ព័ត៌មានជាតិ
អាជីវករផ្សារនានានៅភ្នំពេញមិនចង់ឱ្យមានបាតុកម្មឡើយនិងជឿជាក់ថា កិច្ចសហប្រតិបត្តិការ CLV DTA បានជួយអភិវឌ្ឍតំបន់ព្រំដែនពិតប្រាកដ
អាជីវករលក់ដូរផ្សារអូរឫស្សី និងផ្សារទួលទំពូង ដែលសុទ្ធសឹងជាផ្សារនៅកណ្តាលរាជធានីភ្នំពេញ បានសម្តែងការគាំទ្រ លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ CLV DTA ដោយជឿជាក់ទៅលើរាជរដ្ឋាភិបាល នឹងធ្វើឱ្យតំបន់ព្រំដែនប្រសើរឡើង ហើយបានបដិសេធមិនគាំទ្រចំពោះចលនារបស់ជនអគតិជ្រុលនិយមនៅក្រៅប្រទេស ដែលញុះញង់ឱ្យខ្មែរឈ្លោះបែកបាក់គ្នា តាមរយៈគ្រោងការធ្វើបាតុកម្មផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នៅថ្ងៃទី១៨សីហា ខាងមុខនេះ។

តាមរយៈការផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នាថ្ងៃសៅរ៍ទី១៧ សីហានេះ លោកផង់ កុសល់ អាជីវករលក់សភ្ភារៈសែនព្រេង នៅក្នុងផ្សារអូរឫស្សី បានលើកឡើងថា “ក្នុងនាមខ្ញុំជាអាជីវករផ្សារអូរឫស្សីម្នាក់ និងក្នុងនាមជាពលរដ្ឋកម្ពុជាម្នាក់ យល់ឃើញថា កិច្ចសហប្រតិបត្តិការ CLV DTA នេះ គឺជាគម្រោងមួយដ៏ល្អ ហើយក៏មិនមែនគម្រោងថ្មីអ្វីទេ វាមានរយៈពេល២៥ឆ្នាំហើយ នេះជាគម្រោងអភិវឌ្ឍតំបន់ជាយដែនប្រទេសយើង ឱ្យល្អប្រើ សើរ “។ “ខ្ញុំជឿជាក់ថា វាមិនមានផលប៉ះពាល់អ្វីទាំងអស់ ហើយចំពោះចលនាពីក្រៅប្រទេស ដើម្បីឱ្យមានបាតុកម្មប្រឆាំងនឹងគម្រោងមួយនេះ ខ្ញុំមិនយល់ស្របទាំងអស់ ដោយសារតែបើមានបាតុកម្ម វានឹងធ្វើឱ្យប៉ះពាល់ដល់មុខរបររកស៊ីប្រចាំថ្ងៃរបស់យើងទាំងអស់គ្នា វាមិនចំណេញ និងល្អអ្វីទាល់តែសោះ”។
អ្នកស្រី ប៊ុន ចន្ទសិរីរ័ត្ន អាជីវករលក់ចំណីអាហារក្រៀមនិងផ្អាប់ នៅផ្សារអូរឫស្សីមួយរូបទៀតថា មិនពេញចិត្តលើចលនាបាតុកម្មអ្វីឡើយ ដោយសារប្រទេសកំពុងមានសុខសន្តិភាព បើបង្កចលាចល នឹងនាំឱ្យខាតបង់ មិនចំណេញដល់អាជីវករ ឬពលរដ្ឋខ្មែរឡើយ ក្នុងនោះអ្នកស្រី ប៊ុន ចន្ទសិរីរ័ត្ន បានលើកឡើងថា “ខ្ញុំគាំទ្រកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ CLV DTA ដែលមានការផ្តួចផ្តើមគំនិតឡើងដោយរាជរដ្ឋាភិបាល ខ្ញុំគាំទ្រ ដោយសារខ្ញុំមើលឃើញថា វាជាឱកាសដែលយើងអាចអភិវឌ្ឍប្រទេសយើងបាន ហើយចំពោះការព្រួយ បារម្ភរបស់បងប្អូនយើងមួយចំនួន លើបរណភាពទឹកដីវិញ មកដល់សម័យនេះហើយ ខ្ញុំជឿជាក់ថា រាជរដ្ឋាភិបាល នឹងមិនឱ្យបាត់បង់ទឹកដីរបស់យើងទេ ផ្ទុយទៅវិញរាជរដ្ឋាភិបាល ព្យាយាមរិះរកគ្រប់មធ្យោបាយ ដើម្បីអភិវឌ្ឍប្រទេសជាតិរបស់យើង”។

