Connect with us

ព័ត៌មានជាតិ

ទាហានថៃឃាត់ខ្លួនជនជាតិខ្មែរ ២នាក់ ដែលនាំបារីគេចពន្ធចូលដីថៃជាង ១៥ ០០០ កញ្ចប់

បានផុស

នៅ

ទាហានព្រំដែនថៃឃាត់ខ្លួនជនជាតិខ្មែរចំនួន ២នាក់ ដែលកំពុងលីការ៉ុង សុទ្ធសឹងជាបារី រាប់ម៉ឺនកញ្ចប់ឆ្លងដែនចូលទឹកដីថៃ ដោយគ្មានការអនុញ្ញាត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការផ្សាយរបស់គេហទំព័រក្នុងប្រទេសថៃ បានឱ្យដឹងថា កម្លាំងកងទ័ពជួរមុខថៃបានធ្វើការល្បាតតាមខ្សែបន្ទាត់ព្រំដែនកាលពីរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ក៏បានសង្កេតឃើញមានមនុស្ស ២នាក់​ កំពុងឈររេរាជាមួយនឹងការ៉ុងពណ៌ក្រហមជាច្រើនការ៉ុង។

នៅពេលនោះដែរ កម្លាំងយោធាព្រំដែនថៃ បានចុះត្រួតពិនិត្យទើបដឹងថា ក្នុងការ៉ុងទាំងនោះ សុទ្ធតែជាបារីបរទេសដែលបម្រុងនាំចូលទៅក្នុងផ្សារខៅឌីនតាមច្រកខាងក្រោយផ្សារ ទើបយោធាថៃឃាត់ខ្លួនតែម្ដង។ ពួកគេទាំង ២នាក់ មានឈ្មោះ ទី១.កៀត កាយ ភេទប្រុស អាយុ ៣៦ឆ្នាំ និង ទី២.ខាយ ឈឿន ភេទប្រុស អាយុ ២២ឆ្នាំ ជាជនជាតិខ្មែរ រួមជាមួយនឹងបារីចំនួន ១៥ ៦០០កញ្ចប់។

អ្នកទាំង២ បានសារភាពថា បារីនេះ គឺបាននាំចេញតាមច្រកប៉ុស្តិ៍គីឡូ៩ ដែលគ្រប់គ្រងដោយកម្លាំងវរៈការពារព្រំដែនគោកលេខ៨១៧ ទល់មុខនឹងច្រក៧៧ ថៃ ក្នុងឃុំក្លងហាត ស្រុកក្លងហាត ខេត្តស្រះកែវ ដែលខាងកម្ពុជា គឺច្រកនេះស្ថិតនៅចំណុចចំការចេក ត្រង់ព្រំប្រទល់ស្រុកសំពៅលូន ជាមួយនឹងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

បច្ចុប្បន្នជនជាតិខ្មែរទាំង២រូប រួមនឹងវត្ថុតាង ត្រូវបានកម្លាំងយោធាថៃបញ្ជូនទៅកាន់អង្គភាពគយ និងរដ្ឋាករ ខេត្តស្រះកែវហើយដើម្បីអនុវត្តតាមផ្លូវច្បាប់៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម