចេញ។ ប្រហែលជារឿងតែមួយគត់ដែលគ្រួសារនាង និងសាធារណជនអាចធ្វើបាននៅពេលនេះ គឺត្រូវឲ្យនាងសម្រាកដោយសន្តិភាព ជាជាងបន្តប្រើសោកនាដកម្មរបស់នាង ដើម្បីបម្រើគោលបំណងផ្សេងទៀត៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖SUGA, Taeyeon និង Seulgi បរិច្ចាគប្រាក់ម្នាក់ជិត៧ម៉ឺនដុល្លារ ជួយជួយជនរងគ្រោះដោយភ្លើងឆេះព្រៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៤ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៥ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានជាតិ៦ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
កីឡា៣ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ


