Connect with us

ព័ត៌មានអន្ដរជាតិ

ហេតុអ្វីលោក គីម ជុងអ៊ុន ប្រើប្រាស់រថភ្លើងដើម្បីធ្វើដំណើរទៅក្រៅប្រទេសជាជាងប្រើយន្តហោះ?

បានផុស

នៅ

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ជាធម្មតាធ្វើដំណើរទៅក្រៅប្រទេសតាមរថភ្លើង ជំនួសការធ្វើដំណើរដោយយន្តហោះ ដូចឪពុករបស់លោក គីម ជុងអ៊ីល និងជីតា លោក គីម អ៊ីលស៊ុង ដែរ។ កាលពីថ្ងៃច័ន្ទ លោក គីមក៏បានចាកចេញពីទីក្រុងព្យុងយ៉ាងតាមរថភ្លើងទៅកាន់ទីក្រុងប៉េកាំង ដោយធ្វើតាមប្រពៃណីគ្រួសារដ៏យូរនេះដដែល។

លោក គីម ចុះទៅជួបប្រជាជនកាលគ្រោះទឹកជំនន់ឆ្នាំ ២០២៤។ (រូបភាព៖ KCNA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុអ្វីបានជាលោក គីម ជុងអ៊ុន ប្រើប្រាស់រថភ្លើងធ្វើដំណើរជាជាងជិះយន្តហោះ?

លោក គីម ជុងអ៊ុន កម្រធ្វើដំណើរតាមយន្តហោះណាស់ ដោយសារតែហានិភ័យផ្នែកសុវត្ថិភាព យន្តហោះដែលអាចទុកចិត្តបានមានកម្រិត និងប្រពៃណីគ្រួសារ ដោយសារទាំងឪពុក និងជីតារបស់គាត់ចូលចិត្តប្រើរថភ្លើងពាសដែក។ រថភ្លើងឯកជនរបស់គាត់ត្រូវបានការពារយ៉ាងខ្លាំង ប្រណិត និងមានសុវត្ថិភាពជាងក្នុងការគ្រប់គ្រង ខណៈពេលដែលវាបម្រើជានិមិត្តរូបនៃអំណាច និងការបន្តពីមេដឹកនាំអតីតកាល។

រថភ្លើងទាំងនេះយឺតជាងយន្តហោះ ប៉ុន្តែមានសុវត្ថិភាពជាង មានការពារខ្លាំង និងមានផាសុខភាពគ្រប់គ្រាន់សម្រាប់ដឹកមនុស្សច្រើនជាមួយថ្នាក់ដឹកនាំកូរ៉េខាងជើង។ បើតាមអ្នកជំនាញនិយាយថារថភ្លើងដ៏ទំនើបនេះជារថភ្លើងពាសដែកច្រើនតែរត់សម្រាប់ការការពារ ជាធម្មតាមានទូរថភ្លើងពី ១០ ទៅ ១៥ទូរ។ ទូរទាំងនោះរួមមានបន្ទប់ឯកជនសម្រាប់ថ្នាក់ដឹកនាំ ការិយាល័យដែលមានឧបករណ៍ទំនាក់ទំនង ភោជនីយដ្ឋាន និងកន្លែងពេទ្យ។

(រូបភាព៖ Stringer)

ក្នុងរថភ្លើងក៏មានអង្គរក្ស បុគ្គលិក និងរថយន្តទំនើបការពារដ៏រឹងមាំMercedes-Benz SUV ផងដែរ។ ទូរទស្សន៍កូរ៉េខាងជើងធ្លាប់បានបង្ហាញផ្នែកខាងក្នុងរបស់រថភ្លើងដែលមាន តុបតែងលម្អដោយរបស់របរផ្សេងៗដូចជាសាឡុងពណ៌ផ្កាឈូក ផែនទីនៃប្រទេសចិន និងកូរ៉េ និងអំពូលភ្លើងតុបតែងយ៉ាងស្រស់ស្អាត។

ឪពុក​របស់​លោក គីម គឺ​លោក គីម ជុងអ៊ីល ក៏​ល្បី​ខាង​ប្រើ​រថភ្លើង​ដែរ។ ក្នុងដំណើរកម្សាន្តឆ្នាំ ២០០១ ទៅកាន់ទីក្រុងមូស្គូ រថភ្លើងរបស់គាត់បានដឹកស្រាបារាំងល្អៗ និងបង្កងផ្ទាល់។ ក្រោយ​មក​គាត់​បាន​ស្លាប់​ដោយ​ជំងឺ​គាំង​បេះដូង ខណៈ​កំពុង​ជិះ​រថភ្លើង​មួយ​របស់​គាត់ ដែល​ឥឡូវ​នេះ​ត្រូវ​បាន​គេ​ដាក់​តាំង​នៅ​ក្នុង​ផ្នូរ​របស់​គាត់។ លោក គីម អ៊ីលស៊ុង ស្ថាបនិកប្រទេសកូរ៉េខាងជើង ក៏បានធ្វើដំណើរទៅក្រៅប្រទេសជាចម្បងដោយរថភ្លើង រហូតដល់គាត់បានទទួលមរណភាពនៅឆ្នាំ ១៩៩៤ផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ មានមនុស្សតិចបំផុត ដែលបានឃើញទិដ្ឋភាពខាងក្នុងរថភ្លើង។ នោះរួមទាំងមន្ត្រីរុស្ស៊ីមួយរូបគឺលោក Konstantin Pulikovsky ផងដែរ ដែលនៅក្នុងសៀវភៅ Orient Express របស់គាត់ បានរៀបរាប់ពីមុខម្ហូបអាហារឆ្ងាញ់ៗ ក្នុងអំឡុងពេលធ្វើដំណើរឆ្លងកាត់ចុងបូព៌ារបស់រុស្ស៊ីជាមួយឪពុករបស់លោក គីម គឺលោក គីម ជុងអ៊ីល។

លោក Pulikovsky បានសរសេរថា អ្នកដំណើរអាចជ្រើសរើសមុខម្ហូបចម្រុះ រួមទាំងម្ហូបមកពីកូរ៉េ និងជប៉ុន និងបញ្ជីស្រាដែលរួមមាន Bordeaux និង Burgundy ផងដែរ។ លើសពីនេះ ក្នុងរថភ្លើងមានទាំងសិល្បការិនី ច្រៀងរាំនិងសម្តែងឲ្យភ្ញៀវ មើលកម្សាន្តទៀតផង។

រូបរាងខាងក្នុងរថភ្លើង។ (រូបភាព៖ KCNA)

ការធ្វើដំណើរឆ្លងកាត់ព្រំដែនមានភាពស្មុគស្មាញ។ នៅពេលលោក គីម ទៅលេងរុស្ស៊ី កង់របស់រថភ្លើងត្រូវតែផ្លាស់ប្តូរ ព្រោះផ្លូវរបស់រុស្ស៊ីខុសគ្នា។ តែសម្រាប់​ប្រទេស​ចិន មិន​ចាំបាច់​មាន​ការ​ផ្លាស់​ប្តូរ​ទេ ប៉ុន្តែ​មាន​ក្បាលរថភ្លើង​របស់​ចិន​ចូល​ទៅ​ទាញ​រថភ្លើងរបស់កូរ៉េខាងជើង ដោយប្រទេសចិនតែងតែប្រើប្រាស់ម៉ាស៊ីនពិសេសដែលមានលេខ «០០០១ ឬ ០០០២” សម្រាប់ការធ្វើដំណើរ VIP បែបនេះ។ ល្បឿនរថភ្លើងអាចឡើងដល់ ៨០ គីឡូម៉ែត្រក្នុងមួយម៉ោងនៅក្នុងប្រទេសចិន ប៉ុន្តែមានតែប្រហែល ៤៥ គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះនៅក្នុងប្រទេសកូរ៉េខាងជើង។

លោក គីម ក៏បានប្រើប្រាស់រថភ្លើងទាំងនេះសម្រាប់ការធ្វើដំណើរក្នុងស្រុកទៅទីតាំងមានចម្ងាយឆ្ងាយ ទស្សនាកសិដ្ឋាន និងទីប្រជុំជន ដើម្បីផ្សព្វផ្សាយគំនិតរបស់លោកអំពី «របបកុម្មុយនិស្ត» ។ សម្រាប់លោក គីម រថភ្លើងមិនមែនគ្រាន់តែជាផ្លូវសម្រាប់ធ្វើដំណើរនោះទេ វាគឺជាវិមានដែលសុវត្ថិភាព អនុញ្ញាតឱ្យលោកធ្វើការ រស់នៅ និងផ្ដល់ថាមពលនៅពេលកំពុងធ្វើដំណើរ៕

រថយន្ត Mercedes-Benz SUV (រូបភាព៖ Yonhab)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម