Connect with us

នយោបាយ

ប្រធានសភាជំរុញ​ពង្រឹងឯកភាពផ្ទៃក្នុងឆ្លើយតបនឹងស្ថានភាពពិភពលោកបច្ចុប្បន្ន

បានផុស

នៅ

ប្រធាន​សភាកម្ពុជា សម្ដេចសភាធិបតី ឃួន សុដារី បាន​ជំរុញដល់​សមាជិក​សភាទាំង​ពី​ថ្នាក់តាមដានពី​ស្ថានការណ៍វិវត្តន៍​របស់ពិភព​លោកដើម្បី​ជាទុន​សម្រាប់ការ​អនុវត្តនយោបាយ​ការ​ទូត​សភា ដោយ​ថា​ក្នុងស្ថានភាព​អន្តរជាតិ​ស្មុគស្មាញការ​ពង្រឹង​សមត្ថភាព សាមគ្គីភាព ឯកភាព​ផ្ទៃ គឺ​ជា​ការ​សំខាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុង​ពិធី​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្ដីពី​«លទ្ធផល​នៃ​កិច្ចសហប្រតិបត្តុការ​អន្តរជាតិ» នៅ​អាគាររដ្ឋបាល​ថ្មី វិមានសភា​កម្ពុជា​ព្រឹកថ្ងៃទី​២១ ខែឧសភា ឆ្នាំ២០២៥ សម្ដេចសភាធិបតី ឃួន សុដារី បាន​ថ្លែង​ថា រដ្ឋសភាកំពុង​ចូលរួម​យ៉ា​ងសំខាន់​ជាមួយ​រដ្ឋាភិបាល​ក្នុងការ​ឆ្លើយ​តប​ទៅ​នឹងបញ្ហា​ប្រឈម​នានា ខណៈ​ដែល​ក្នុង​អាណត្តិ​ទី​៧​នេះ «ការទូត​សភា​» គឺ​ជា​ការ​ងារ​អាទិភាពមួយ​របស់រដ្ឋសភា។

សម្ដេច​សភាធិបតី​បន្ថែម​ថាស្ថានការណ៍​អន្តរជាតិចុងក្រោយ​នេះ​កំពុង​ទាញ​ពិភព​លោក​ឱ្យ​ជួបប្រទះ​នឹង​ការ​ប្រកួត​ប្រជែង​ភូមិសាស្ត្រ​នយោបាយ សេដ្ឋកិច្ច និង​បច្ចេកវិទ្យាដែល​បាន​ជះឥទ្ធិពល​ដល់​ស្ថិរភាព​តំបន់​នានា ហើយ​កម្ពុជា​ត្រូវ​តែ​រក្សា​វិធីសាស្ត្រ​និយម​កណ្ដាល​ ជាមួយ​នឹង​​ការ​ពង្រឹង​សាមគ្គីភាព ឯកភាព​ផ្ទៃ​ក្នុង​ជា​កត្តា​សំខាន់ ដើម្បី​រក្សាប្រយោជន៍​ជាតិ​ ប្រជាជនកម្ពុជា

សម្ដេច​ថា៖ «ក្នុង​បរិបទ​ស្ថានការណ៍​អន្តរជាតិ​កាន់​តែស្មុគស្មាញពិបាក​ទស្សន៍ទាយ និង​គ្រោះថ្នាក់ យើង​ត្រូវ​ពង្រឹង​ស្មារតី​សាមគ្គីភាព ឯកភាពផ្ទៃក្នុង ពីព្រោះ​កត្តា​ខាង​ក្នុង​នៅ​តែ​ជា​កត្តា​កំណត់»។

ការងារ​ការទូត​សភាត្រូវ​បាន​សម្ដេចតេជោ ហ៊ុន សែន បាន​ប្រកាស​ក្នុងពេល​សម្ដេច​កាន់​ការងារ​ជា​ប្រធាន​ព្រឹទ្ធសភាក្នុងសម័យ​ប្រជុំដំបូង​ព្រឹទ្ធសភាកាលពី​ខែមេសា ឆ្នាំ២០២៤។ ការ​កំណត់​យក​អាទិភាពនេះដោយសារសម្ដេចតេជោ មើលឃើញថា ពិភពលោកសព្វថ្ងៃ មានភាពប្រទាក់ក្រឡាគ្នាកាន់តែខ្លាំង ប៉ុន្តែជាមួយគ្នានេះក៏មានការបែកបាក់ ស្មុគស្មាញ និងច្របូកច្របល់ ដោយសារតែការប្រកួតប្រជែងជាយុទ្ធសាស្ត្រកាន់តែខ្លាំងឡើងរវាងមហាអំណាចនានា សង្គ្រាម និងវិបត្តិជុំវិញពិភពលោក និងការគំរាមកំហែងផ្នែកសន្តិសុខមិនប្រពៃណីដែលមិនធ្លាប់មានពីមុនមក។

ប្រធានគណៈកម្មការកិច្ចការបទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា លោក សួស យ៉ារ៉ា បាន​បញ្ជាក់ថាក្រោមការអនុវត្តនយោបាយកាទូតសភានេះ រដ្ឋសភាកម្ពុជាកំពុង​សហការជាមួយ​អ្នក​ពាក់ព័ន្ធទាំងអស់ទាំង​ក្នុង​វេទិកាជាតិ និង​អន្តរជាតិដើម្បី​ផ្ដល់​ធាតុ​ចូល មតិយោបល់ ​អនុសាសន៍សម្រាប់​គោល​នយោបាយយុទ្ធសាស្ត្រ  និង​ការ​ឆ្លើយ​តប​ទៅ​នឹង​បញ្ហាប្រឈមឱ្យ​មាន​ប្រសិទ្ធភាព​ផងដែរ។

ថ្លែងក្នុងពិធីបើកសិក្ខាសាលានោះដែរឧបនាយករដ្ឋមន្ត្រីការបរទេសលោក ប្រាក់ សុខុន បាន​ឱ្យដឹង​ថារដ្ឋាភិបាលកម្ពុជា​ក្រៅ​ពីបានចូលរួមក្នុងការថែរក្សាសណ្ឋាប់ធ្នាប់ពិភពលោកហើយ អ្នកការទូតនៅក្រៅប្រទេសក៏ជាចំណែកជាខ្លាំងក្នុងការលើកស្ទួយកិត្យានុភាពជាតិ ខណៈកំណែទម្រង់ផ្ទៃក្នុងក៏នឹងត្រូវបន្តដើម្បីបង្កើនគុណភាព សមត្ថភាព កម្រិតវិជ្ជាជីវៈ និងភាពវៀងវៃផងដែរ។

លោកថា៖ «កំណែទម្រង់ផ្ទៃ​ក្នុង​ក៏​នឹងត្រូវ​បន្ត​ គុណភាព សមត្ថភាព កម្រិត​វិជ្ជាជីវៈ និង​ភាព​វៀងវៃរបស់អ្នក​ការ​ទូត​យើង​ក្នុង​ការ​ពិគ្រោះ​យោបល់​ចរចា បកស្រាយ ការពារ​នយោបាយ និង​ជំហររបស់​រដ្ឋាភិបាល​យើង​នឹង​ត្រូវ​សម្រួចថែមទៀត ដើម្បី​សម្រេច​នូវ​បេសកម្មដ៏​ថ្លៃ​ថ្នូរ​ខាងលើ»។

លើក​ឡើង​ក្នុង​ឱកាស​នោះ​ដែរប្រធានសភា សម្ដេចសភាធិបតី ឃួន សុដារី បាន​បង្ហាញពី​ជំនឿ​ចិត្តថាអ្នកដឹកនាំ​ជំនាន់​ថ្មី​របស់​កម្ពុជាក្រោម​រដ្ឋាភិបាល​សម្ដេច​ធបិតី ហ៊ុន ម៉ាណែត នឹង​បន្ត​វេន​បាន​ល្អ​ធានានយោបាយ​ការបរទេស​កម្ពុជានាំកម្ពុជា​ឆ្លង​ផុត​ពី​បញ្ហា​ប្រឈម​សកលបច្ចុប្បន្ន​ដោយ​ភាព​ប្រុងប្រយ័ត្ន និងសុវត្ថិភាព៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម