Connect with us

ព័ត៌មានជាតិ

ត្រឹមសប្តាហ៍នេះ មូលដ្ឋានសុខាភិបាលដៃគូទូទាំងប្រទេស កើនឡើងជាង ១៦០០កន្លែង

បានផុស

នៅ

គិតត្រឹមសប្តាហ៍នេះ បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.)មានមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស.ទាំងរដ្ឋនិងឯកជននៅទូទាំងប្រទេសសរុបចំនួន១៦០១កន្លែង។ នេះបើតាម លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៧ កក្កដានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត បានបន្តថា ការកើនឡើងនៃមូលដ្ឋានសុខាភិបាលនេះ ដើម្បីជួយសម្រួលដល់សមាជិក ប.ស.ស ក្នុងការទៅពិនិត្យពិគ្រោះ និងព្យាបាលជំងឺ និងឆ្លើយតបទៅនឹងចំនួនសមាជិក ប.ស.ស ដែលមានការកើនឡើងជាបន្តបន្ទាប់ ដោយសារប្រជាពលរដ្ឋមានជំនឿទុកចិត្ត និងយល់ដឹងច្បាស់ពីអត្ថប្រយោជន៍នៃ ប.ស.ស។

ជាក់ស្តែង គិតត្រឹមខែមិថុនាឆ្នាំ២០២៥ ប.ស.ស. មានសមាជិកដល់ ៣លាន២សែននាក់ ស្រី ១,៨លាននាក់។ ក្នុងនោះ បុគ្គលនៃវិស័យសាធារណៈ ៥១ម៉ឺន ៨ពាន់នាក់ បុគ្គលនៃវិស័យឯកជន ១លាន ៩៥ម៉ឺននាក់ បុគ្គលស្វ័យនិយោជន៍ ៥២ម៉ឺននាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ២០ម៉ឺន៣ពាន់នាក់។

ទន្ទិមនេះ លោកបណ្ឌិត ក៏បានអំពាវនាវដល់មូលដ្ឋានសុខាភិបាលដៃគូជាមួយ ប.ស.ស ទាំងអស់ ត្រូវអនុវត្តតាមការណែនាំនេះ ដើម្បីបម្រើប្រជាពលរដ្ឋឱ្យបានរហ័ស ច្បាស់លាស់ និងប្រកបដោយវិជ្ជាជីវៈខ្ពស់។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៥ ប.ស.ស បានចេញសេចក្ដីណែនាំស្ដីពីការពង្រឹងតួនាទីភារកិច្ចរបស់មូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស ក្នុងការផ្តល់សេវាសុខាភិបាលជូនសមាជិក ប.ស.ស ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព និងសង្គតិភាព។

សេចក្ដីណែនាំរបស់ ប.ស.ស នេះ គឺចង់ឱ្យមូលដ្ឋានសុខាភិបាលជាដៃគូជាមួយ ប.ស.ស បំពេញការងារ និងបែបបទក្នុងការទទួលពិនិត្យព្យាបាលជំងឺសមាជិក ប.ស.ស កាន់តែមានការទទួលខុសត្រូវខ្ពស់ ប្រសិទ្ធភាព តម្លាភាព សង្គតិភាព និងគណនេយ្យភាព ក្នុងការបម្រើប្រជាពលរដ្ឋ យកចិត្តទុកដាក់ចំពោះសុខភាពពលរដ្ឋ ជៀសវាងការមិនពេញចិត្ត ឬបញ្ហាមិនប្រក្រតីណាមួយកើតឡើង៕ អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម