Connect with us

សេដ្ឋកិច្ច

​​តម្លៃសំបុកត្រចៀកកាំនឹងកើនឡើង ​បន្ទាប់ពីចិនបើកទីផ្សារសម្រាប់កម្ពុជា

បានផុស

នៅ

លោក ស៊ុយ កុកធាន ​ប្រធានសមាគមត្រចៀកកាំខ្មែរ បានឱ្យដឹងថា ​ក្រសួងកសិកម្ម​បានធ្វើការជា​យូរ​មកហើយលើ ​ការ​ងារ​នាំចេញសំបុកត្រចៀកកាំទៅទីផ្សារចិន ក៏ប៉ុន្តែមានបញ្ហាមួយចំនួន ​ដែលបាន​កើតឡើង​ក្នុងប្រទេស​នាំចេញសំបុកត្រចៀកកាំទៅចិន ក៏គេមិនទាន់បានអនុញ្ញាតឱ្យយើង​នាំចេញទៅដែរ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុយ កុកធាន មានប្រសាសន៍ថា៖ «យើងអត់ទាន់បាននាំចេញនៅឡើយទេ ​ប៉ុន្តែអ្វីដែល​ជាកិច្ច​ព្រមព្រៀង​ដែលបានធ្វើឡើងរវាងកម្ពុជា-ចិន ​វាគឺជាជំហាន​ជោគជ័យដ៏​ធំមួយរបស់កម្ពុជា ក្នុងការនាំចេញ»។

បច្ចុប្បន្នក្រសួងកសិកម្ម បានរៀបចំទម្រង់បំពេញពាក្យ បើកឱ្យអ្នក​ដែលមានបំណង​នាំចេញ​សំបុកត្រចៀកកាំទៅចុះបញ្ជី ហើយការចុះបញ្ជីមានលក្ខខណ្ឌ​ច្រើន​ ដែលតម្រូវ​ដោយរដ្ឋបាលគយចិន ដូច្នេះអ្នកអភិរក្សត្រចៀកកាំ ​ឬអ្នកចិញ្ចឹមត្រ​ចៀកកាំ ត្រូវ​ចុះបញ្ជីជា​មួយក្រសួងកសិកម្ម ហើយក្រសួងនឹងរាយការណ៍បរិមាណផ្ទះ​ដែលចុះបញ្ជីទៅ​កាន់គយចិន ដើម្បីឱ្យចិនអនុម័តឱ្យយើងអាចនាំចេញទៅបាន។

​លោក ស៊ុយ កុកធាន បន្ថែមថា ​សម្រាប់អ្នកកែច្នៃ និងអ្នកនាំចេញ​ត្រូវចុះបញ្ជីដោយផ្ទាល់​ជាមួយ​រដ្ឋបាលគយចិនដើម្បី​បានអាជ្ញា​បណ្ណក្នុងការនាំចេញ ប៉ុន្តែការនាំចេញសំបុកត្រចៀកកាំ ក៏មិនខុស​ពីការនាំចេញទុរេន ស្វាយ និងផលិតផលកសិកម្ម ដ៏ទៃទៀត គឺកសិដ្ឋានដែលអភិរក្ស ត្រូវចុះបញ្ជី បើមិនមានការចុះបញ្ជីទេ ផលិតផលនៃកសិដ្ឋាននោះ មិនអាចនាំចេញទៅចិនបានទេ បើទោះជា​រោងចក្រកែច្នៃមានអាជ្ញាបណ្ណនាំចេញក៏ដោយ បើសិនណាផ្ទះត្រចៀកកាំមិនបាចុះបញ្ជី ក៏មិន​អាចនាំចេញបានដែរ។

​លោក ស៊ុយ កុកធាន បន្ថែមថា៖ «គ្រាន់តែពិធីសារបានចុះហត្ថលេខារួចភ្លាម យើងឃើញ តម្លៃនៃ​សំបុកត្រចៀកកាំមិនទាន់កែច្នៃ កម្រើកថ្លៃបន្តិច អ្វីដែលជាសុទិដ្ឋិនិយម របស់អ្នកអភិរក្សត្រចៀកកាំ នាពេលបច្ចុប្បន្ន នៅពេលដែលទីផ្សារ​ចិនបើកពេញទំហឹង អញ្ចឹងតម្លៃនឹងថ្លៃដូច​បណ្ដាប្រទេស​ដ៏​ទៃទៀតដែរ តាមការសិក្សា ប្រទេសវៀតណាមថ្លៃជាងយើងជាង ១០០ ដុល្លារ ក្នុងមួយគីឡូ ហើយ​អត់​អាចនាំទៅផ្ទាល់ទៅវៀតណាមទេ មានតែការលួចលាក់គេបិទច្រើនដែរ ប៉ុន្តែតាមខ្ញុំដឹងអ្នក​ដែល​មករក​ទិញយកទៅលក់នៅវៀតណាមគាត់ថាថ្លៃជាង ១០០ ដុល្លារ ប៉ុន្តែបញ្ហាត្រង់យើង​ពិបាកនាំចេញទៅ អញ្ចឹងនៅពេលណាដែលយើងអាចនាំទៅប្រទេស​ចិនបានខ្ញុំជឿជាក់​ថា​តម្លៃយើងនឹងលោតឡើងជាងមុនឆ្ងាយ»។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រកាសអំពាវនាវ​ដល់ម្ចាស់កន្លែង​កែច្នៃបឋមសំបុកត្រចៀកកាំ សម្រាប់នាំចេញ និងម្ចាស់ផ្ទះថែរក្សាសត្វត្រចៀកកាំជាលក្ខណៈ​គ្រួសារដែលមានបំណងនាំចេញសំបុកត្រចៀកកាំ ទៅកាន់ប្រទេស​ចិន មកដាក់ពាក្យស្នើសុំនៅ​ទីស្តីការក្រសួងកសិកម្ម។

ការប្រកាសរបស់ក្រសួងកសិកម្ម បានធ្វើឡើងបន្ទាប់ពីពិធីសារនាំចេញសំបុកត្រចៀកកាំពីកម្ពុជា ត្រូវបានចុះហត្ថលេខាដោយក្រសួងកសិកម្ម ជាមួយអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។ បន្ទាប់ពីទទួលបាននូវពាក្យស្នើសុំ អង្គភាពជំនាញនឹងធ្វើការត្រួតពិនិត្យ និងវាយតម្លៃ ដោយ​អនុលោម​តាមបទដ្ឋានបច្ចេកទេសពាក់ព័ន្ធដូចមានកំណត់ក្នុងពិធីសារ និងសម្របសម្រួល​ជាមួយភាគីគយចិនដើម្បីនាំចេញ។

តម្លៃសំបុកត្រចៀកកាំបច្ចុប្បន្ន ៣០០ ទៅ ៤៥០ ដុល្លារ សម្រាប់សំបុកមិនទាន់កែច្នៃ ប៉ុន្តែ​បើ​កែច្នៃ​ហើយចន្លោះពី ៩០០ ទៅ ១ ៥០០ ក្នុងមួយគីឡូក្រាម។

ផលិតកម្មសំបុកត្រចៀកកាំផលិតនៅកម្ពុជា ភាគច្រើនផលិត​នៅខេត្តជាប់​មាត់​សមុទ្រ ដូចជា ខេត្តកំពត ខេត្តកោះកុង ប៉ុន្តែសក្ដានុពល​សម្រាប់​​ការវិនិយោគបន្ត បច្ចុប្បន្ន បាន​ប្ដូរ​មក​ខេត្តភូមិភាគកណ្ដាល ដូចជាខេត្តកំពង់ធំ ខេត្តជុំវិញ​បឹង​ទន្លេសាប ខេត្តស្ទឹងត្រែង និងព្រះ​វិហារ​វិញ ដោយសារខេត្តជាប់មាត់សមុទ្រ មានការសាង​សង់​ច្រើន​លើសលប់។

​តាមការប៉ាន់ស្មាន កម្ពុជាមានសត្ថភាពផលិតសំបុកត្រចៀកកាំប្រមាណជាង ៥០០០ ខ្នងផ្ទះ ដែលអាចផលិតបានជាង ១០០ តោន ក្នុងមួយឆ្នាំ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម