Connect with us

ព័ត៌មានអន្ដរជាតិ

លោក Rubio៖ បើដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី សង្គ្រាមនៅអ៊ុយក្រែន នឹងអូសបន្លាយពេល ២ឆ្នាំទៀត 

បានផុស

នៅ

បានមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោក ដូណាល់ ត្រាំ​ គំរាមដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី ព្រោះតែខឹងចិត្តនឹងលោក ពូទីន ដែលនៅតែគឃ្លើនបាញ់លើទីក្រុងកៀវនោះ ស្រាប់តែកាលពីថ្ងៃអាទិត្យទី២៧ខែមេសាឆ្នាំ២០២៥ រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio និយាយថា ការដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី នឹងធ្វើឲ្យសង្គ្រាមនៅអ៊ុយក្រែន អូសបន្លាយពេល២ឆ្នាំទៀត។

រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងកម្មវីធី Meet the Press របស់ទូរទស្សន៍ NBC, លោក Rubio និយាយថា «រដ្ឋបាលសហរដ្ឋអាមេរិក បានបដិសេធចំពោះការដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី ព្រោះជឿថា ទង្វើបែបនេះនឹងធ្វើឲ្យប៉ះពាល់ដល់កិច្ចចរចានិងនាំឲ្យអរិភាពអូសបន្លាយពេលកាន់តែយូរ។ រាល់នាទីដែលអ្នកធ្វើរឿងនេះ នោះអ្នកកំពុងដើរចេញពីផ្លូវការទូតហើយ។ អ្នកនឹងអូសបន្លាយសង្រ្គាមពីរឆ្នាំទៀត អ៊ីចឹងយើងមិនចង់ឃើញវាកើតឡើងទេ»។

ទន្ទឹមនោះ លោក Rubio អះអាងថា សហរដ្ឋអាមេរិកគឺជាប្រទេសតែមួយគត់ដែលអាចនិយាយបានទាំងទីក្រុងកៀវនិងមូស្គូ ហើយមានតែលោកប្រធានាធិបតី ដូណាល់ ត្រាំ ម្នាក់ប៉ុណ្ណោះដែលមានសក្តានុពលក្នុងការនាំភាគីជម្លោះមកកាន់តុចរចា។

លោក​ Rubio ក្នុងកម្មវីធី Meet the Press (រូបថត៖ NBC)

ពាក់ព័ន្ធរឿងទណ្ឌកម្មនេះ កាលពីថ្ងៃសៅរ៍ទី២៦ខែមេសាឆ្នាំ២០២៥ បន្ទាប់ពីជួបជាមួយប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី មួយភ្លែត នៅបុរីវ៉ាទីកង់ លោក ត្រាំ បានបង្ហោះសារលើបណ្តាញ សង្គម Truth Social ដោយគំរាមដាក់ទណ្ឌកម្មរុស្ស៊ីថែមទៀត ព្រោះ ពូទីន មិនព្រមឈប់បាញ់ អ៊ុយក្រែន។

លោកត្រាំ បង្ហោះថា «គ្មានហេតុផលដែល ពូទីន ត្រូវបាញ់មីស៊ីលដាក់តំបន់ស៊ីវិល ទីក្រុង និងទីប្រជុំជនក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះទេ។ វាបណ្តាលចិត្តឲ្យខ្ញុំគិតថា ប្រហែលជាគាត់ មិនចង់បញ្ឈប់សង្រ្គាមឡើយ ដូច្នេះខ្ញុំត្រូវតែដោះស្រាយតាមរបៀបខុសគ្នា ដូចជាតាមរយៈធនាគារឬទណ្ឌកម្មបន្ទាប់បន្សំ។ មានមនុស្សជាច្រើនកំពុងស្លាប់!!!»។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូបថត៖ Reuters)

យ៉ាងណាក្តី ជុំវិញរឿងនេះដែរ វិមានក្រឹមឡាំង អះអាងថា ពេលនេះលោកប្រធានាធិបតី ពូទីន យល់ព្រមចូលតុចរចាជាមួយអ៊ុយក្រែនហើយ ដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់។

បើយោងតាមអ្នកនាំពាក្យវិមានក្រឹមឡាំង Dmitry Peskov, លោក ពូទីន បានបង្ហាញពីការត្រៀមខ្លួនចរចាជាមួយអ៊ុយក្រែន និងលើកយកប្រធានបទនេះមកពិភាក្សា ពេលជួបជាមួយប្រេសិតពិសេសរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គឺលោក Steve Witkoff អំឡុងដំណើរទស្សនកិច្ចទីក្រុងមូស្គូ នាពេលថ្មីៗនេះ។

លោក Peskov អះអាងថា «ក្នុងអំឡុងកិច្ចសន្ទនាជាមួយប្រេសិតលោក Witkoff ដែលជាប្រេសិតលោក ត្រាំ, លោក វ្ល៉ាឌីមៀរ ពូទីន បានរំលឹកថា ភាគីរុស្ស៊ីត្រៀមខ្លួនរួចជាស្រេច ដើម្បីចាប់ផ្តើមការចរចាជាមួយអ៊ុយក្រែនជាថ្មី ដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់»៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ត្រាំ គំរាមដាក់ទណ្ឌកម្មរុស្ស៊ីថែមទៀត ព្រោះ ពូទីន មិនព្រមឈប់បាញ់ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

វៀតណាម រឹបអូសប្រេងឆាក្លែងក្លាយជាង ៧ម៉ឺនលីត្រ និងប៊ីចេង ៤០តោន ដែលប៉ះពាល់ខ្លាំងដល់សុខភាព

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
ព័ត៌មានជាតិ១៧ ម៉ោង មុន

ថវិកា ១លាន ៤សែនដុល្លារ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា កៀរគរសប្បុរសជនអ្នកប្រកបអាជីវកម្មនិងអ្នករួមការងារជាមួយគ្នាបរិច្ចាគជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២

ជីវិតកម្សាន្ដ២២ ម៉ោង មុន

នាង ដាវីន ប្រកាសថា មិនទទួលយកការសុំទោស ក្រោយបុរសម្នាក់បង្កាច់បង្ខូចឈ្មោះខ្លួន

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

រុស្ស៊ី សរសើរទ័ពកូរ៉េខាងជើង ដែលជួយខ្លួនរំដោះបានតំបន់ Kursk 

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កាន់តែក្តៅ! រដ្ឋមន្ត្រីប៉ាគីស្ថាន គំរាមបាញ់នុយក្លេអ៊ែរ លើ ឥណ្ឌា

Sokha Hotels

ព័ត៌មានពេញនិយម