Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ​ចង់លើកលែងប័ណ្ណស្នាក់នៅដល់​ពលករខ្មែរ ​​ជុំវិញកង្វល់​​មាតុភូមិនិវត្តន៍របស់ពួកគេ

បានផុស

នៅ

ក្រសួង​មហាផ្ទៃ​ថៃ កំពុង​ពិចារណា​​លើក​លែង «​​​ប័ណ្ណ​អនុញ្ញាតស្នាក់នៅត្រឹមត្រូវ»​ ឬ​​ប័ណ្ណ​​​អនុញ្ញាតផ្សេងៗ​​​ដែល​ផុតសុពលភាព​​ក្នុង​ប្រទេស​ថៃ ​ចំពោះ​ពលករ​ចំណាក​ស្រុក​កម្ពុជា​ ចំពេល​មាន​កង្វល់ថា ការធ្វើមាតុភូមិនិវត្តន៍របស់ពលរដ្ឋកម្ពុជាជុំវិញភាព​តានតឹងព្រំដែន ​អាច​បង្កផលប៉ះពាល់ដល់វិស័យផលិតកម្ម និងសំណង់របស់ប្រទេសនេះ​​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់សារព័ត៌មាន​ថៃ Thai Enquirer ការលើកលែងនេះ នឹងអនុញ្ញាតឱ្យ​ពលករចំណាក​ស្រុក​កម្ពុជា អាច​ស្នាក់នៅ​ក្នុងប្រទេសថៃដោយមិនបង់ថ្លៃ រហូតដល់ច្រកព្រំដែនរវាងថៃ និងកម្ពុជា វិលត្រឡប់ទៅរក​ភាពប្រក្រតីវិញ។ នេះបើតាមការឱ្យដឹងរបស់លោក​ ​Surasan Kongsiri អ្នកនាំពាក្យរងនៃកងយោធពលខេមរភូមិន្ទថៃ និងមជ្ឈមណ្ឌលអាដហុកស្តីពីស្ថានភាពព្រំដែនថៃ-កម្ពុជា។ មន្រ្តីក្រសួង​មហាផ្ទៃ​ថៃដដែល​ បាន​បន្ថែមថា ​ពេល​ប្រតិបត្តិការ​ព្រំដែន​វិល​​ត្រឡប់​ទៅ​​ប្រក្រតី​វិញ ពលករ​ទាំង​​នោះ ​ត្រូវ​ចាក​ចេញ​ពី​ប្រទេស​ថៃ​ក្នុង​រយៈ​ពេល ១៤​ ថ្ងៃ។

ជាមួយគ្នានេះ ក្រសួងការងារថៃឯណោះវិញ កំពុងរៀបចំវិធានការថ្មីដើម្បីជួយពលករចំណាកស្រុកកម្ពុជា ដាក់ពាក្យសុំប័ណ្ណការងារ តាមរយៈការដាក់ឯកសារចាំបាច់ និងភស្តុតាងការងារ។ ការអនុញ្ញាតទាំងនេះ នឹងមានសុពលភាពរយៈពេល ៩០ ថ្ងៃ ហើយអាចបន្តវា ជារៀងរាល់ ៩០​ ថ្ងៃម្តង។ កម្មករក៏អាចផ្លាស់ប្តូរនិយោជក ឬចុះឈ្មោះនិយោជករហូតដល់ ៣ នាក់ ​ក្នុងតំបន់របស់ពួកគេ​អំឡុងពេលអនុញ្ញាត​ផងដែរ​។ ក្រសួង​បន្ថែមថា ​ជំហានទាំងនេះមានគោលបំណងជួយដល់អាជីវកម្មដែលរងផលប៉ះពាល់ដោយស្ថានភាពបច្ចុប្បន្ន។​

គួរគូសបញ្ជាក់ថា ក្រោយ​មាន​ភាព​តានតឹងព្រំដែនជាមួយថៃ រដ្ឋាភិបាល​កម្ពុជាបាន​អំពាវនាវឱ្យពលករកម្ពុជាធ្វើមាតុភូមិនិវត្តន៍ដោយ​សន្យាររកការងារឱ្យពួកគេធ្វើ មុនពេល​អាជ្ញាធរចាប់ពួកគេបណ្ដេញចេញ។ ខណៈថៃច្រានចោលការចាប់បញ្ជូនពលករខ្មែរមកវិញទ្រង់ទ្រាយធំ វិស័យឯកជនក្នុងស្រុក និងអ្នកជំនាញថៃ បាន​សម្ដែងការព្រួយបារម្ភថា វិស័យផលិតកម្ម វេចខ្ចប់ និងសំណង់ថៃ អាច​នឹង​រងផលប៉ះពាល់ធ្ងន់ធ្ងរ ប្រសិន​បើ​កម្មករកម្ពុជាធ្វើដំណើរត្រឡប់មកស្រុកវិញ ទ្រង់ទ្រាយធំ ហើយពួកគេ​មិន​អាច​រកកម្មករជំនួស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម