កីឡា
៩ សំណួរជាមួយលោកគ្រូ Mattew ពីព្រះខ័នរាជស្វាយរៀង ត្រៀមខ្លួនជាពិសេស សម្រាប់រដូវកាលថ្មី
ក្លិបព្រះខ័នរាជស្វាយរៀង បានត្រៀមខ្លួនកាន់តែពិសេស សម្រាប់រដូវកាលថ្មីតាមរយៈការនាំចូលកីឡាករក្នុងស្រុក និងកីឡាករបរទេសល្អៗ។ មិនត្រឹមតែប៉ុណ្ណោះ តួនាទីលេងខ្លះមានកីឡាករ ២ ទៅ ៣ នាក់ក៏មាន ប៉ុន្តែនេះជាផែនការលំអិតសម្រាប់ការប្រកួតប្រជែងរដូវកាលថ្មីដ៏មមាញឹក។

លោក Mattew McConkey គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង បានផ្តល់បទសម្ភាសលំអិតដូចខាងក្រោម៖
- តើរហូតដល់ពេលនេះ លោកបានត្រៀមខ្លួនយ៉ាងណាហើយសម្រាប់រដូវកាលថ្មី?
សម្រាប់សប្តាហ៍ដំបូង ជាទូទៅយើងបានសាកល្បងកីឡាករពាក់ព័ន្ធនឹងកាយសម្បទា និងវិទ្យាសាស្ត្រកីឡា។ គ្រាន់តែពិនិត្យបញ្ហាជារួម តំបន់តួនាទីដែលកីឡាករលេង និងពិនិត្យមើលថាតើកីឡាករនៅមានបញ្ហាអ្វីមិនច្បាស់ ដូច្នេះអាចរៀបចំកម្មវិធីហ្វឹកហាត់សម្រាប់កីឡាករម្នាក់ៗ។
បន្ទាប់មក ខ្ញុំបានចាប់ផ្តើមគិតសម្រាប់ ៥ ថ្ងៃដំបូង តើអ្វីដែលយើងទទួលបានការហ្វឹកហាត់។ ការហ្វឹកហាត់ខ្លាំង របៀបដែលពួកគេមើលថែខ្លួនឯងទាំងនៅលើទីលាន និងក្រៅទីលាន ពីរបៀបលេង និងអ្វីដែលយើងចង់បានពីពួកគេ។
ដូច្នេះខ្ញុំគិតលើកីឡាករម្នាក់ៗសម្រាប់រយៈពេល ៥ ថ្ងៃដំបូង។ ខ្ញុំមិនគិតថា ពួកគេមិនច្បាស់ពីអ្វីដែលពួកយើងចង់ឲ្យពួកគេធ្វើ និងរបៀបដែលពួកគេមានផ្ទាល់ខ្លួននោះទេ នេះជាសប្តាហ៍ដំបូងដ៏ល្អ។ ចូលសប្តាហ៍ទី២ និងទី៣ គឺជារបៀបគ្រប់គ្រងបាល់។ ពីរបៀបដាក់សម្ពាធ ពីរបៀបដាក់សម្ពាធក្នុងស្ថានភាពខុសគ្នា ពីអ្វីដែលយើងដាក់សម្ពាធចង់ឲ្យដៃគូធ្វើ ពីព្រោះសម្រាប់ខ្ញុំចំណុចសំខាន់ទី១ គឺការការពារ ពីព្រោះវាកំណត់គ្រប់យ៉ាង។ វាកំណត់ថាតើយើងគ្រប់គ្រង់បាល់ច្រើនកម្រិតណា កន្លែងណាដែលយើងទទួលបានបាល់ តើយើងបង្កើតឲ្យមានចន្លោះប្រហោងសម្រាប់ដៃគូបែបណា។ អីចឹងសប្តាហ៍បន្ទាប់ យើងនឹងសម្លឹងមើលពីជម្រើសផ្សេងៗទៀត។
- ស្របពេលមានកីឡាករថ្មីច្រើនចូលរួម តើជំហានដំបូង លោកផ្តោតលើអ្វីខ្លះ?
វាដូចជាកីឡាករខ្លះបានស្គាល់ទីនេះរួចទៅហើយ។ កីឡាករខ្លះបានយល់ច្បាស់ពីទីនេះ។ កីឡាករខ្លះក៏ត្រូវការពេលវេលា ប៉ុន្តែជារឿងធម្មតាសម្រាប់កីឡាករដែលចូលក្លិបថ្មី។ ពួកគេជួបលក្ខខណ្ឌផ្សេងៗគ្នា តម្រូវការពីគ្រូផ្សេង ហើយពួកគេចាប់ផ្តើមលេងជាមួយមិត្តរួមក្រុមថ្មី។
ប៉ុន្តែ ខ្ញុំគិតថា យើងអាចឃើញភាពខុសគ្នារវាង កីឡាករថ្មី និងកីឡាករចាស់ដែលធ្លាប់លេងនៅទីនេះពីររដូវកាលមុន ពីព្រោះខ្ញុំមានគំនិតផ្ទាល់ខ្លួន អំពីរបៀបដែលយើងត្រូវអនុវត្ត ប្រៀបធៀបនឹងរដូវកាលមុនៗ ប៉ុន្តែវាមិនខុសគ្នាខ្លាំងទេ។

វាប្រហែលជាត្រូវការពេលបន្តិចទៀតចំពោះបញ្ហាមួយចំនួនដែលខុសៗគ្នា។ កីឡាករខ្លះត្រូវការពេលវេលា ដូច្នេះយើងនឹងមានការជួបម្នាក់ៗច្រើន។ វាមានការជជែកខ្លីៗច្រើននៅលើទីលាន។ ខ្ញុំក៏ពឹងកីឡាករចាស់ៗខ្លះដើម្បីឲ្យជួយកីឡាករថ្មី។ បង្ហាញពួកគេពីរបៀបដែលមាននៅទីនេះ និងព្យាយាមណែនាំពួកគេឲ្យបានច្រើន។
ប៉ុន្តែខ្ញុំគិតថា កីឡាករ យូឌៃ គឺជាគំរូល្អ។ យូឌៃ ពិតជាចាប់បានលឿនចំពោះអ្វីដែលខ្ញុំចង់បាន។ ជាមួយគ្នានេះ ឌីម៉ង់ ក៏ល្អដែរ។ ឌីម៉ង់ ប្រហែលជាមានបញ្ហាចលនាបន្តិចបន្តូចសម្រាប់តួនាទីរបស់គាត់ដូចធ្លាប់លេងក្លិបអង្គរថាយហ្គឺរ។ ឥឡូវនេះ គាត់ចាប់ផ្តើមសម្របខ្លួនបានល្អហើយ។ ខ្ញុំសង្ឃឹមថា រដូវកាលថ្មីចាប់ផ្តើម ពួកគេសម្របខ្លួនបានល្អ និងរួចរាល់ដើម្បីជួយក្រុម។
- តើលោកគ្រូមានផែនការយ៉ាងណាចំពោះ តួនាទីខ្លះមានកីឡាករ ២ ទៅ ៣ នាក់ ដែលមានគុណភាពល្អដូចគ្នា?