អ្នកស្រី ប៊ុន ចន្ទសិរីរ័ត្ន លើកឡើងទៀតថា “ការជំរុញឱ្យធ្វើបាតុកម្មថ្ងៃទី១៨ ខ្ញុំគិតថាវា ជាចលនាមួយដែលធ្វើឱ្យមានភាពចលាចលនៅក្នុងសង្គម នាំឱ្យប្រជាពលរដ្ឋមួយចំនួនភ័យខ្លាច វានឹងប៉ះពាល់ដល់អាជីវកម្មរបស់ខ្ញុំ និងអ្នកផ្សេងទៀត” ។ ក្នុងនោះអាជីវកររូបនេះ បានផ្ញើសារទៅកាន់ប្រជាពលរដ្ឋដែលជឿតាមការញុះញង់ របស់ជនអគតិ គួរតែគិតឡើងវិញ ហើយកុំព្រួយបារម្ភជ្រុល។

ដោយឡែកអ្នកមីង ជា អេង អ្នកលក់បន្លែនៅផ្សារអូរឫស្សី បានសម្តែងការមិនពេញចិត្តដូចគ្នា លើជនអគតិដែលទាញយកព្រឹត្តិការណ៍ CLV ចង់បង្កចលាចលក្នុងសង្គម តាមរយៈការអូសទាញឱ្យពលរដ្ឋខ្មែរចូលរួមចលនាបាតុកម្ម១៨សីហា ក្នុងនោះអ្នកមីង ជា អេង លើកឡើងថា “ខ្ញុំមិនយល់ស្របអារឿងធ្វើបាតុកម្មនោះឡើយ មិនដែលមានផលប្រយោជន៍អីទេ ឱ្យតែមានបាតុកម្ម មិនចំណេញហើយ មានតែខាតពេលវេលាយើង ទាំងការលក់ដូរ ជាដើម ។ អ្នកមីង បញ្ជាក់ថា អ្នកមីងមិនមែនប្រឆាំងអ្វីទេ តែក្នុងនាមខ្លួនកំពុងរីករាយនិងសន្តិភាព ដែលរាជរដ្ឋាភិបាលរក្សាបានសព្វថ្ងៃនេះ អ្នកមីងមិនចង់ឃើញការឈ្លោះបែកបាក់រវាងខ្មែរនឹងខ្មែរទៀតទេ។

អ្នកមីង ជា អេង បន្តថា “សូមតែមានឱកាសបានលក់ដូរស្រួលបួលទៅ មិនទៅបាតុកម្មអ្វីទេ អត់ចំណេញទេ ខាតពេលយើងច្រើនណាស់ បាតុកម្មមិនស្រួលទេ កុំធ្វើល្អជាង” ។

អ្នកមីងបានបន្ថែមថា “ក្នុងនាមជាគណៈគ្រប់គ្រងផ្សារ ក៏ដូចជាពលរដ្ឋដទៃទៀតដែរ សូមប្រឆាំងយ៉ាងដាច់អហង្ការ ទៅលើគំនិតជនអគតិ ពិសេសគឺជនបង្កចលាចល ភាគច្រើនគឺនៅក្រៅប្រទេស ដែលញុះញ៉ង ឱ្យបងប្អូននៅក្នុងប្រទេស ប្រឈមនឹងរដ្ឋាភិបាល ដែលការមូលបង្កាច់ លើកិច្ចសហប្រតិ បត្តិការអភិវឌ្ឍតំបន់ត្រីកោណនេះ ថាជាការបាត់បង់ទឹកដីនេះ គឺមិនត្រឹមត្រូវទេ ហើយយើងខ្ញុំប្រឆាំងដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ” ។

ដោយឡែកអាជីវករផ្សារទួលទំពូងមួយរូប បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋមួយចំនួន ដែលមានបំណងចង់បង្កចលាចល ធ្វើបាតុកម្មនាថ្ងៃទី១៨ សីហាខាងមុខនេះ សូមកុំចូលរួម ដោយអាជីវកររូបនេះ លើកឡើងថា “សូមផ្តាំផ្ញើទៅបងប្អូនទៅបាតុកម្ម ទាំងអ្នកដែលកំពុងគិត និងបានគិតរួចហើយ កុំដើរទៅរកផ្លូវបាតុកម្មនេះ មិនល្អឡើយ គិតរឿងជីវភាព សេដ្ឋកិច្ចជាតិយើងវិញប្រសើរជាង” ។

អាជីវករម្នាក់ទៀត ឈ្មោះ ឡុង ស្រីអូន យល់ឃើញថា វាមិនល្អនោះទេ បើកាលណាមានបាតុកម្ម នឹងធ្វើឱ្យប៉ះពាល់ដល់ការរកស៊ីលក់ដូររបស់បងប្អូនអាជីវករទាំងអស់គ្នា ។ សំដៅទៅដល់កិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ CLV DTA អាជីវកររូបនេះ បានបង្ហាញនៅភាពជឿជាក់ថា រាជរដ្ឋាភិបាល នឹងមិនធ្វើឱ្យពលរដ្ឋខកបំណងនោះទេ៕
ដោយ ៖ ស្រីរ័ត្ន

-
ព័ត៌មានជាតិ១៧ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


