Connect with us

ព័ត៌មានជាតិ

ទាហានថៃឃាត់ខ្លួនជនជាតិថៃ ៣ នាក់ និងខ្មែរម្នាក់ ក្រោយលបឆ្លងអូរចេញពីកម្ពុជាចូលទឹកដីថៃ

បានផុស

នៅ

ជនជាតិ​ថៃ ចំនួន ៣ នាក់ រួម​ជាមួយ​ជនជាតិ​ខ្មែរ​ម្នាក់ ជា​អ្នក​នាំ​ផ្លូវ​ឆ្លង​អូរ​ចូល​ទឹកដី​ថៃ ត្រូវ​បាន​យោធា​ថៃ​ធ្វើការ​ឃាត់ខ្លួន​នៅ​ក្បែរ​មាត់​អូរ​តែម្ដង ខណៈ​ពួកគេ​ទាំង ៤ នាក់ កំពុង​ជិះ​ទូក​ឆ្លង​អូរ​ចេញពី​កម្ពុជា​ចូល​ទឹកដី​ថៃ ដែល​ពេលនេះ​ទឹកអូរ​កំពុង​ជន់​ជោរ​ខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ឃាត់ខ្លួន​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង ២ រសៀល ថ្ងៃ​ទី ១០ ខែ​កក្កដា ឆ្នាំ ២០២៥ ត្រង់​ចំណុច​ភូមិ​គោក​ស្បែង ឃុំ​ថា​ខាម ស្រុក​អារញ្ញ​ប្រ​ថេត ខេត្ត​ស្រះកែវ ដែល​នៅ​ត្រង់​ចំណុច​នោះ​ប្រឈម​ជាមួយ ភូមិ​គីឡូ ៤ សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ គឺជា​ចំណុច​ឈរ​ជើង​ដោយ​កម្លាំង​វីរ​សេនា​តូច នគរបាល​ការពារ​ព្រំដែន​គោក លេខ ៨៩១ គ្រប់គ្រង​ដោយ​លោក​វរសេនីយ៍ឯក ហាំ វណ្ណៈ។

ក្នុង​ចំណោម​នោះ ជនជាតិ​ថៃ ២ នាក់ បាន​សារភាព​ថា ពួកគេ​ធ្វើការ​ជា admin ជាមួយ​នឹង​វេប​សាយ ៨៨៨ នៅ​ក្រុង​ប៉ោយប៉ែត ទទួល​បាន​ប្រាក់ខែ​ចាប់ពី ១៨.០០០ ដល់ ២០.០០០ បាត។ នៅ​ពេលនេះ​សុខចិត្ត​ចំណាយ​ក្នុង​ម្នាក់ ៥.០០០ បាត ដើម្បី​ឲ្យ​ជនជាតិ​ខ្មែរ ឈ្មោះ ឈឿង នុត ដែល​ជា​អ្នក​រស់នៅ​ក្នុង​តំបន់​នោះ ជូន​ពួកគេ​ឆ្លងដែន​ត្រឡប់​ចូល​ប្រទេស​ថៃ​វិញ។

ដោយឡែក​ស្ត្រី​ជនជាតិ​ថៃ​ម្នាក់ទៀត បាន​អះអាង​ថា ខ្លួន​គ្រាន់តែ​ឆ្លង​មក​លេង​ស្វាមី​ដែល​ធ្វើការ​សំណង់​នៅ​ក្រុង​ប៉ោយប៉ែត ជា​ជនជាតិ​ហ្វីលីពីន ហើយ​ពេលនេះ​ក៏​ឆ្លងដែន​ត្រឡប់​ចូល​ប្រទេស​ថៃ​វិញ ដោយ​ខ្លួន​មិន​មាន​ប្រាក់កាស​ច្រើន​ទេ ទើប​សុខចិត្ត​ឲ្យ​ទៅ​ជនជាតិ​ខ្មែរ​ខាង​លើ ចំនួន ៥០ បាត ដើម្បី​ឆ្លង​អូរ​ទៅ​ជាមួយ តែ​ក៏​ត្រូវ​ទាហាន​ថៃ​ឃាត់ខ្លួន​តែម្ដង។

បច្ចុប្បន្ន ជនជាតិ​ខ្មែរ ១ នាក់ និង​ជនជាតិ​ថៃ ៣ នាក់ ត្រូវ​បាន​ទាហាន​ថៃ​បញ្ជូន​ទៅ​ឲ្យ​កម្លាំង​ជំនាញ ដើម្បី​ធ្វើការ​សាកសួរ និង​អនុវត្ត​តាម​ផ្លូវច្បាប់៕

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម