Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីការពារជាតិស្នើបារាំងពង្រីកវគ្គសិក្សាយោធាដល់កងទ័ពកម្ពុជាកាន់តែច្រើន

បានផុស

នៅ

កម្ពុជាស្នើភាគីបារាំងពិនិត្យលទ្ធភាពបង្កើនចំនួន និងពង្រីកវគ្គសិក្សាជំនាញយោធាដល់កងកម្លាំងនៃកងយោធពលខេមរភូមិន្ទកាន់តែច្រើនបន្ថែមទៀត ទាំងវគ្គសិក្សានៅក្នុងប្រទេសបារាំង និងការបញ្ជូនគ្រូមកបង្រៀននៅក្នុងប្រទេសកម្ពុជា។ នេះជាការស្នើរបស់លោករដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា​ តាមរយៈឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា​ និងបារាំង ដែលមានប្រវត្តិជាយូរលង់ណាស់មកហើយ ដោយបានបង្កើតជាប្រវត្តិសាស្ត្រជាបន្តបន្ទាប់រវាងប្រជាជន និងប្រជាជន។ សម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យយោធា លោក ថា កម្ពុជា និងបារាំង ក៏មានភាពរីកចម្រើនជាលំដាប់ ដែលការណ៍នេះ ភាគីទាំងពីរ ត្រូវបន្តពង្រឹងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលមានស្រាប់នេះ។

តាមរយៈជំនួបពិភាក្សាការងារជាមួយលោក ហ្សាក់ ប៉ឺឡេ (JACQUES PELLET) ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានគូសរំលេចពីសារៈសំខាន់នៃការបណ្ដុះបណ្ដាលវគ្គសិក្សាសង្គ្រាមដែលបារាំងបានផ្ដល់ឱ្យកម្ពុជា ជាពិសេសសិក្ខាកាមជំនាន់ថ្មី រួមទាំងវគ្គជាច្រើនទៀត ដូចជា វគ្គបញ្ជាការសេនាធិការ វគ្គមេបញ្ជាការកងវរសេនាតូច កងអនុសេនាធំ កងវិស្វកម្ម និងកិច្ចសហការជាមួយសាកលវិទ្យាល័យការពារជាតិ និងវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលកងយោធពលខេមរភូមិន្ទ។

នាយឧត្តមសេនីយ៍ រដ្ឋមន្ត្រីការពារជាតិ ក៏បានប្រាប់លោករដ្ឋទូតបារាំងពីការធ្វើទំនើបកម្មលើរចនាសម្ព័ន្ធកងទ័ព ក្រោមអាណត្តិដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលក្នុងន័យនេះ លោករដ្ឋមន្ត្រី បានស្នើភាគីបារាំងពង្រីកនូវចំនួន និងវគ្គលើការបណ្ដុះបណ្ដាលធនធានមនុស្សកម្ពុជា។ នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានស្នើឱ្យបារាំងបញ្ជូនគ្រូយោធាចារ្យមកចូលរួមបណ្ដុះបណ្ដាល នៅសាកលវិទ្យាល័យការពារជាតិ វិទ្យាស្ថានសុខាភិបាល និងសាលានាយទាហានសកម្មត្មាតពងផងដែរ។

ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតបារាំង បានបញ្ជាក់ថា កន្លងមក បារាំង តែងបានផ្ដល់ការគាំទ្រទៅដល់មជ្ឈមណ្ឌលគ្រប់គ្រងកងថែរក្សាសន្តិភាព សាលានាយទាហានសកម្មត្មាតពង និងផ្ដល់ការគាំទ្រការបណ្ដុះបណ្ដាលនៅតាមស្ថាប័ន។

បើតាមលោកឯកអគ្គរដ្ឋទូតបារាំង មាននាយទាហានកម្ពុជាប្រមាណ៤០០នាក់ហើយ បានទទួលការបណ្ដុះបណ្ដាលនៅប្រទេសបារាំង ក្នុងរយៈពេល៣០ឆ្នាំមកនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម