ព័ត៌មានជាតិ
មុនធ្វើទស្សនកិច្ចនៅកម្ពុជា លោក ស៊ី ជីនពីងថា ចិន មិនហាមឃាត់កម្ពុជាឡើយ ក្នុងការរើសផ្លូវអភិវឌ្ឍន៍ប្រទេសដែលស្របនឹងលក្ខខណ្ឌជាតិ
មុននឹងចាប់ផ្ដើមបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នេះ, ប្រធានាធិបតីមហាអំណាចចិន អះអាងថា ចិនមិនបានហាមឃាត់កម្ពុជាឡើយ ក្នុងការជ្រើសរើសផ្លូវសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិដែលស្របទៅនឹងច្បាប់ ឬលក្ខខណ្ឌជាតិ។ នេះជាសារបស់ប្រធានាធិបតី ស៊ី ជីនពីង ដែលស្ថានទូតចិនប្រចាំកម្ពុជាផ្ដល់ឱ្យ នៅយប់ថ្ងៃទី១៦ ខែមេសា និងចេញផ្សាយដោយបណ្ដាញព័ត៌មាន Fresh News។

ក្នុងសារលិខិត លោក ស៊ី ប្រធានាធិបតីចិន បញ្ជាក់យ៉ាងដូច្នេះ៖«ភាគីចិនគាំទ្រកម្ពុជាយ៉ាងម៉ឺងម៉ាត់ក្នុងការជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ដែលស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួន ការពារអធិបតេយ្យភាពជាតិ ឯករាជ្យ និងបូរណភាពទឹកដី និងដើរតួនាទីកាន់តែសំខាន់នៅលើឆាកអន្តរជាតិ»។
ជាមួយគ្នា លោក ស៊ី ជីងពីង ថា កម្ពុជា និងចិន គួរតែពង្រឹងការប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្រក្នុងវិស័យការទូត ការពារជាតិ និងវិស័យផ្សេងៗទៀត ប្រឆាំងដាច់ខាតនូវការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ការបំបែកបំបាក់សាមគ្គីភាព និងការបំផ្លិចបំផ្លាញចំណងមិត្តភាពចិន-កម្ពុជា ពីកម្លាំងខាងក្រៅ ដើម្បីរួមគ្នាការពារសន្តិសុខនយោបាយ។
លោក ស៊ី ជីន ពីង អំពាវនាវឱ្យកម្ពុជា និងចិន ត្រូវតែពង្រីកកិច្ចសហប្រតិបត្តិការ ដែលផ្ដល់អត្ថប្រយោជន៍ទៅវិញទៅមក ប្រកបដោយគុណភាពកាន់តែខ្ពស់ និងត្រូវតែប្រកាន់ខ្ជាប់នូវគោលការណ៍នៃការតម្កល់ទុកការអភិវឌ្ឍន៍ និងប្រជាជនជាអាទិភាព ផ្តល់តួនាទីឱ្យបានពេញលេញដល់យន្តការគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលចិន-កម្ពុជា ជំរុញការតភ្ជាប់នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ជាមួយ យុទ្ធសាស្ត្របញ្ចកោណ របស់កម្ពុជា និងធ្វើឱ្យស៊ីជម្រៅនូវការកសាង «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» និង «ច្រករបៀងមច្ឆា និងអង្ករ»។ នេះជាការបន្ថែមរបស់ប្រធានាធិិបតីចិន។

ប្រធានាធិបតីចិន ក៏អំពាវកម្ពុជា ត្រូវតែរួមគ្នាថែរក្សាប្រព័ន្ធពាណិជ្ជកម្មពហុភាគី លើកកម្ពស់កិច្ចសហប្រតិបត្តិការខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យផលិតកម្មកម្រិតខ្ពស់ ការអភិវឌ្ឍន៍បៃតង សេដ្ឋកិច្ចឌីជីថល និងវិស័យផ្សេងៗទៀត ដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការ ត្បូងពេជ្រ កាន់តែរឹងមាំនិងត្រចាស់ត្រចង់ រួមចំណែកក្នុងដំណើរការទំនើបកម្មនៃប្រទេសទាំងពីរ។
គួរឱ្យដឹងថា ក្រោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជា អ្នកវិភា សារព័ត៌មាន និងនៅលើបណ្ដាញទំនងទំនងសង្គមរបស់ចិន We-Media បានលើកឡើងថា កម្ពុជា សម្រេចចិត្តបោះបង់ចោលចិន ទៅជ្រើសរើសអាមេរិក ដើម្បីអភិវឌ្ឍន៍ប្រទេស ហើយគម្រោងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិនកំពុងជាប់គាំង។
ជុំវិញការលើកឡើងបែបនេះ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Guo Jiakun ចេញមុខច្រានចោលនឹងថាប្រទេសចិនមិនអនុញ្ញាតឱ្យមានការប្រមាថដោយចេតនាណាមួយប៉ះពាល់ដល់មិត្តភាពចិន-កម្ពុជានោះទេ ហើយអ្នកនិយាយពាក្យចចាមអារ៉ាមណាមួយនឹងត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ផងដែរ។
នៅថ្ងៃទី១២ ខែមេសា ក្នុងពិធីសម្ពោធផ្លូវដែលចិនជួយ នាយករដ្ឋមន្ត្រីសម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានឆ្លើយតបទៅនឹងការវិភាគរបស់ជនបរទេស និងខ្មែរមួយចំនួនដែលវិភាគថាទំនាក់ទំនងរវាងកម្ពុជា-ចិនបច្ចុប្បន្នបានស្រុតចុះ មិនមានការជឿទុកចិត្តគ្នាថាជាការនិយាយខុស ខណៈដែលមានសមិទ្ធផលរវាងកម្ពុជា-ចិនត្រូវបានសម្ពោធជាបន្តបន្ទាប់។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកយក មហាវិថី ស៊ីជីនពីង ដែលបានលើកបង្កោលឈ្មោះកាលពីខែកក្កដា ឆ្នាំ២០២៤ជាឧទាហរណ៍នៃភាពរឹងមាំនៃទំនាក់ទំនងរវាងរដ្ឋាភិបាលចិន និងរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន។ សម្ដេចបញ្ជាក់ថា ទំនាក់ទំនងរវាងកម្ពុជា-ចិននៅតែរឹងមាំ និងដើរលើគន្លងនៃការជួយគ្នាទៅវិញទៅមក ការគោរពអធិបតេយ្យ និងសិទ្ធិគ្នាដោយមិនលូកលាន់ក្នុងកិច្ចការផ្ទៃក្នុងរវាងប្រទេសទាំងពីរ។
កម្ពុជា និងចិនបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ ប៉ុន្តែទំនាក់ទំនងរវាងប្រទេសទាំងពីរមានតាំងពីសតវត្សរ៍ទី១៣មកម្ល៉េះ។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា ក្នុងនាមជាប្រទេសជិតខាងនិងដៃគូជិតស្និទ្ធជាប្រពៃណី កម្ពុជានិងចិនបានបង្កើតនិងថ្នមថែចំណងមិត្តភាព «ដែកថែប» ដែលមិនអាចបំបែកបានដែលបានឆ្លងកាត់ការសាកល្បងនិងការលំបាកជាប្រវត្តិសាស្ត្រជាច្រើន ហើយទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសទាំងពីរ បានវិវត្តទៅជាភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយដែលសម្គាល់ដោយការគោរពគ្នាទៅវិញទៅមក ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ផងគ្នា និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ៕
ដោយ៖ ង៉ិល ណារ៉ាត់

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម១ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម