Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ៥០០គ្រួសារនឹងត្រូវពិនិត្យលក្ខណៈសម្បត្តិ មុនទទួលបានដីការពារព្រៃ គម្រោងទី១

បានផុស

នៅ

ក្រោយដំណើរការចាប់ឆ្នោតជុំទី១ សម្រាប់អ្នកបានដាក់ពាក្យស្នើសុំដីការពារព្រៃ, លេខាធិការដ្ឋានគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្ដល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព បានរកឃើញអ្នកមានសំណាង២ ៥០០គ្រួសារ។ ក្នុងចំណោមអ្នកមានសំណាងទាំងនេះគឺប្រជាពលរដ្ឋ៥០០គ្រួសារនឹងត្រូវវាយតម្លៃលក្ខណៈសម្បត្តិមុនទទួលបានដីក្នុងគម្រោងទី១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការកត់សម្គាល់ ដំណើរការចាប់ឆ្នោតជុំទី១នេះ បនប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ ដោយមានការផ្សាយផ្ទាល់ពីស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា (ទទក) ចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥។

លើកឡើងក្នុងពិធីបិទការចាប់ឆ្នោតនាល្ងាចថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ លោក សរ សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព បានថ្លែងឱ្យដឹងថា បន្ទាប់ពីដំណើរការចាប់ឆ្នោតរយៈពេល៥ថ្ងៃមកនេះ ការចាប់ឆ្នោតសម្រេចបានចំនួន២ ៥០០គ្រួសារ ក្នុងចំណោមអ្នកបានដាក់ពាក្យស្នើសុំដីសរុបនៅទូទាំងប្រទេសចំនួន១២ ៣២៩ គ្រួសារ។

ដោយឡែក អ្នកបានដាក់ពាក្យស្នើសុំដីដែលនៅសល់ចំនួន៩ ៨២៩គ្រួសារ ពុំទាន់មានសំណាងជាប់ឈ្មោះ ក្នុងលទ្ធផលនៃការចាប់ឆ្នោតជុំទី១ នឹងត្រូវចាប់ឆ្នោតនៅជុំបន្តបន្ទាប់ទៀត។

បើតាមការបញ្ជាក់របស់លោក សរ សុវណ្ណ ក្នុងចំណោមអ្នកចាប់ឆ្នោតបានចំនួន២ ៥០០គ្រួសារនេះ គឺអ្នកមានសំណាងចំនួន៥០០គ្រួសារ ដែលជ្រើសរើសតាមលំដាប់លេខរៀងដែលចាប់បានតាមរាជធានីខេត្ត នឹងត្រូវបានក្រុមការងារចុះត្រួតពិនិត្យលក្ខណៈសម្បត្តិ ដើម្បីអាចមានសិទ្ធិទទួលបានដីក្នុងគម្រោងទី១ នៅភូមិសាស្ត្រអូរសែវ ឃុំស្ដៅ និងឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ចំពោះពលរដ្ឋចំនួន ២ ០០០គ្រួសារទៀត លោក បញ្ជាក់ថា នឹងត្រូវជ្រើសរើសសម្រាប់បំពេញបន្ថែមសម្រាប់គម្រោងបន្តបន្ទាប់ទៀតតាមលេខរៀងនៃការចាប់ឆ្នោតក្នុងរាជធានីខេត្ត។

លោក សរ សុវណ្ណ បានឱ្យដឹងបន្ថែមទៀតថា អ្នកមានសំណាងជាប់ឆ្នោតចំនួន៥០០គ្រួសារសម្រាប់គម្រោងទី១ គឺក្រុម ការងារចម្រុះរបស់លេខាធិការដ្ឋានគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព នឹងទំនាក់ទំនងជាមួយរដ្ឋបាលឃុំ សង្កាត់ ក្រុង ស្រុក ខណ្ឌ និងរាជធានី ខេត្ត និងសាម៉ីខ្លួន ដើម្បីចុះត្រួតពិនិត្យរួមគ្នានូវលក្ខណៈសម្បត្តិទាំង៤ គឺសញ្ជាតិខ្មែរពីកំណើត ក្រីក្រពិតប្រាកដ គ្មានដីពិតប្រាកដ និងស្ម័គ្រចិត្តទៅរស់នៅទីតាំងអនុវត្តកម្មវិធី ដែលចាប់ឆ្នោតបានសម្រាប់គម្រោងទី១ ក្នុងពេលឆាប់ៗខាងមុខនេះ។

ពាក់ព័ន្ធនឹងការរៀបចំដីគម្រោងទី១ ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង លោក សរ សុវណ្ណ ក៏បានគូសបញ្ជាក់ផងដែរថា ក្រុមវិស្វកម្មសៀមរាបតេជោ ឈូសឆាយបើកផ្លូវបានប្រមាណជាង៧៣គីឡូម៉ែត្រ លើកតួផ្លូវបានប្រមាណ៦១គីឡូម៉ែត្រ និងកសាងផ្លូវសម្រេចជាស្ថាពរបាន៣០គីឡូម៉ែត្រ។ ទន្ទឹមនេះ អនុវត្តតាមការណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺបានបង្កើតក្រុមការងារចំពោះកិច្ចសម្រាប់គាំទ្រ និងសម្របសម្រួលការអនុវត្តគម្រោងទី១ខាងលើ ក្នុងការកសាងនិងគាំទ្រគម្រោងអភិវឌ្ឍសហគមន៍ ដោយលេខាធិការដ្ឋាន បានរួមសហការជាមួយក្រសួងកសិកម្ម ដើម្បីសម្របសម្រួល និងការបង្កើតសហគមន៍កសិកម្មទំនើប ក្នុងគោលបំណងលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋដែលជាអ្នកមានសំណាងនឹងទៅរស់នៅទីនោះ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម