Connect with us

ព័ត៌មានជាតិ

ទាហានខ្មែរ មានឆន្ទៈមោះមុតអង់អាចក្លាហាន ក្រាញននៀល ទោះបីទ័ពសត្រូវមានគ្នាច្រើន អាវុធយុទ្ធភណ្ឌទំនើប យន្តហោះចម្បាំង រហូតទទួលបានការកោតសរសើរលើពិភពលោក

បានផុស

នៅ

លោក ហួត ហៃ អភិបាល​រង​រាជធានី​ភ្នំពេញ ថ្លែង​ថា ទាហាន​ខ្មែរ ពិត​ជា​មាន​ឆន្ទៈ​មោះមុត អង់អាច ក្លាហាន ខ្លាំងក្លា ក្រាញននៀល មិន​ចុះចាញ់​ជាមួយ​ទ័ព​សត្រូវ បើ​ទោះបី​ទ័ព​សត្រូវ​មាន​គ្នា​ច្រើន មាន​អាវុធ​យុទ្ធភណ្ឌ​ទំនើប មាន​យន្តហោះ​ចម្បាំង មាន​ដ្រូន និង​ប្រើប្រាស់​ថ្នាំពុល យ៉ាងណា​ក្តី រហូត​ទទួល​បាន​ការ​កោតសរសើរ​លើ​ពិភពលោក​ថា កម្ពុជា​ប្រទេស​តូច កម្លាំង​តិច សម្ភារៈ​សឹក​មិនសូវ​ទំនើប តែ​ទឹកចិត្ត​មោះមុត មាន​ឆន្ទៈ​ខ្ពស់​ក្នុង​កិច្ចការពារ​ទឹកដី​របស់​ខ្លួន​យ៉ាង​រឹងមាំ មិន​ឱ្យ​បាត់បង់​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ថ្លែង​របស់ លោក ហួត ហៃ បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី ០១ ខែ​សីហា ឆ្នាំ ២០២៥ នេះ ខណៈ​លោក​តំណាង​ឱ្យ លោក ឃួង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី បាន​នាំ​យក​អំណោយ​ជា​គ្រឿង ឧបភោគ បរិភោគ និង​សម្ភារៈ​ប្រើប្រាស់​ចាំបាច់​ចំនួន ៥៦ មុខ របស់​សប្បុរសជន​ដែល​បាន​ផ្តល់​ជូន​សមរភូមិ​មុខ តាមរយៈ​រដ្ឋបាល​រាជធានី​ភ្នំពេញ មក​ប្រគល់​ជូន​កងពលតូច​អន្តរាគមន៍​លេខ ១២៨ ខេត្ត​ស្ទឹងត្រែង នៅ​ទីបញ្ជាការ កងពលតូច​អន្តរាគមន៍​លេខ ១២៨ ខេត្ត​ស្ទឹងត្រែង។

លោក ហួត ហៃ នៅមុន​ពិធី​ប្រគល់​អំណោយ​នេះ បាន​ជួប​សំណេះសំណាល សួរសុខទុក្ខ ដល់​នាយ​ទាហាន​រង និង​ពលទាហាន​កងពលតូច​អន្តរាគមន៍​លេខ ១២៨ នេះ ជុំវិញ​ការ​ប្រយុទ្ធ​គ្នា​ជាមួយ​ទាហាន​សៀម​ឈ្លានពាន។ លោក​សូម​ឱ្យ​កងទ័ព​កម្ពុជា​ទាំងអស់ ប្រុងប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់​បន្ថែម​ទៀត ព្រោះ​សត្រូវ​របស់​យើង​ថោកទាប ប្រើ​ល្បិច ពិសពុល​គ្រប់យ៉ាង​ដែល​យើង​នឹកស្មាន​មិន​ដល់ ដូចជា ករណី​ទាហាន ​សត្រូវ​ចាប់​ទាហាន​កម្ពុជា ​២០​ នាក់​ យក​ទៅ រហូតមកដល់​ពេលនេះ (ដោះលែង​បាន ២ នាក់) បើ​ទោះបី​មាន​បទ​ឈប់​បាញ់​ហើយ​ក្តី។

ពាក់ព័ន្ធ​ទៅ​នឹង​អំណោយ​ខាងលើ លោក​សូម​ឱ្យ​មាន​ការ​បែងចែក​គ្រឿង ឧបភោគ បរិភោគ និង​សម្ភារៈ​ប្រើប្រាស់​ចាំបាច់​ទាំង​ ៥៦ ​មុខ​ ឱ្យ​ដល់​វីរ​ទាំង​ ៥ និង​ទាំង​ ៧​ គ បាន​ប្រើប្រាស់ និង​ហូបចុក ឱ្យ​បាន​ដល់​ដៃ​ដល់​វីរ​កងទ័ព​ឱ្យ​បាន​គ្រប់ៗ គ្នា។

លោក​វរសេនីយ៍ឯក ធីវ ម៉ុល បាន​បញ្ជាក់​ឱ្យ​ដឹង​ថា កងកម្លាំង ទាហាន​របស់​កម្ពុជា​ទាំង ២០ នាក់ ដែល​ថៃ​ចាប់​យក​ទៅ ក្រោយ​មាន​បទ​ឈប់​បាញ់ គឺ​មាន​ទាហាន​នៅ​ក្នុង​កងពលតូច​អន្តរាគមន៍​លេខ ១២៨ ចំនួន ១៥ នាក់ បាន​ពលី​ម្នាក់ របួស ៦ នាក់ (​ស្រាល ៣ ធ្ងន់ ៣)។

លោក​បន្ត​ថា កងពលតូច​អន្តរាគមន៍​លេខ​ ១២៨ ខេត្ត​ស្ទឹងត្រែង​ បាន​ទៅ​ឈរជើង​ការពារ​ព្រំដែន​នៅ​ជួរមុខ នៅ​ច្រកព្រំដែន​អានសេះ ជាំ​តែ និង​មុំ​បី ក្នុង​ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ។

ជាមួយគ្នា​នោះ លោក​វរសេនីយ៍ឯក ធី​វ ម៉ុ​ល ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ផង​ដែរ ចំពោះ​ទឹកចិត្ត​ប្រជាពលរដ្ឋ និង​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​តែង​បាន​ឧបត្ថម្ភ​ជូន​កងពលតូច​អន្តរាគមន៍​លេខ ១២៨ កន្លងមក ហើយ​នៅ​ពេលនេះ ខណៈ​កងទ័ព​កម្ពុជា​កំពុង​ប្រឈមមុខ​ជាមួយ​សត្រូវ​ឈ្លានពាន រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បន្ត​ដឹកជញ្ជូន​គ្រឿង​ឧបភោគ​បរិភោគ​ជាច្រើន​មុខ មក​ជួយ​ឧបត្ថម្ភ​បន្ថែម​ទៀត។ លោក​សង្កត់​ធ្ងន់​ថា «ទឹកចិត្ត​បងប្អូន​ប្រជាពលរដ្ឋ គឺជា​កម្លាំងចិត្ត​ដ៏​ធំធេង​នៅ​ពីក្រោយ​ពួកយើងខ្ញុំ​ទាំងអស់​គ្នា​។ យើងខ្ញុំ​ទាំងអស់គ្នា សូម​ប្ដេជ្ញា​ការពារ​ដែន​អធិបតេយ្យ​ភាព បូរណភាព​ទឹកដី​ពី​ចោរ​ឈ្លានពាន​ថៃ​ឱ្យ​បាន​ដាច់ខាត»។

ចុងក្រោយ លោក ហួត ហៃ បាន​ផ្ដាំផ្ញើ​ដល់​កងទ័ព សូម​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ គ្រប់​វិនាទី ព្រោះ​សត្រូវ​មិន​ឱ្យ​យើង​បាន​សុខ​ឡើយ មាន​តែ​យើង​រឹងមាំ​ខ្លួនឯង​ប៉ុណ្ណោះ ទើប​យើង​អាច​ការពារ​ទឹកដី​យើង​មិន​ឱ្យ​បាត់បង់​ឡើយ៕

អត្ថបទ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម