ព័ត៌មានជាតិ
ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ
ដើម្បីចូលរួមអបអរឆ្នាំថ្មី ឆ្នាំម្សាញ់ ព.ស ២៥៦៨ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំកម្មវិធីដ៏អធិកអធម សង្ក្រាន្តវត្តភ្នំ ឆ្នាំ ២០២៥ ដោយកម្មវិធីនេះ នឹងប្រារព្ធធ្វើឡើងនៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ចំនួន ៣ ថ្ងៃ ត្រូវនឹងថ្ងៃទី ១៤, ១៥ និង ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៥ បន្ថែមនេះ សម្រាប់ផ្លូវថ្មើរជើង ឬ Walk Street វិញ ក៏បានរៀបចំមុនថ្ងៃចូលឆ្នាំ ២ ថ្ងៃ ហើយថែម ៣ ថ្ងៃ ក្នុងថ្ងៃចូលឆ្នាំ ឡើងដល់ ៥ ថ្ងៃ សម្រាប់បម្រើជូនប្រជាពលរដ្ឋ និងទេសចរជាតិ-អន្តរជាតិ កម្សាន្តសប្បាយ។ នេះបើតាមការបញ្ជាក់ពីលោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យសាលារាជធានីភ្នំពេញ។

លោកស្រី ដោ សម្ផស្ស បានបន្តថា សង្ក្រាន្តវត្តភ្នំ ឆ្នាំ ២០២៥ នេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំឱ្យមានពិធីសាសនា ដូចជា ការទទួលទេវតាឆ្នាំថ្មី ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះជាដើម។ ដោយឡែកសម្រាប់កម្មវិធីកម្សាន្តសប្បាយៗ មានដូចជា ការសម្តែងសិល្បៈរបាំប្រពៃណី មានរបាំទ្រុត ចាប៉ីដងវែង ល្ខោនយីកេ ល្ខោនមហោរី ការលេងល្បែងប្រជាប្រិយជាតិដែលជាកេរដំណែលដូនតាខ្មែរ និងមានប្រគំតន្ត្រី បុរាណ-សម័យ ការរាំលេងកម្សាន្តគ្រប់ទម្រង់ និងគ្រប់ចង្វាក់ភ្លេង និងតាំងពិព័រណ៍ផលិតផលខ្មែរនៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំនេះតែម្ដង។ ជាមួយគ្នានេះ រដ្ឋបាលរាជធានី ក៏បានលើកទឹកចិត្តឱ្យពលរដ្ឋដែលចូលរួម ស្លៀកសម្លៀកបំពាក់ប្រពៃណី ក្នុងកម្មវិធីប្រពៃណីខ្មែរ ដើម្បីលើកស្ទួយដល់វប្បធម៌ជាតិផងដែរ។ បន្ថែមពីនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងភ្ជាប់ផ្លូវថ្មើរជើង Walk Street ជាមួយការរៀបចំសង្ក្រាន្តវត្តភ្នំផងដែរ ពោលគឺផ្លូវថ្មើរជើង នឹងបើកបន្តដល់ ៥ ថ្ងៃ ដោយបន្ថែម ៣ ថ្ងៃ នៃថ្ងៃបុណ្យចូលឆ្នាំខ្មែរ រហូតដល់បញ្ចប់បុណ្យចូលឆ្នាំថ្មី។

លោកស្រីបន្តទៀតថា ឆ្នាំនេះ ទីតាំងកម្សាន្ត គឺមានបរិវេណធំជាងឆ្នាំកន្លងទៅ ហើយអ្វីដែលចាប់អារម្មណ៍ នៅផ្លូវថ្មើរជើង Walk Street គឺធ្វើនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចំថ្ងៃទី ១២ និងទី ១៣ ខែមេសា សម្រាប់ថ្ងៃចូលឆ្នាំគឺចាប់ពីថ្ងៃទី ១៤-១៥-១៦ ដូច្នេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំឱ្យមានកម្មវិធីនេះ ចាប់ពីថ្ងៃទី ១២ រហូតដល់ថ្ងៃទី ១៦ ភ្ជាប់គ្នាតែម្ដង។ រមណីយដ្ឋានវត្តភ្នំ នឹងធ្វើសង្ក្រាន្តរយៈពេល ៣ ថ្ងៃ ១៤ ដល់ ១៦ តាំងពីម៉ោង ៨ ព្រឹក ដល់ម៉ោង ២០ យប់ មានកម្មវិធីបែបប្រពៃណី កម្មវិធីសប្បាយកម្សាន្តជាច្រើន មានការទទួលទេវតា ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្តែងសិល្បៈរបាំប្រពៃណី លេងល្បែងប្រជាប្រិយជាតិ មានប្រគំតន្ត្រី បុរាណ-សម័យ ការរាំលេងកម្សាន្ត និងតាំងពិព័រណ៍ផលិតផលខ្មែរ នៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ដោយឡែកចំពោះ Walk Street វិញ នៅថ្ងៃចូលឆ្នាំនេះ នឹងបើករយៈពេល ៥ ថ្ងៃតែម្ដង ដោយចាប់តាំងពីថ្ងៃទី ១២ ដល់ ១៦ អញ្ចឹងខុសប្លែកពីរាល់សប្ដាហ៍ ដែលធ្វើតែ ២ ថ្ងៃ នៅសប្ដាហ៍ នៃថ្ងៃចូលឆ្នាំ ហ្នឹង គឺធ្វើរហូតដល់ ៥ ថ្ងៃ។

រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ អញ្ជើញមកចូលរួមទស្សនាកម្សាន្តសប្បាយ នៅសង្ក្រាន្តវត្តភ្នំ និងផ្លូវថ្មើរជើង របស់រដ្ឋបាលរាជធានីភ្នំពេញ ឱ្យបានច្រើនកុះករ ក្រោមម្លប់សន្តិភាពដ៏ត្រជាក់ត្រជំនេះ។

លោកស្រីអ្នកនាំពាក្យ បានបន្ថែមថា ក្រៅពីការរៀបចំសង្ក្រាន្តវត្តភ្នំ អាជ្ញាធរមូលដ្ឋានតាមបណ្តាខណ្ឌទាំង ១៤ ខណ្ឌ ក៏បានត្រៀមរៀបចំធ្វើសង្ក្រាន្តរបស់ខណ្ឌនីមួយៗ ដែរ។ សម្រាប់ការការពារសន្តិសុខសណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈវិញ រដ្ឋបាលរាជធានីភ្នំពេញ នឹងធានាជូនប្រជាពលរដ្ឋអាចមកលេងកម្សាន្តដោយភាពរីករាយ ដោយមិនមានក្តីបារម្ភ ដោយសាររដ្ឋបាលរាជធានីភ្នំពេញ មិនបានកាត់បន្ថយកម្លាំង ឬវិធានការណាមួយឡើយ ពោលគឺរដ្ឋបាលរាជធានីភ្នំពេញបានត្រៀមរួចរាល់ក្នុងការផ្តល់នូវការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈជូនប្រជាពលរដ្ឋ។

សូមរំលឹកថា ទំនៀមទំលាប់ពិធីចូលឆ្នាំប្រព្រឹត្តទៅចំនួន ៣ ថ្ងៃ។ ថ្ងៃដំបូងជាថ្ងៃមហាសង្ក្រាន្ត , ថ្ងៃទី ២ ជាថ្ងៃ វនបត , ថ្ងៃទី៣ ជាថ្ងៃឡើងស័ក។ រីឯការកំណត់ខែ ថ្ងៃ ម៉ោង នាទីដែលឆ្នាំចាស់ត្រូវផុតកំណត់ ហើយទេព្ដាឆ្នាំថ្មីត្រូវចុះមកទទួលតំណែងពីទេព្តាឆ្នាំចាស់នោះ គេអាចដឹងបាន ដោយប្រើក្បួនហោរាសាស្ត្របុរាណ គឺក្បួនមហាសង្ក្រាន្ត៕
អត្ថបទ ៖ ស្រីរ័ត្ន









-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