ខ្ញុំបានឃើញនៅតាមបណ្តាញទំនាក់ទំនងសង្គមពីរឿងនេះដែរ។ ខ្ញុំបានឃើញការបង្ហោះមួយថា យើងមានខ្សែប្រយុទ្ធ ១២ នាក់ នៅតំបន់ ៣ ផ្សេងគ្នា។ ខ្ញុំគិតថា មិនមែនជាបញ្ហាចោទទេ។ កីឡាករតែងតែមានបញ្ហា និងមានរបួសតិចតូចខ្លះមិនខាន។
ជារឿងកម្រដែលគ្រប់កីឡាករអាចលេងបានល្អពេញមួយរដូវកាល។ គ្រប់តួនាទីលេងនីមួយៗមានការប្រកួតប្រជែង។ ខ្ញុំគិតថា វាជាអ្វីម្យ៉ាងដែលខ្ញុំ និងលោក Christ គិតតាំងពីរដូវកាលមុន គឺមិនមែនកីឡាករទាំងអស់សុទ្ធតែបានលេងនោះទេ បើទោះបីជាសមត្ថភាពមិនខុសគ្នាក៏ដោយ។ កីឡាករខ្លះអាចបានលេង ហើយកីឡាករខ្លះក៏មិនទាន់បានលេង។ ឥឡូវនេះ កម្រិតគុណភាពនៃកីឡាករតាមតួនាទីមួយៗ ទាំងកីឡាករក្នុងស្រុក និងកីឡាករបរទេសមិនលើសខ្វះគ្នាប៉ុន្មានឡើយ។
វាអាចជាបញ្ហាធំមួយដែលយើងមាន ប៉ុន្តែទាំងនេះជាអ្វីដែលយើងត្រូវការ ពីព្រោះខ្ញុំដឹងយ៉ាងច្បាស់ថា មិនមែនគ្រប់កីឡាករសុទ្ធតែអាចលេងល្អពេញមួយរដូវកាលនោះទេ។ យើងបានជួបស្រាប់ហើយកាលពីរដូវកាលមុន។
នៅខែមករា និងខែកុម្ភៈ យើងមានកីឡាករច្រើនណាស់ដែលមានបញ្ហា ពីព្រោះកម្មវិធីប្រកួតមមាញឹកពេក ដូច្នេះហើយរដូវកាលថ្មី យើងក៏រវល់មិនខុសពីរដូវកាលមុនដែរ។ យើងពិតជាមិនចង់បង្ខំឲ្យកីឡាករលេងគ្រប់ការប្រកួតនោះទេ។ យើងចង់ឲ្យកីឡាករខ្លះបានលេង ហើយកីឡាករខ្លះបានសម្រាក។ នេះជាបញ្ហាដ៏អាក្រក់ដែលយើងបានជួបកាលពីរដូវកាលមុន ហើយយើងត្រូវតែត្រៀមខ្លួនឲ្យល្អ។
- ក្នុងនាមជាគ្រូបង្គោល តើលោកដាក់គោលដៅយ៉ាងណាសម្រាប់រដូវកាលថ្មី?
ការប្រកួតប្រជែងដើម្បីទទួលបានជ័យជម្នះឲ្យច្រើនតាមដែលអាចធ្វើទៅបាន។ យើងបានពិភាក្សាគ្នាអំពីសមាសភាពកីឡាកររួចហើយ ប៉ុន្តែដោយសារការប្រកួតអន្តរជាតិដែលយើងជួបកាលពីឆ្នាំមុន យើងមានពេលសម្រាកតែពីរបីថ្ងៃប៉ុណ្ណោះ ហើយលីគក៏ចាប់ផ្តើមប្រកួត។
ជាមួយគ្នានេះ កីឡាករខ្លះជាប់ជម្រើសជាតិ ហើយមានការប្រកួតអន្តរជាតិ ប្រហែលជាពីរបីថ្ងៃ បន្ទាប់ពីចាកចេញពីជម្រើសជាតិ កីឡាករខ្លះមិនអាចលេងឲ្យក្រុមបានក្នុងលីគបានទេ។ យើងបានជួបហើយកាលពីឆ្នាំមុន វាមានន័យថា យើងមានការប្រកួតច្រើនក្នុងមួយសប្តាហ៍។ ពីរប្រកួតក្នុងមួយសប្តាហ៍ញឹកញាប់ ដូច្នេះហើយបានជាយើងកំពុងរៀបចំក្រុមឲ្យបានល្អ។ នោះហើយជាគំនិតនៃការប្រកួតប្រជែងខ្ពស់។
ខ្ញុំមិនអាចអង្គុយនៅទីនេះហើយនិយាយថា យើងចង់ឈ្នះជើងឯក AFC យើងចង់ឈ្នះជើងឯកលីគ យើងចង់ឈ្នះពានសម្តេចតេជោ ហ៊ុន សែន។ ច្បាស់ណាស់ យើងពិតជាចង់ឈ្នះពានទាំងនេះ ប៉ុន្តែសម្រាប់ខ្ញុំ ថាតើយើងត្រៀមខ្លួនល្អកម្រិតណាដើម្បីឈ្នះពានទាំងនេះ។
ប្រសិនបើយើងធ្វើបានល្អ ច្បាស់ណាស់ យើងនឹងឈ្នះ។ ប្រសិនបើយើងធ្វើមិនបានល្អ យើងនឹងចាញ់។ វាជាបញ្ហា ប្រសិនបើយើងនៅតែបន្តបែបនេះទៀត យើងនឹងបាត់បង់ពិន្ទុ យើងនឹងចាញ់ការប្រកួត យើងនឹងចាញ់វគ្គផ្តាច់ព្រ័ត្រ យើងនឹងចាញ់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ដូច្នេះសម្រាប់ខ្ញុំ យើងត្រូវគិតពីមួយប្រកួតទៅមួយប្រកួត ហើយគ្រប់ការប្រកួតយើងត្រូវតែធ្វើឲ្យបានល្អ។
- តើលោកគិតថា នឹងផ្តោតអាទិភាពលើពានរង្វាន់អន្តរជាតិមួយណាទេ?
ពានរង្វាន់អន្តរជាតិមួយណាក៏អាទិភាពដែរ។ ខ្ញុំគិតថា ពានរង្វាន់អន្តរជាតិទាំងពីរពិតជាល្អណាស់។ ការប្រកួតពានអន្តរជាតិទាំងពីរគឺប្រកួតប្រជែងខ្ពស់ជាងឆ្នាំមុនទៀត។ ដូចអ្នកគ្រប់គ្នា បានឃើញហើយគឺ ការចាប់ឆ្នោតពាន Shopee Cup។
មើលទៅ វាជាការប្រកួតប្រជែងដ៏ខ្លាំងសម្រាប់ពួកយើង។ យើងត្រូវលេងតទល់នឹងក្រុមជើងឯកម៉ាឡេស៊ី ក្រុមជើងឯកវៀតណាម ក្រុមថៃ Bangkok United, ក្រុមសិង្ហបុរី Lion City…។ ដូច្នេះសម្រាប់ពួកយើងដែលត្រូវលេងតទល់នឹងក្រុមខ្លាំងៗនៅក្នុងតំបន់ គឺជាការសាកសល្បងដ៏ល្អ ហើយជាការវាស់ស្ទង់កម្រិតគុណភាពរបស់យើង។
គិតមើល យើងត្រូវលេងក្នុងលីគ យើងអាចឈ្នះការប្រកួត យើងអាចចាញ់ក្រុមនៅក្នុងលីគ ប៉ុន្តែនៅពេលយើងលេងទល់នឹងក្រុមខ្លាំងៗនៅក្នុងតំបន់ ខ្ញុំគិតថា វាជាសញ្ញាគួរឲ្យចាប់អារម្មណ៍ពីគុណភាពក្រុមរបស់យើង ថាតើស្ថិតនៅកម្រិតណា។
- រហូតដល់ពេលនេះ តើតម្រូវការកីឡាករគ្រប់គ្រាន់ហើយឬនៅ?
ខ្ញុំគិតថា ពេលនេះយើងមានកីឡាករគ្រប់គ្រាន់ហើយ។ យើងប្រហែលជាមិនត្រូវការកីឡាករបន្ថែមទៀតទេ ប៉ុន្តែពេលទីផ្សារដោះដូរកីឡាករបើកថ្មី មិនដឹងថាមានរឿងអ្វីកើតឡើង ខ្ញុំក៏មិនអាចដឹងមុន ប៉ុន្តែពេលនេះ យើងមានកីឡាករពេញហើយ។ សម្រាប់ការប្រកួតអន្តរជាតិ បើចាំបាច់ យើងប្រហែលជាត្រូវការកីឡាករបរទេសម្នាក់ទៀត។

- តើលោកយល់យ៉ាងណាអំពីការប្រកួតប្រជែងរដូវកាលថ្មី?
ខ្ញុំបានពិភាក្សាជាមួយក្រុមការងារកាលពីរដូវកាលមុនពីរឿងនេះដែរ។ ចាប់តាំងពីខ្ញុំបានមកទីនេះរយៈពេល ៤ ឆ្នាំហើយ ខ្ញុំមិនធ្លាប់បានឃើញមានការផ្លាស់ប្តូរកីឡាករទ្រង់ទ្រាយធំបែបនេះទេនៅក្នុងចំណោមក្រុមលំដាប់កំពូលទាំង៦។ ដូច្នេះខ្ញុំគិតថា អាចមានរឿងអ្វីផ្សេងទៀត ពីព្រោះលីគមិនទាន់ចាប់ផ្តើម។ យើងអាចនឹងឃើញមានអ្វីប្លែកថែមទៀតពីការត្រៀមខ្លួន។
ឥឡូវនេះជាពេលវេលាលំបាក ឃើញហើយ វិសាខា បានតែងតាំងគ្រូបង្វឹកថ្មី ក្រុមការងារថ្មី កីឡាករថ្មីក៏ច្រើន។ ណាហ្គាវើលដ៍បានផ្លាស់ប្តូរកីឡាករបីបួននាក់ មានទាំងចុះកុងត្រាកីឡាករក្នុងស្រុក។
ភ្នំពេញក្រោនដូចគ្នា មានការផ្លាស់ប្តូរកីឡាករច្រើន។ បឹងកេត ក៏ផ្លាស់ប្តូរច្រើន ប្រហែលជាបីបួននាក់ ដូច្នេះឆ្លើយទៅសំណួររបស់លោក ខ្ញុំមិនច្បាស់ទេ។ ខ្ញុំគ្រាន់តែច្បាស់ថា យើងនឹងឃើញឆាប់ៗ។
- តើលោកចាប់អារម្មណ៍យ៉ាងណាពីវិស័យបាល់ទាត់កម្ពុជាបច្ចុប្បន្ន?
អ្នកគ្រប់គ្នាអាចឃើញហើយពីទំហំនៃការវិនិយោគរបស់ក្លិបកាន់តែធំនៅក្នុងលីគ។ ក្លិបខ្លះបានវិនិយោគទៅលើការកសាងទីលានហ្វឹកហាត់ កែលំអកីឡដ្ឋានឲ្យកាន់តែល្អ ដូចឃើញស្រាប់ហើយ កីឡដ្ឋានព្រះខ័នរាជស្វាយរៀង កំពុងជួសជុលថ្មី។ កីឡដ្ឋានរបស់វិសាខា កំពុងធ្វើពង្រីកបន្ថែម ហើយភ្នំពេញក្រោន ក៏កំពុងកែលំអបន្ថែមដែរ។
បឹងកេត ក៏មានទីលានហ្វឹកហាត់ថ្មី។ ណាហ្គាវើលដ៍បានប្តូរទៅខេត្តកំពង់ស្ពឺ។ ខ្ញុំគិតថា អ្វីដែលយើងឃើញទាំងនេះកំពុងតែធ្វើឲ្យវិស័យបាល់ទាត់កម្ពុជាកាន់តែល្អប្រសើរ។
ទោះជាយ៉ាងណា ខ្ញុំគិតថា ឱកាសនៃការប្រកួតរបស់ក្រុមយុវជនគឺនៅមានកម្រិតដែលយើងត្រូវគិតគូរ ពីព្រោះយើងឃើញ ក្លិបមួយចំនួនបានកំពុងបណ្តុះបណ្តាលថ្នាលយុវជនយ៉ាងល្អ។
ឥឡូវនេះ យើងបានកំពុងបណ្តុះបណ្តាលថ្នាលយុវជនរបស់យើង ហើយនឹងកាន់តែល្អប្រសើរក្នុងរយៈពេលខាងមុខ ប៉ុន្តែខ្ញុំគិតថា អ្វីគ្រប់យ៉ាងដែល CPL មានពេលនេះគឺកំពុងតែល្អប្រសើរ។ យ៉ាងណា ខ្ញុំគិតថា ក្លិបត្រូវការបង្កើនកីឡាករវ័យក្មេងបន្ថែមទៀត ពីព្រោះយើងបានព្យាយាមអនុវត្តខ្លះហើយ ដូចកីឡាស៊ីហ្គេម ឆ្នាំ ២០២៣។ យើងមានគោលការណ៍ដាក់កីឡាករអាយុក្រោម ២២ ឆ្នាំ ហើយយើងគួរអភិវឌ្ឍកីឡាករថ្នាលឲ្យបានច្រើនបន្ថែមទៀតដើម្បីក្រុមជម្រើសជាតិ។ សម្រាប់ខ្ញុំ គឺចាប់ផ្តើមអភិវឌ្ឍចាប់ពីកម្រិតអាយុ ១០ឆ្នាំ ១១ឆ្នាំ ១២ឆ្នាំ ១៣ឆ្នាំ និងត្រូវមានកម្មវិធីប្រកួតឲ្យបានច្បាស់លាស់។
- តើលោកមានពាក្យពេចន៍អ្វីផ្តាំផ្ញើទៅអ្នកគាំទ្រសម្រាប់រដូវកាលថ្មី?
រយៈពេល ៤ ឆ្នាំកន្លងទៅ ខ្ញុំនៅទីនេះ អ្នកគាំទ្រពិតជាអស្ចារ្យ។ អ្នកគាំទ្របានបង្ហាញពីឆន្ទៈរួមចំណែកដល់កីឡាបាល់ទាត់។ ពួកគេស្រែកហ៊ោ ជំរុញលើកទឹកចិត្ត ហើយតែងតែគាំទ្រ ទាំងពេលវេលាល្អ និងពេលវេលាលំបាក។
កីឡាករម្នាក់ៗមានកម្លាំងចិត្តដោយមានអ្នកគាំទ្រលើកទឹកចិត្តគ្រប់ទីកន្លែង ទោះជាទៅដល់កន្លែងណា។ ពួកគេជាអ្នកគាំទ្រដ៏ស្មោះស្ម័គ្រ ទៅតាមគាំទ្រពួកយើងដល់ម៉ាឡេស៊ី ដល់ឥណ្ឌូណេស៊ី។
គ្រប់ទីន្លែងដែលយើងលេងការប្រកួតអន្តរជាតិ ពួកគេតែងតែទៅគាំទ្រ។ ខ្ញុំសង្ឃឹមថា អ្នកគាំទ្រនឹងនៅតែបន្តគាំទ្របែបនេះទៀតដល់កីឡដ្ឋាន។
ជាថ្នូរនឹងការគាំទ្រ ពួកយើងនឹងខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាពទាំងកីឡាករ និងក្រុមការងារដើម្បីទទួលបានលទ្ធផលល្អ និងផ្តល់ឲ្យអ្នកគាំទ្រមានមោទនភាព៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៩ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន