ព័ត៌មានអន្ដរជាតិ
ត្រាំ គំរាមដាក់ពន្ធ ៥០%លើចិនបន្ថែមទៀត ខណៈផ្សារភាគហ៊ុនសកលបន្តធ្លាក់ចុះ
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ បានគំរាមដាក់ពន្ធចិន ៥០ ភាគរយ បន្ថែមទៀត ក្រោយចិនដាក់ពន្ធ ៣៤ ភាគរយ លើគ្រប់ទំនិញអាមេរិក ដើម្បីជាការឆ្លើយតបទៅនឹងពន្ធគយបដិការ (Reciprocal Tariffs) របស់ ត្រាំ ដែលប្រកាសឡើងកាលពីសប្ដាហ៍មុន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ក្នុងបរិបទនៃភាពកាន់តែតានតឹងនៃសង្រ្គាមពាណិជ្ជកម្មពិភពលោក ការគំរាមជាថ្មីរបស់លោក ត្រាំ ធ្វើឡើង ខណៈដែលទីផ្សារហិរញ្ញវត្ថុជុំវិញពិភពលោកធ្លាក់ចុះខ្លាំងរាប់តាំងពីសប្ដាហ៍មុនមក នៅពេលវិនិយោគិនព្រួយបារម្ភពីវិបត្តិសេដ្ឋកិច្ចសកល ដោយសារតែវិធានការពន្ធគយ ដែលបង្កការលក់ភាគហ៊ុនចេញទ្រង់ទ្រាយធំ។
លោក ត្រាំ និយាយថា លោកនឹងដាក់ពន្ធ ៥០ ភាគរយ បន្ថែមលើគ្រប់មុខទំនិញនាំចូលពីចិន លុះត្រាតែប្រទេសនេះដកពន្ធសងសឹករបស់ខ្លួនចេញ ដោយអាចធ្វើឱ្យអត្រាពន្ធលើចិនសរុប កើនដល់ ១០៤ ភាគរយ។ លោក ត្រាំ ប្ដេជ្ញាទុកពេលឱ្យចិន ត្រឹមថ្ងៃអង្គារនេះ ពោលគឺ ១ ថ្ងៃមុនពន្ធគយបដិការរបស់លោកនឹងចូលជាធរមាននៅថ្ងៃពុធ។
ប្រតិកម្មទៅនឹងការវិវត្តចុងក្រោយ អ្នកនាំពាក្យស្ថានទូតចិនប្រចាំសហរដ្ឋអាមេរិក លោក Liu Pengyu បាននិយាយថា ការគំរាមកំហែងរបស់លោក ត្រាំ គឺជា «ចលនាធម្មតានៃលទ្ធិឯកតោភាគីនិយម ការការពារនិយម និងការគំរាមកំហែងផ្នែកសេដ្ឋកិច្ច»។

លោក Liu Pengyu បានបន្ថែមថា៖ «យើងបានសង្កត់ធ្ងន់ច្រើនដងហើយថា ការដាក់សម្ពាធ ឬការគំរាមកំហែងដល់ប្រទេសចិន មិនមែនជាវិធីត្រឹមត្រូវក្នុងការចូលរួមជាមួយយើងនោះទេ។ ចិននឹងការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន»។
ក្នុងបរិបទពន្ធគយបដិការផងដែរ គណៈកម្មការអឺរ៉ុបឯណោះវិញ បានស្នើពន្ធសងសឹក ២៥ ភាគរយ លើទំនិញជាច្រើនរបស់សហរដ្ឋអាមេរិក រួមទាំងសណ្តែកសៀង គ្រាប់ធញ្ញជាតិ និងសាច់ក្រក។ នេះបើយោងតាមឯកសារ ដែលរ៉យទ័របានឃើញ។
ទោះជាយ៉ាងណាក៏ដោយ មន្ត្រីរបស់សហភាពអឺរ៉ុបបាននិយាយថា ពួកគេបានត្រៀមខ្លួនរួចជាស្រេចដើម្បីចរចាកិច្ចព្រមព្រៀង «សូន្យសម្រាប់សូន្យ» ជាមួយរដ្ឋបាលរបស់លោក ត្រាំ សម្រាប់មុខទំនិញមួយចំនួន ជាពិសេសទំនិញឧស្សាហកម្ម។ នេះសំដៅលើការដកពន្ធលើទំនិញអាមេរិកត្រឹម ០ ប្រសិនបើអាមេរិក ធ្វើដូចគ្នា។

ងាកចេញពីនេះ ផ្សារភាគហ៊ុនទូទាំងសកលបានធ្លាក់ចុះខ្លាំងក្រោយលោក ត្រាំ ប្រកាសពន្ធគយបដិការកាលពីព្រឹកថ្ងៃព្រហស្បតិ៍ (ថ្ងៃពុធនៅវ៉ាស៊ីនតោន ឌីស៊ី) សប្ដាហ៍មុន ដោយបង្កការខាតបង់សរុបប្រមាណ ១០ ទ្រីលានដុល្លារ ដែលនេះជំរុញដោយក្ដីបារម្ភពីផលប៉ះពាល់លើសេដ្ឋកិច្ចជុំវិញពន្ធគយ។
សន្ទស្សន៍ផ្សារភាគហ៊ុន S&P 500 បានធ្លាក់ចុះច្រើនជាង ១០ ភាគរយ សម្រាប់ការជួញដូរនៅ២វគ្គចុងក្រោយ កាលពីសប្ដាហ៍មុន ពោលគឺអាក្រក់បំផុតរបស់ខ្លួនចាប់តាំងពីសង្គ្រាមលោកលើកទី ២ ធៀបនឹងការធ្លាក់ឆ្នាំ ១៩៨៧ វិបត្តិហិរញ្ញវត្ថុឆ្នាំ ២០០៨ និងវិបត្តិកូវីដឆ្នាំ ២០២០។ កាលពីថ្ងៃចន្ទ សន្ទស្សន៍ផ្សារភាគហ៊ុនដដែល បានធ្លាក់ចុះ ០,២៣ ភាគរយ ពេលបញ្ចប់ការជួញដូរ។
ផ្សារភាគហ៊ុនអឺរ៉ុបវិញក៏ធ្លាក់ចុះផងដែរ ដោយសន្ទស្សន៍ផ្សារភាគហ៊ុន STOXX 600 បានធ្លាក់ចុះ ៤,៥ ភាគរយ ពេលបិទបញ្ចប់ការជួញដូរកាលពីថ្ងៃចន្ទ ដែលទាបបំផុតរាប់តាំងពីខែមករា ឆ្នាំ ២០២៤។ នៅអាស៊ីក៏ដូចគ្នា សន្ទស្សន៍ផ្សារហ៊ុនជប៉ុន Nikkei 225 បានធ្លាក់ចុះ ៧,៩ ភាគរយ ពេលបិទនៅថ្ងៃចន្ទ ខណៈសន្ទស្សន៍ Hang Seng របស់ក្រុងហុងកុង ធ្លាក់ចុះជាង ១៣ ភាគរយ ដែលជាអត្រាធ្ងន់ធ្ងរបំផុត រាប់តាំងពីឆ្នាំ ១៩៩៧។ សម្រាប់ចិនដីគោក សន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានធ្លាក់ចុះប្រមាណ ៧,៣ ភាគរយ។
អ្នកវិភាគលើកឡើងថា ការធ្លាក់ចុះនៃផ្សារភាគហ៊ុនទូទាំងសកលបែបនេះ បណ្ដាលមកពីការព្រួយបារម្ភពីលទ្ធភាពនៃវិបត្តិសេដ្ឋកិច្ចពិភពលោក ជាពិសេសនៅសហរដ្ឋអាមេរិក ខណៈពន្ធបដិការរបស់លោក ត្រាំ នឹងធ្វើឱ្យពាណិជ្ជកម្មសកលធ្លាក់ចុះ ការបិទរោងចក្រ និងការបាត់បង់ការងារ ក៏ដូចជាបង្កើនសម្ពាធអតិផរណានៅសហរដ្ឋអាមេរិក៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១៨ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


