Connect with us

ព័ត៌មានជាតិ

អត្រាពន្ធអាមេរិកជាបញ្ហាប្រឈមរបស់ថៅកែរោងចក្រ ដែលជះឥទ្ធិពលដល់ការចរចាប្រាក់ឈ្នួលឆ្នាំ២០២៦  

បានផុស

នៅ

អត្រាពន្ធបដិការរបស់អាមេរិកបានជះឥទ្ធិពលដល់កិច្ចចរចាប្រាក់ឈ្នួលកម្មករនិយោជិត សម្រាប់ឆ្នាំ២០២៦ បើទោះជាការយកពន្ធរបស់អាមេរិកលើទំនិញកម្ពុជាបានទម្លាក់ក្នុង​អត្រា១៩ភាគរយក៏ដោយ។ នេះគឺជាចំណុចប្រឈមមួយដែលលើកឡើងដោយភាគីនិយោជក ហើយថ្លែងឱ្យដឹងដោយរដ្ឋមន្ត្រីក្រសួងការងារ លោក ហេង សួរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្ត្រី ហេង សួរ គូសបញ្ជាក់ថា ក្រោយការចរចាជាមួយរដ្ឋបាលសហរដ្ឋអាមេរិក បណ្ដាប្រទេសជាច្រើនរាប់ទាំងប្រទេសកម្ពុជា គឺទទួលបាននូវអត្រាពន្ធបដិការទាបជាងមុនក៏ពិតមែន ប៉ុន្តែវានៅតែលើសពីមុនដដែល ហើយបញ្ហានេះក៏បានក្លាយជាចំណុចប្រឈមរបស់ភាគីនិយោជកដែលការអល់អែកដំឡើងប្រាក់ឈ្នួលក្នុងកម្រិតណាមួយនោះឱ្យកម្មករនិយោជិតក្នុងឧស្សាហកម្មវាយនភ័ណ្ឌកាត់ដេរឆ្នាំ២០២៦។

លោករដ្ឋមន្ត្រី លើកឡើងដូច្នេះថា «នៅពេលដែលពន្ធបដិការរបស់អាមេរិកដាក់គ្រប់ប្រទេសទាំងអស់ វាអាចធ្វើឱ្យទំនិញដែលលក់ចុងក្រោយនៅសហរដ្ឋអាមេរិកមានការកើនឡើងជាងមុន។ ចឹងកាលណាកើនឡើងជាងមុន វាអាចធ្វើឱ្យមានការថយចុះនូវតម្រូវការជាសកល ចឹងវាជាចំណុចប្រឈមមួយ»

ក្នុងន័យនេះ សម្រាប់ការចរចាប្រាក់ឈ្នួល ក្រៅពីគោលការណ៍វិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច លោករដ្ឋមន្ត្រី ហេង សួរ ក៏ស្នើភាគីពាក់ព័ន្ធផ្តោតលើបញ្ហាមួយចំនួនថែមទៀតផងដែរ ពិសេសក្នុងខណៈដែលសហរដ្ឋអាមេរិកបានដាក់អត្រាពន្ធខ្ពស់១៩ភាគរយ លើមុខទំនិញរបស់កម្ពុជាដែលនាំចូលទៅក្នុងទីផ្សារប្រទេសមហាអំណោចយក្សមួយនេះ។

រដ្ឋមន្ត្រីការងារ ទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធរួមសហការគ្នា ដោយធ្វើយ៉ាងណានាំនូវបរិយាកាសវិនិយោគ សម្រួលថ្លៃដើមនៃការវិនិយោគ ឬផលិតកម្មនៅកម្ពុជាកាន់តែល្អប្រសើរថែមទៀត ដើម្បីមានលទ្ធភាពទាញគម្រោងវិនិយោគថ្មីៗ ហើយអាចបង្កើតការងារ ជាពិសេសនោះបង្កើនលទ្ធភាពទាញឧស្សាហកម្មដែលជួយបំពេញបន្ថែមនូវខ្សែសង្វាក់ផលិតកម្មក្នុងវិស័យកាត់ដេរ និងស្បែកជើងនៅកម្ពុជា។

គួរជម្រាបថា កិច្ចប្រជុំត្រីភាគីនៃក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ជុំទី២ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥នេះ តំណាងភាគីកម្មករនិយោជិត បានស្នើតួលេខកំណើនចំនួន១០ដុល្លាអាមេរិកលើតួលេខបច្ចុប្បន្នចំនួន២០៨ដុល្លារអាមេរិក ខណៈតំណាងភាគីនិយោជកបានស្នើរក្សាតួលេខបច្ចុប្បន្នចំនួន២០៨ដុល្លារអាមេរិកដដែល៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម