Connect with us

កីឡា

ព្រឹត្តិការណ៍​រត់ដើម្បី​យល់​ដឹង«ជំងឺ​មហារីកសុដន់» បើក​ពិនិត្យ​ជំងឺរយៈ​ពេល ៣ ថ្ងៃ​ដោយ​ឥត​គិត​ថ្លៃ

បានផុស

នៅ

នៅព្រឹកថ្ងៃ ចន្ទ ទី ១៤ ខែ កក្កដា ឆ្នាំ ២០២៥ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានធ្វើសន្និសីទសារព័ត៌មានប្រកាសជាផ្លូវការអំពីការរៀបចំព្រឹត្តិការណ៍រត់ប្រណាំង«ដើម្បីលើកកម្ពស់ការយល់ដឹង និងទប់ស្កាត់ជំងឺមហារីកសុដន់» ​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ ទី ១៩ ខែ​តុលា ឆ្នាំ​ ២០២៥។

រូបភាពសន្និសីទសារព័ត៌មាន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងពិធីសន្និសីទសារព័ត៌មាន លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ​នៃ​គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា ៖«គោលបំណងធំនៃការរៀបចំព្រឹត្តិការណ៍កីឡានេះឡើយ គឺដើម្បីជួយគាំពារទៅដល់ស្ត្រី ដែលមាន​ជំងឺ​ផ្នែកមហារីកសុដន់។ នេះគឺជាគោលបំណងមួយ​យ៉ាង​សំខាន់ ហើយ​គោល​បំណង​មួយ​ទៀត​ គឺផ្តោតលើការចូលរួមខាងផ្នែកសប្បុរសធម៌។ ការធ្វើសប្បុរសធម៌ គឺជាគោលការណ៍របស់គណៈកម្មាធិការជាតិអូឡាំពិក គ្រប់ព្រឹត្តិការណ៍កីឡាទាំងអស់»។

លោក បាន​បញ្ជាក់​ថា ព្រឹត្តិការណ៍រត់​ប្រណាំង​នេះ​គឺ​​ដើម្បីគាំពារ និង​ផ្សព្វផ្សាយ​ឲ្យ​យល់​ដឹងពី​ជំងឺ​​មហារីកសុដន់។ ធ្វើ​យ៉ាង​ណា​​ឲ្យ​ស្ត្រី​គ្រប់​រូប​ទប់​ស្កាត់ បង្ការ និង​ការពារ ក៏​ដូច​ជា​ព្យាបាល​ឲ្យ​ទាន់​ពេល​វេលា។ ប្រជាជនគ្រប់រូប ជាពិសេស​សូម​ចូល​រួមក្នុងកម្មវិធី​​នេះ។ មិនត្រឹមតែប៉ុណ្ណោះ គ្រប់ស្ត្រីទាំងអស់ ទោះ​ជា​អ្នកបានចុះឈ្មោះចូល​រួម​ក្តី​ ឬមិនបានចុះឈ្មោះក្តី ក៏​អាចមកទទួល​បាន​ការពិនិត្យ​ជំងឺ​មហារីកសុដន់ដោយឥតគិតថ្លៃ។ ក្រុម​ការងារ​​នឹង​រៀបចំ​កន្លែង​ពិនិត្យ​ជំងឺ​មហា​រីក​សុដន់​រយៈ​ពេល​ ៣ ថ្ងៃ ពោល​គឺមុន​ថ្ងៃ​រត់ ២ ថ្ងៃ និង​​​​ថ្ងៃរត់១​ថ្ងៃ​ទៀត​ នៅ​ឧទ្យាន​មុខ​វត្ត​បទុម។

រូបភាពសន្និសីទសារព័ត៌មាន

ព្រឹត្តិការណ៍រត់ប្រណាំង បានបើកដំណើរការចុះ​ឈ្មោះ​ចាប់​ពី​ពេល​នេះ រហូតដល់ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០២៥។ ​បច្ចុប្បន្ន​ មានអ្នកចុះឈ្មោះ​ជាង ១ ពាន់នាក់ជាងហើយ និង​រំពឹង​​ទទួល​បាន​អ្នកចុះ​ឈ្មោះ​ហោចណាស់ ៥ ពាន់នាក់។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍រត់ប្រណាំងនេះ គឺបានធ្វើចំនួន ២ លើក​រួចមកហើយ ខណៈទាំងលើកនេះទៀត គឺជាលើកទី ៣។ ព្រឹត្តិការណ៍​រត់​នឹងប្រព្រឹត្ត​ឡើងនៅថ្ងៃអាទិត្យ ទី ១៩ ខែតុលា ឆ្នាំ ២០២៥ នៅ​​​សួនច្បារវត្តបទុមវតី។ ការរត់បែងចែកជា ៣ វិញ្ញាសាគឺ រត់ចម្ងាយ ១០ គីឡូម៉ែត្រ, ៥ គីឡូម៉ែត្រ និង ២.៥ គីឡូម៉ែត្រ សម្រាប់ក្មេងៗ និងជាលក្ខណៈគ្រួសារ៕

រូបភាពសន្និសីទសារព័ត៌មាន
រូបភាពសន្និសីទសារព័ត៌មាន
រូបភាពសន្និសីទសារព័ត៌មាន

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម