Connect with us

ព័ត៌មានជាតិ

និស្សិតពេទ្យជិត ៦០០ នាក់ បន្ថែមទៀត បានចូលរួមជាសមាជិកក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម ហ៊ុន ម៉ានី

បានផុស

នៅ

និស្សិត​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ចំនួន ៥៨៤ នាក់ បន្ថែម​ទៀត បាន​ចូលរួម​ជា​សមាជិក​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្ដម ហ៊ុន ម៉ានី ដែល​ធ្វើ​ឱ្យ​ចំនួន​សមាជិក​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្ដម ហ៊ុន ម៉ានី ប្រចាំ​សាកលវិទ្យាល័យ កើន​ឡើង​ដល់​ជាង ៣ ៤០០ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​ថ្មី​របស់​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្ដម ហ៊ុន ម៉ានី ប្រចាំ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល កាលពី​ព្រឹក​ថ្ងៃ​ទី ១៧ កក្កដា នេះ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ជា​ប្រធាន​កិត្តិយស​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី , លោក​សាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សា​ក្រសួងសុខាភិបាល សកលវិទ្យាធិការ នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល និង​ជា​អនុប្រធាន​ប្រតិបត្តិ​ទទួល​បន្ទុក​ជា​ប្រធាន​ប្រតិបត្តិ​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្ដម ហ៊ុន ម៉ានី ប្រចាំ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល បាន​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ឯកឧត្ដម​ប្រធាន ហ៊ុន ម៉ានី ដែល​បាន​ផ្តល់​កិត្តិយស និង​ឱកាស​ដល់​និស្សិត​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល បាន​ទទួល​ការ​រៀនសូត្រ​បន្ថែម អនុវត្ត​ផ្ទាល់​នៅ​មូលដ្ឋាន និង​ឱកាស​ចូលរួម​លើកកម្ពស់​សុខភាព និង​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ ដែល​ជា​អាទិភាព​មួយ​ដ៏​សំខាន់​របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មាន សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត ជា​ប្រមុខ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់។

លោក​សាស្ត្រាចារ្យ បាន​បន្ត​ទៀត​ថា «ការ​ចូលរួម​សកម្មភាព​មនុស្សធម៌ និង​សង្គម​ទាំងនេះ បាន​បង្ហាញ​ច្បាស់​អំពី​ការ​យកចិត្តទុកដាក់​របស់ ឯកឧត្ដម​ប្រធាន និង​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្ដម ហ៊ុន ម៉ានី ទាំងអស់ ដែល​តែងតែ​ខ្វល់ខ្វាយ​គិតគូរ និង​រួមសុខ រួម​ទុក្ខ ជាមួយ​ប្រជាពលរដ្ឋ​ដែល​ជួប​ការ​លំបាក​ក្នុង​គ្រប់​កាលៈទេសៈ។ ប្រជាពលរដ្ឋ បាន​យល់​អំពី​អំពើ​ល្អ​របស់ ឯកឧត្ដម​ប្រធាន ហ៊ុន ម៉ានី ក៏ដូចជា សម្តេច​តេ​ជោ សម្តេច​មហា​បវរ​ធិបតី និង​ក្រុមគ្រួសារ ថ្នាក់ដឹកនាំ​ក្នុង​ជួរ​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​មាន​ទឹកចិត្ត​កាន់តែ​ស្រលាញ់ គាំទ្រ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត បន្ត​ជា​ប្រមុខ​ដឹកនាំ​នាវា​កម្ពុជា​ទៅ​មុខ​ទៀត ដើម្បី​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​យើង ឱ្យ​កាន់តែ​មាន​ការ​រីកចម្រើន ក្រោម​ម្លប់​សន្តិភាព​ដ៏​ត្រជាក់ត្រជំ​»។

លោក​សាស្ត្រាចារ្យ បាន​បន្ថែម​ថា អំពើ​ល្អ​ទាំងនេះ ក៏​ជា​គំរូ​ដ៏​ឧត្តុង្គ​ឧត្ដម​សម្រាប់​និស្សិត​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល អនុវត្ត​តាម ដើម្បី​អភិវឌ្ឍន៍​ខ្លួន​ឱ្យ​ក្លាយ​ជា​អ្នក​វិជ្ជាជីវៈ​សុខាភិបាល​ដែល​មាន គុណធម៌ សីលធម៌​វិជ្ជាជីវៈ​ខ្ពស់ និង​តែងតែ​ប្រកាន់ខ្ជាប់​នូវ​ស្មារតី ស្រឡាញ់​ជាតិ ប្រព្រឹត្ត​តែ​អំពើ​ល្អ សុចរិត ត្រឹមត្រូវ និង មិន​ទុក​ឱ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់ មិន​ទទួល​បាន​សេវា​សុខាភិបាល​ប្រកប​ដោយ​គុណភាព​ឡើយ។

អញ្ជើញ​មាន​មតិ​ក្នុង​ឱកាស​នោះ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី បាន​រំលេច​ពី​សារៈសំខាន់ នៃ​ការងារ​ស្ម័គ្រចិត្ត​ដែល​ត្រូវការ​ទឹកចិត្ត​ចេញពី​បេះដូង ស ពី​ការ​វាស់វែង​ភាព​អត់ធ្មត់ និង​ការ​ជួប​ប្រទះ​នូវ​ការ​ប្រតិបត្តិ​ដោយ​ផ្ទាល់​រវាង​ការ​រៀន​នៅ​ក្នុង​ថ្នាក់ និង​ការ​អនុវត្ត​ជាក់ស្តែង ដើម្បី​ទទួល​ការ​ហ្វឹកហាត់​ជាក់ស្ដែង និង​ទទួល​បទ​ពិសោធ​នាំមក​នូវ​អនុស្សាវរីយ៍​យូរអង្វែង។

គួរ​បញ្ជាក់​ថា គិត​ពី​ឆ្នាំ ២០២៣ មក​ដល់​បច្ចុប្បន្ន​នេះ ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្ដម ហ៊ុន ម៉ានី ប្រចាំ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល បាន​ចូលរួម​ចំណែក​ផ្តល់​សេវា​អប់រំ ថែទាំ ព្យាបាល​សុខភាព​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ បាន​ចំនួន ២០ លើក សរុប​ប្រជាពលរដ្ឋ​មក​ទទួល​សេវា ចំនួន ១៥៦ ៩១៥ នាក់។ ក្រៅពី​សកម្មភាព​ចុះ​អប់រំ ថែទាំ ព្យាបាល សុខភាព​នេះ មន្ត្រី បុគ្គលិក និស្សិត​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល បាន​ចូលរួម​យ៉ាងសកម្ម​ជាមួយ​ការងារ​សង្គម​ផ្សេងៗ ដែល​រួមមាន ការ​ចូលរួម​សកម្មភាព​ក្នុងនាម​ជា​សមាជិក​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា សកម្មភាព​កាកបាទក្រហម​កម្ពុជា សកម្មភាព​សប្បុរសធម៌​ជួយ​និស្សិត​ខ្វះខាត​លទ្ធភាព​បន្ត​ការ​សិក្សា ការងារ​បរិច្ចាគ​ឈាម ការងារ​បរិស្ថាន កីឡា និង​សិល្បៈ និង​ជាពិសេស​ការ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល គាំទ្រ​លើកទឹកចិត្ត​កងទ័ព​កំពុង​ប្រចាំការ ការពារ​ប្រទេស នៅ​សមរភូមិ​មុខ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម