Connect with us

ព័ត៌មានជាតិ

សហជីព​កម្ពុជា​អំពាវនាវ​កុំយករឿងដំឡើង​ពន្ធ​របស់​សហរដ្ឋអាមេរិក​ធ្វើ​ជា​អាវុធនយោបាយ និង​ការ​បំភ័យ​កម្មករ

បានផុស

នៅ

ភ្នំពេញ ៖ សហជីពកម្ពុជាដែលតំណាងឱ្យកម្មកររាប់ម៉ឺននាក់ បានអំពាវនាវដល់អ្នកនយោបាយ អង្គការសង្គមស៊ីវិល ក៏​ដូច​សហជីពមួយចំនួន កុំ​យក​ការ​ដាក់ពន្ធថ្មី​របស់​សហរដ្ឋអាមេរិក​លើ​ទំនិញ​កម្ពុជា មកធ្វើជាឧបករណ៍នយោបាយ​ដើម្បី​បង្អាប់បង្អោន​រាជរដ្ឋាភិបាល ក៏ដូចជា​ផ្សព្វផ្សាយ​បំភ្លៃ បំប៉ោង​ដើម្បី​បំភ័យ​កម្មករដែលហួសពីការពិត។ ការ​អំពាវ​នាវ​នេះ ធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក បានសម្រេចដាក់ពន្ធលើទំនិញនាំចេញពីកម្ពុជាចំនួន៣៦% នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥នេះ។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានអំពាវនាវដល់អ្នកនយោបាយ និងបុគ្គលមួយចំនួនក្នុងសង្គមតែងតែចូលចិត្តបង្អាប់បង្អោន និងបន្តុះបង្អាប់ជាតិខ្លួនកុំឱ្យយកបញ្ហាពន្ធរបស់អាមេរិកនេះធ្វើជាឆ្នាំងបាយនយោបាយ ដោយបំភ្លៃ បំផ្លើស និងបំប៉ោងបញ្ហាដែលគ្មានការពិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា

លោកថា «សូមកុំយកបញ្ហាការដំឡើងពន្ធរបស់សហរដ្ឋអាមេរិកនេះ ធ្វើជាឈ្នាន់នយោបាយទៅនិយាយឃោសនាអកុសលបំភិតបំភ័យដល់ប្រជាពលរដ្ឋ ក៏ដូចជាកម្មករនិយោជិត។ យើងត្រូវតែរួមគ្នាដើម្បីរក្សានូវឧត្តមភាព និងប្រយោជន៍ជាតិរបស់កម្ពុជាឲ្យបានគង់វង្សស្ថិតថេរ»។

ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងកម្មករនិយោជិតឱ្យរក្សាភាពស្ងៀមសាត់បន្តភាពជឿជាក់ លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាពន្ធ និងជំរុញការនាំចេញ និងបង្កើនផលិតភាពការងារជូនបងប្អូនកម្មករនិយោជិត និងបានណែនាំឱ្យកម្មករនិយោជិតត្រូវប្រឹងប្រែងធ្វើការដើម្បីបង្កើនផលិតភាពការងារ។

លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា

ទន្ទឹមនឹងនេះ លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ក៏បានលើកឡើងដែរថា ការដាក់ពន្ធពីអាមេរិកនេះ គឺជារឿងសកលដែលមិនមែនជារឿងដាច់ដោយឡែករបស់កម្ពុជានោះទេ។ ដូចនេះ ការបំភ្លៃ បំផ្លើសពីក្រុមអគតិណាមួយដែលចង់ប្រើប្រាស់ចំណុចពន្ធ៣៦%មកបំភ័យ គឺជារឿងគ្មានសីលធម៌។

បន្ថែមពីនេះ ប្រធានសហជីពទាំងពីររូបដែលតំណាងឱ្យកម្មកររាប់ម៉ឺននាក់នៅកម្ពុជា បានសង្កត់ធ្ងន់ថា ការដំឡើងពន្ធរបស់អាមេរិកនេះ គឺមិនមានអ្វីគួរឱ្យបារម្ភនោះឡើយព្រោះរោងចក្រដែលមានស្លាកយីហោល្បីៗនៅកម្ពុជា សុទ្ធសឹងជារោងចក្រលំដាប់ពិភពលោក ដែលមានការលក់ចែកចាយទូទាំងពិភពលោក ហើយ ទីផ្សារនាំចេញរបស់កម្ពុជា មិនមែននាំចេញតែសហរដ្ឋអាម៉េរិកនោះទេ។

សម្រាប់សហជីពទាំងពីរ ការប្តូររោងចក្រទៅកាន់ប្រទេសដទៃទៀត​ដោយសារ​តែបញ្ហាពន្ធប៉ុណ្ណេះ គឺមិនអាចទៅរួចនោះទេព្រោះត្រូវការចំណាយច្រើន នីតិវិធីស្មុគស្មាញ និងខាតបង់ច្រើនទៅវិញ។

ជាមួយគ្នានេះ តំណាងកម្មករទាំងពីររូប ជឿជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នឹងមានយុទ្ធសាស្រ្តទាក់ទាញ​អ្នកវិនិយោគទុនបន្តនៅកម្ពុជាក្នុងការរក្សាការងាជូនបងប្អូនកម្មករ ក៏ដូចជាការបង្កើនឱកាសការងារបន្ថែមទៀតផង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម