Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

បានផុស

នៅ

ក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សា បានឲ្យដឹងថា ការបន្តទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលសម្លាប់មនុស្សជិត៩០០នាក់ ចាប់តាំងពី​ការ​បញ្ចប់​បទឈប់បាញ់ជាមួយក្រុមហាម៉ាស។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២៩ខែមីនានេះ។

(រូបភាព៖​ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សា បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស ៨៩៦ នាក់ និងរបួស ១ ៩៨៤នាក់ ចាប់តាំងពីអ៊ីស្រាអែលបានឈប់​អនុវត្ត​បទឈប់បាញ់ជាមួយក្រុមហាម៉ាសកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥។ កាលពីថ្មីៗនេះស្ត្រី និងកុមារស្ថិតក្នុងចំណោមមនុស្ស២២នាក់ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារចុងក្រោយ​របស់អ៊ីស្រាអែលលើហ្គាហ្សា និងទីក្រុង Khan Younis ខណៈដែលចំនួនអ្នកស្លាប់បន្តកើនឡើង។

ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) បានប្រកាសអាសន្នអំពីវិបត្តិមនុស្សធម៌នៅក្នុង​ហ្គាហ្សា ដែលក្រុមគ្រូពេទ្យកំពុងតស៊ូដើម្បីព្យាបាលអ្នករបួសពីការវាយប្រហារជាថ្មីរបស់អ៊ីស្រាអែល។
កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ បានព្រមានថា ប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់ប្រឈមនឹងភាពអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរនៅក្នុងតំបន់ហ្គាហ្សា ខណៈដែលគ្មានជំនួយចូលក្នុងតំបន់រយៈពេលជាងបីសប្តាហ៍មកហើយដោយសារតែការដាក់ទណ្ឌកម្មរបស់អ៊ីស្រាអែលបិទច្រកផ្ដល់ជំនួយអន្តរជាតិ។

(រូបភាព៖ AP)

ជាមួយគ្នានេះ ទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) បានឲ្យដឹងថា ជនជាតិប៉ាឡេស្ទីន ១៤២ ០០០ នាក់នៅហ្គាហ្សាបានផ្លាស់ទីលំនៅដោយបង្ខំម្ដងទៀត និងរាប់ពាន់នាក់កំពុងត្រៀមជម្លៀស។ បើតាមភ្នាក់ងារនេះ មនុស្សជាច្រើននាក់កំពុងស្នាក់នៅតាមដងផ្លូវ ហើយត្រូវការអាហារ ទឹកស្អាត និងទីជម្រកជាចាំបាច់។

គួរបញ្ជាក់ថា ក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សា បាននិយាយថា យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនចំនួន ៥០ ២០៨នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់ និង ១១ ៣៩១០ នាក់បានរងរបួសនៅក្នុងសង្គ្រាមរបស់អ៊ីស្រាអែលនៅលើតំបន់ហ្គាហ្សា។ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលរបស់ហ្គាហ្សាក៏បានធ្វើបច្ចុប្បន្នភាពចំនួនអ្នកស្លាប់របស់ខ្លួនដល់ជាង ៦១ ៧០០នាក់ផងដែរ ដោយនិយាយថា ប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់ដែលបាត់ខ្លួននៅក្រោមគំនរបាក់បែកត្រូវបានគេសន្មត់ថាបានស្លាប់។ ចំណែកយ៉ាងហោចណាស់មនុស្ស ១ ១៣៩ នាក់ត្រូវបានសម្លាប់និងជាង ២០០នាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសអ៊ីស្រាអែលក្នុងអំឡុងពេលការវាយប្រហារដឹកនាំដោយក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣៕

(រូបភាព៖ AP)
(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម