Connect with us

ព័ត៌មានអន្ដរជាតិ

ពលរដ្ឋប៉ាឡេស្ទីន ២០នាក់ ជាន់គ្នាស្លាប់ ពេលដណ្តើមជំនួយនៅ ហ្គាហ្សា

បានផុស

នៅ

ពលរដ្ឋប៉ាឡេស្ទីនចំនួន២០នាក់ក្នុងតំបន់ហ្គាហ្សា បានជាន់គ្នាស្លាប់ពេលដណ្តើមគ្នាយកជំនួយនៅឯកន្លែងចែករបស់អង្គការ GHF កាលពីថ្ងៃពុធទី១៦ខែកក្កដាឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ Reuters)

តាមសេចក្តីរាយការណ៍របស់ BBC, ហេតុការណ៍នេះកើតឡើងនៅមណ្ឌលចែកជំនួយរបស់អង្គការមនុស្សធម៌ហ្គាហ្សាដែលគាំទ្រដោយអាមេរិក ក្នុងតំបន់ Khan Younis។ 

ក្នុងវីដេអូដែលគេចែកចាយពាសពេញបណ្តាញសង្គម គេឃើញមានមនុស្សយ៉ាងច្រើនកកកុញប្រជ្រៀតគ្នាចូលទៅយកជំនួយ មានទាំងក្មេងនិងមនុស្សចាស់។

(រូបថត៖ Reuters)

ទោះបីជាយ៉ាងណាក៏ដោយ មិនមានការបញ្ចេញព័ត៌មានលម្អិតទេពាក់ព័ន្ធហេតុការណ៍ដ៏រន្ធត់នេះ។

ឧបទ្ទវហេតុដ៏សោកសៅខាងលើ បានបង្ហាញយ៉ាងច្បាស់ពីស្ថានភាពមនុស្សធម៌ដ៏ធ្ងន់ធ្ងរនិងភាពអស់សង្ឃឹមនៅតំបន់ហ្គាហ្សា។ ទីនោះ រងកង្វះខាតស្បៀងអាហារធ្ងន់ធ្ងរ ដោយប្រជាជនជាច្រើនកំពុងស្ថិតក្នុងភាពអត់ឃ្លាននិងត្រូវការជំនួយបន្ទាន់។

(រូបថត៖ Reuters)

មុនការរត់ជាន់គ្នានេះ ក៏មានពលរដ្ឋប៉ាឡេស្ទីនរាប់រយនាក់ ត្រូវបានកងកម្លាំងអ៊ីស្រាអែលបាញ់សម្លាប់ផងដែរនៅកន្លែងចែកជំនួយរបស់ GHF បើទោះបីជាអ៊ីស្រាអែល ដោះសារថា ពួកគេសម្រេចចិត្តបើកការវាយប្រហារដើម្បីតែការពារ និងព្រោះតែពលរដ្ឋទាំងនោះមិនស្តាប់ការព្រមានក៏ដោយ។

ម្យ៉ាង កងទ័ពអ៊ីស្រាអែល ក៏និយាយដែរថា មានសកម្មប្រយុទ្ធក្រុមហាម៉ាស បង្កប់ខ្លួននៅក្នុងចំណោមប្រជាជនដែលរត់មករកជំនួយ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ UN៖ កុមារខ្វះអាហារូបត្ថម្ភ​​កើនឡើងនៅហ្គហ្សា ខណៈ​មួយថ្ងៃអ៊ីស្រាអែលសម្លាប់​ជនជាតិប៉ាឡេស្ទីន ៩៣ នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម