Connect with us

សេដ្ឋកិច្ច

អាជីវករលើកឡើងថា ចេកណាំវ៉ា មានទីផ្សារល្អ

បានផុស

នៅ

ផ្លែចេកណាំវ៉ា ចាស់ឬទុំ ក៏នៅតែមានទីផ្សារល្អ ដែលជាតម្រូវការច្រើនយ៉ាងរបស់ប្រជាពលរដ្ឋ បើទោះបីជាបច្ចុប្បន្ន តម្លៃផ្លែចេកណាំវ៉ាមិនបានខ្ពស់ក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ត្រីអាជីវករលក់ចេក វន សាយ័ន ដែលជាអ្នកប្រកបរបរលក់ផ្លែកចេកជាច្រើនប្រភេទនៅក្នុងផ្សារ​កណ្ដាលក្រុងបាត់ដំបងបានរៀបរាប់ថា អ្នកស្រី​បានប្រកបមុខរបរលក់ផ្លែចេក​ច្រើនឆ្នាំមក​ហើយ មានដូចជា ចេកណាំវ៉ា ចេកពងមាន់ ចេកស្នាប់មុខ និងចេកអំបូងជាដើម។

អាជីវកររូបនេះបានបន្តថា ជាទូទៅការប្រកបមុខរបររកស៊ីតែងមានចំណេញតិច ចំណេញច្រើន ឬអាចខាតក៏មានដែរ ប៉ុន្តែទោះបីជាយ៉ាងណា ការរកស៊ីនៅតែបន្តទៅមុខជារៀងរាល់ថ្ងៃ ដោយ​មិនសូវមានថ្ងៃឈប់សម្រាកឡើយ ព្រោះជាមុខរបរចិញ្ចឹមជីវិតរាល់ថ្ងៃ។

សព្វថ្ងៃសម្រាប់ចេកណាំវ៉ា គឺមានទីផ្សារល្អជាងគេ ដោយសារតែតម្រូវការរបស់ប្រជាពលរដ្ឋមាន​ច្រើន​យ៉ាង ដូចជាយកទៅសែនព្រេន ធ្វើនំ ឬធ្វើចេកចៀន​ ដោយហេតុដូច្នេះហើយ​ទើបចេក​ណាំវ៉ា​មិនសូវលក់សល់នោះឡើយ។

ដោយឡែកសម្រាប់តម្លៃសព្វថ្ងៃនេះ គឺលក់ទៅតាមទំហំស្និត ដោយចាប់ពី ១.៥០០ រៀល ដល់ ៣.៥០០ រៀល ហើយចេកទាំងនេះគឺគាត់ដើរទិញ​គេតាមស្រុកនានា ពិសេសនៅស្រុកបាណន់​តែម្ដង។

អ្នកស្រីបានត្អូញត្អែរថា ការលក់ដូរមិនទៀងទាត់នោះទេ ដោយតម្លៃជួនឡើង ជួនចុះភ្លាមៗ ដោយ​ពុំមានតម្លៃឋិតថេរនោះឡើយ ដូច្នេះហើយការទិញពីតាមចំការរបស់ប្រជាពលរដ្ឋយកមកលក់បន្ត ក៏មានការលំបាកខ្លះដែរក្នុងការជួលគេដឹកជញ្ជូន​ដើម្បីមកដល់ទីផ្សារ ហើយបើលក់មិនបាន​កម្រៃ​ខ្លះ​ទេក៏ជាផលវិបាកដែរ ប៉ុន្តែបើទោះបីជាចំណេញតិចក៏ដោយក៏ជាជាងដេកស្ងៀម​នៅឯផ្ទះដោយ​គ្មាន​​ចំណូលនោះឡើយ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម