Connect with us

ព័ត៌មានជាតិ

​មេបញ្ជាការទ័ពម៉ាឡេស៊ីសន្យាជួយស្តារឡើងវិញសន្តិភាពតាមព្រំដែនកម្ពុជាជាមួយថៃ  

បានផុស

នៅ

អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានបញ្ជាក់នៅចំពោះមុខរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ថា នឹងបន្តជំរុញការអនុវត្តឱ្យបានពេញលេញ និងមានប្រសិទ្ធភាពនូវបទឈប់បាញ់ សំដៅឆ្ពោះស្ដារឡើងវិញនូវសន្តិភាពតាមព្រំដែនប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបញ្ជាក់ជំហររបស់អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីបានធ្វើឡើងក្នុងជំនួបជាមួយលោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងឱកាសដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ទៅចូលរួមកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ (GBC) ជាមួយភាគីថៃ នៅលើទឹកដីប្រទេសម៉ាឡេស៊ី។

ភាគីម៉ាឡេស៊ី បានបង្ហាញពីឆន្ទៈក្នុងការសម្របសម្រួល ដើម្បីអនុវត្តនូវបទឈប់បាញ់រវាងប្រទេសកម្ពុជា និងប្រទេសថៃ ដោយជំរុញឱ្យមានការបង្កើតឯកសារក្រមប្រតិបត្តិ និងឈានដល់ការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន ដែលនាយឧត្តមសេនីយ៍ Mohamed Nizam អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ចាត់ទុកថា នឹងក្លាយជាយន្តការតាមដាននិងការអនុវត្តបទឈប់បាញ់ដោយប្រសិទ្ធភាពខ្ពស់ ធ្វើយ៉ាងណាធានាឱ្យបានត្រឡប់មកវិញនូវសន្តិភាពឆាប់រហ័សជាទីបំផុត។ នេះជាខ្លឹមសារដែលថ្លែងឱ្យដឹងដោយអ្នកនាំពាក្យក្រសួងការពារជាតិ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា នាព្រឹកថ្ងៃទី៧ ខែសីហានេះ។

បើតាមអ្នកនាំពាក្យក្រសួងការពារជាតិ នៅក្នុងកិច្ចសន្ទនាកាលពីថ្ងៃទី៥ ខែសីហានោះ លោកនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានសង្កត់ធ្ងន់ដល់តម្លៃមិនអាចកាត់ថ្លៃបាននៃសន្តិភាព ដែលក្នុងន័យនេះ ប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ានពេលនេះ នឹងខិតខំស្ដារឡើងវិញនូវសុខសន្តិភាពសម្រាប់ប្រជាជនប្រទេសទាំងពីរ កម្ពុជា-ថៃ។

ភ្ជាប់ទៅនឹងកិច្ចប្រជុំ រយៈពេល៣ថ្ងៃកន្លងមកនេះ របស់ក្រុមការងារលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា និងថៃ (GBC) លោកស្រី ម៉ាលី សុជាតា លើកឡើងថា ភាគីទាំងពីរ បានផ្លាស់ប្ដូរចំណុចសំខាន់ៗជាច្រើនប្រកបដោយភាពវិជ្ជមាន និងយោគបល់គ្នាទៅវិញទៅមក។ លោកស្រី គូសបញ្ជាក់ថា ធាតុចូលជាច្រើនរបស់កម្ពុជា ត្រូវបានភាគីថៃយល់ស្រប និងទទួលយក ខណៈមានចំណុចល្អខ្លះរបស់ភាគីថៃ ក៏កម្ពុជាទទួលយកបានដូចគ្នា។

ជាការគូសបញ្ជាក់ថា កិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានចាប់ផ្ដើមតាំងពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែសីហា មុនឈានដល់កិច្ចប្រជុំកំពូលជាវិសាមញ្ញ GBC ដែលប្រព្រឹត្តទៅនាថ្ងៃទី៧ ខែសីហានេះ។ បើគ្មានការប្រែប្រួល កិច្ចប្រជុំនៅថ្ងៃនេះ ភាគីកម្ពុជា នឹងដឹកនាំដោយរដ្ឋមន្ត្រីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ទៀ សីហា និងភាគីថៃ ដឹកនាំដោយរដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិថៃ លោក ណាត់ថាក់ផុន ណាកផានិច ដើម្បីពិភាក្សាគ្នាអំពីការជំរុញអនុវត្តបទឈប់បាញ់ ដែលបានឯកភាពគ្នា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ។

តាមការព្រមព្រៀងគ្នារវាងភាគីទាំងពីរ ក្នុងកិច្ចប្រជុំជាវិសាមញ្ញ GBC នេះ ក៏អនុញ្ញាតឱ្យតំណាងប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន រួមទាំងមានតំណាងសហរដ្ឋអាមេរិក និងប្រទេសចិន ចូលរួមសង្កេតការណ៍ផងដែរ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម